មើលការ​វិវឌ្ឍ​រូបរាង​​រថយន្ត​កាមេរី​ឆ្លាម​និង​បាឡែន ម៉ាក​ពេញនិយម​នៅ​ស្រុក​ខ្មែរ

  • 2017-06-22 06:58:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បាន​ផលិត​រថយន្ត​ម៉ូដែល Camry តាំង​ពី​ឆ្នាំ​ ១៩៨២ មក​ ដោយ​ចាប់​ផ្ដើម​ដំបូង​រថយន្ត​នេះ​ជា​ប្រភេទ Narrow-Body ក្រោយ​មក​នៅ​ឆ្នាំ​ ១៩៩២ ក៏​បាន​ផលិត​ប្រភេទ Wide-Body ​បន្ថែម​ពី​លើ​មួយ​ទៀត។ Narrow-Body បាន​ក្ស័យ​ជីវិត​នៅ​​ត្រឹម​ឆ្នាំ​ ២០០៣ ចំណែក​ឯ​ប្រភេទ Wide-Body នៅ​មាន​ការ​ផលិត​ថ្មី​រហូត​ដល់​បច្ចុប្បន្ន។

ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ត្រួស​ពី​ Camry ​ទាំង​ប្រភេទ Narrow-Body និង Wide-Body ដែល​​សរុប​ទៅ​ចេញ​បាន​ ១១ ជំនាន់​៖

​​@Narrow-Body

Camry V10 (១៩៨២ – ១៩៨៦)

ម៉ូដែល​ Camry ដំបូង​គឺ​ផលិត​នៅ​ឆ្នាំ​ ១៩៨២ ដែល​មាន​​កូដ​សម្គាល់​ម៉ូដែល​គឺ V10។ ដំណើរ​ការ​​នៃ​ការ​ផលិត​រថយន្ត​នេះ​បាន​លេច​ចេញ​ជា​រូបរាង​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៧៣ ប៉ុន្តែ​ដោយ​សារ​វិបត្តិ​ប្រេង ទើប​ត្រូវ​អូស​បន្លាយ​ពេល​រហូត​ដល់​ឆ្នាំ​ ១៩៨២។

​​​Camry V20 (១៩៨៦ – ១៩៩០)

Camry ជំនាន់​ទី​ពីរ​បាន​ចេញ​លក់​នៅ​ប្រទេស​ជប៉ុន​អំឡុង​ខែ​សីហា ឆ្នាំ​ ១៩៨៦ រហូត​ដល់​ចុង​ឆ្នាំ​ ១៩៨៦ ទើប​​មាន​ការ​ដាក់​លក់​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក។ បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ​ ១៩៨៧ បញ្ចេញ​លក់​នៅ​ទីផ្សារ​ប្រទេស​អូស្ត្រាលី។

​​​Camry V30 (១៩៩០ – ១៩៩៤)

នៅ​ខែ​កក្កដា ឆ្នាំ​ ១៩៩០ Camry ជំនាន់​ទី​បី​នេះ​បាន​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន។ ការ​រចនា​រូបរាង​របស់​ Camry V30 ជា​ស្នាដៃ​របស់​អ្នក​ឌីហ្សាញ​ឈ្មោះ​ Osamu Shikado ដែល​ឌីហ្សាញ​នៅ​ឆ្នាំ ១៩៨៨។

​​​Camry V40 (១៩៩៤ – ១៩៩៨)

បន្ទាប់​ពី​ចេញ​ Camry ជំនាន់​ទី​បី​បាន ៤ ឆ្នាំ Toyota ក៏​បន្ត​ប្រកាស​ចេញ Camry ជំនាន់​ទី​បួន V40 ដែល​ចេញ​លក់​នៅ​ជប៉ុន​នា​ខែ​កក្កដា ឆ្នាំ​ ១៩៩៤។ Toyota បាន​អាប់ដេត Camry V40 នៅ​ឆ្នាំ​ ១៩៩៦ ដោយ​បន្ថែម​​ប្រព័ន្ធ​ហ្វ្រាំង Anti-Lock និង បន្ថែម​ពោង​សុវត្ថិភាព​ពីរ​ជា​ជម្រើស​ស្តង់ដារ។

Camry V50 (១៩៩៨ - ២០០៣)

Camry V50 ជា​ជំនាន់​ទី​ប្រាំ​នៃ​​ប្រភេទ Narrow-Body ហើយ​ក៏​ជា​ជំនាន់​ចុង​ក្រោយ​ដែរ។ ការ​ចេញ​លក់​ដំបូង​គឺ​នៅ​ឆ្នាំ​ ១៩៩៨ ហើយ​រហូត​ដល់​ខែ​កក្កដា ​ឆ្នាំ​ ២០០៣ ការ​ផលិត​នៃ​ V50 នេះ​ក៏​បាន​ផ្អាក។

@Wide-Body

Camry XV10 (១៩៩២ – ១៩៩៦)

