លេចចេញខ្សែអាត់សំឡេង ក្នុងថ្ងៃ Chester Bennington ស្លាប់ហើយ
- 2017-07-25 02:31:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចចេញខ្សែអាត់សំឡេង ក្នុងថ្ងៃ Chester Bennington ស្លាប់ហើយ
ចន្លោះមិនឃើញ
ព័ត៌មានពីការស្លាប់របស់តារាចម្រៀងប្រចាំក្រុម Linkin Park កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅជុំវិញពិភពលោក។
ព្រឹកនេះវិបសាយព័ត៌មាន Daily Mail បានប្រាប់ឲ្យដឹងថា សាកសពរបស់តារាចម្រៀង Chester Bennington ត្រូវបានប្រទះឃើញដោយអ្នកបម្រើក្នុងផ្ទះ ក្រោយលោកធ្វើឃាតខ្លួនឯង កាលពីសប្ដាហ៍មុន។ នេះបើតាម ៩១១ (ក្រុមសង្គ្រោះបន្ទាន់) បានឲ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញ។
ប៉ូលិសក្នុងក្រុមហ៊ុនអចលនទ្រព្យ Palos Verdes Estates (ផ្ទះដែល Chester រស់នៅ) បានបង្ហាញអាត់សំឡេងដែលបុរសអ្នកបើកបរម្នាក់ទាក់ទងទៅកាន់ក្រុមការងារសង្រ្គោះបន្ទាន់ ៩១១ ដើម្បីរាយការណ៍ពីការស្លាប់ របស់តារាចម្រៀងវ័យ ៤១ឆ្នាំរូបនេះ។
អ្នកបើកបររូបនោះបានប្រាប់សមត្ថកិច្ចថា លោកបានមកដល់ផ្ទះរបស់ Chester ហើយស្រាប់តែអ្នកបម្រើក្នុងផ្ទះប្រាប់ថា នាងបានប្រទះឃើញសាកសពរបស់តារាប្រុសរូបនោះចងក ស្លាប់ក្នុងបន្ទប់គេង។
ក្នុងខ្សែអាត់សំឡេងឮសូរអ្នកបម្រើរូបនោះ ស្រែក និងយំអណ្ដឺតអណ្ដកខ្លាំងណាស់។ ប៉ុន្តែក្នុងនោះបុរសអ្នកបើកបរដដែលក៏បាននិយាយថា៖ "ពេលនោះអ្នកបម្រើបានចេញមកក្រៅ និងប្រាប់ហេតុការណ៍ដែលបានឃើញ។ ខ្ញុំមិនបានឃើញសាកសពទេ ព្រោះខ្ញុំអង្គុយនៅក្នុងឡាន ក្រៅផ្ទះទេ"។
យ៉ាងណាក្ដី បន្ទាប់ពិស្រាវជ្រាវប៉ុន្មានថ្ងៃមក ថ្ងៃចន្ទម្សិលមិញនេះ ក្រុមការងារពិនិត្យសាកសព ក្នុងទីក្រុង Los Angeles បានប្រកាសជាផ្លូវការថា ការស្លាប់របស់លោក Chester Bennington ពិតជាមកពីការធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនឯងមែន។
Chester បានចងកជាមួយទ្វារ ក្នុងបន្ទប់ ស្របពេលដែលមិនមានអ្នកណានៅក្នុងផ្ទះ និងចំថ្ងៃខួបកំណើតមិត្តជិតស្និទ្ធរបស់ខ្លួន លោក Chris Cornell ដែលទើបស្លាប់ដោយចងកខ្លួនឯងដែរ កាលពីខែឧសភា។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងដ៏សំខាន់ម្នាក់របស់ក្រុម Linkin Park រូបនេះ បានសម្លាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្នុងទីក្រុង Los Angeles។ រឿងរ៉ាវទាក់ទងនឹងមរណភាពរបស់លោកធ្វើឲ្យម្នាក់ៗតក់ស្លុតខ្លាំងណាស់ ស្ទើរមិនជឿថាលោកសម្រេចបញ្ចប់បញ្ហាដោយវិធីនេះឡើយ៕
ចុចអាន៖