​XV10 ជា​ការ​ចាប់​កំណើត​នៃ​​រថយន្ត Camry ប្រភេទ Wide-Body។ XV10 ជា​ម៉ូដែល​​សម្រាប់​លក់​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​ជប៉ុន​ រួម​មាន​​ប្រទេស​អូស្ត្រាលី​ និង អាមេរិក​ខាង​ជើង ដែល​វា​មាន​ទំហំ​ធំ​ទូលាយ​ជាង​​ Camry​ V30 ដែល​លក់​ផ្ដាច់​មុខ​​តែ​នៅ​ប្រទេស​​ជប៉ុន។

Camry XV20 (១៩៩៧ – ២០០១)

នៅ​ចុង​ឆ្នាំ​ ១៩៩១ ដំណើរ​ការ​ផលិត​ Camry XV20 ចាប់​ផ្ដើម​ឡើង ប៉ុន្តែ​ការ​​រចនា​រូបរាង​​បាន​ជាប់​គាំង​នៅ​ឆ្នាំ ១៩៩៤។ យ៉ាងណាក្ដី​នៅ​ខែ​កញ្ញា ឆ្នាំ ១៩៩៦ រថយន្ត​នេះ​ក៏​បាន​បង្ហាញ​វត្តមាន​ឡើង​នៅ​សហរដ្ឋអាមេរិក និង​នៅ​ខែ​ធ្នូ​ឆ្នាំ​ដដែល​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ជប៉ុន។ នៅ​ប្រទេស​កម្ពុជា​និយម​ហៅ​ Camry ជំនាន់​ទី​ពីរ​នេះ​ថា​ជា Camry ឆ្លាម។

​​​Camry XV30 (២០០២ – ២០០៦)

XV30 បាន​ចេញ​លក់​នៅ​ឆ្នាំ​ ២០០១ សម្រាប់​ម៉ូដែល​ឆ្នាំ ២០០២ ដោយ​រូបរាង​​មាន​ការ​រចនា​ថ្មី​ស្ទើរ​ខុស​ពី​ជំនាន់​មុន​ទាំង​ស្រុង​ ហើយ​ទំហំ​​​ធំ​​ទូលាយ​ជាង​ XV20 ដែរ។ Camry ​បាឡែន​ជា​ឈ្មោះ​ដែល​គេ​និយម​ហៅ​នៅ​ប្រទេស​កម្ពុជា​នេះ។

Camry XV40 (២០០៧ – ២០១១)

XV40 ជា​រថយន្ត​ Camry ដំបូង​គេ​ដែល​មាន​ប្រព័ន្ធ​ម៉ាស៊ីន​កូន​កាត់ (Hybrid) ប្រេង​ឥន្ធនៈ/អាគុយ ដែល​អាច​សន្សំ​សំចៃ​ថាមពល​បាន​មួយ​កម្រិត។ រថយន្ត​នេះ​ចាប់​ផ្ដើម​ផលិត​នៅ​ឆ្នាំ​ ២០០៦ រហូត​ដល់ ឆ្នាំ ២០១១ ដែល​មាន​ម៉ូដែល​ឆ្នាំ ២០០៧ ដល់ ២០១១។

​​Camry XV50 (២០១២ – ២០១៧)

XV50 ចាប់​ផ្ដើម​​ប្រកាស​ចេញ​នៅ​​ថ្ងៃ​ទី ២៣ ខែ​សីហា ២០១១ និង ចាប់​ផ្ដើម​លក់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ក្នុង​ខែ​កញ្ញា ឆ្នាំ​ដដែល។ រូបរាង​ពី​ក្នុង​មាន​ការ​រចនា​ថ្មី ចំណែក​រូបរាង​ក្រៅ​ក៏​មាន​ការ​អាប់ដេត​ឲ្យ​កាន់​តែ​មាន​អំណាច​ជាង​មុន​ផង​ដែរ។

​Camry XV70 (២០១៧ – បច្ចុប្បន្ន)

​ XV70 ជា​​ប្រភេទ Wide-Boy ជំនាន់​ចុង​ក្រោយ​បង្អស់​ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ ២០១៧ កន្លង​ទៅ។ ជំនាន់​ចុង​ក្រោយ​នេះ​មិន​ទាន់​ចេញ​លក់​នៅ​ឡើយ​ទេ ប៉ុន្តែ​រំពឹង​ថា​នឹង​លក់​នៅ​អាមេរិក​នៅ​ចន្លោះ​ខែ​មិថុនា - កញ្ញា ខាង​មុខ ហើយ​​នៅ​ចុង​ឆ្នាំ ២០១៧ នឹង​មាន​លក់​នៅ​ជប៉ុន, ថៃ, ឥណ្ឌូណេស៊ី, អូស្ត្រាលី និង ប្រទេស​ដទៃ​ទៀត។ Camry ម៉ូដែល ២០១៨ នេះ​មាន​តម្លៃ​លក់​នៅ​ទីផ្សារ​អាមេរិក​ចាប់​ពី ២៤ ៨០០ ដុល្លារ៕

ចុចអាន៖

ប្រភព៖ Autoevolution | Wikipedia   ប្រែ​សម្រួល៖ សុខហេង