អតីត​ជយ​លាភី​គ្រូ​បង្រៀន​ឆ្នើម ប្រាប់​គន្លឹះ​​យក​​ពិន្ទុ​ខ្ពស់​ថ្ងៃ​ប្រឡង​បាក់​ឌុប

  • 2017-07-25 02:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ឱ្យ​សិស្សានុសិស្ស​ថ្នាក់​ទី​ ១២​ ដែល​ត្រៀម​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុប​ អាច​ទទួល​បាន​ពិន្ទុ​ច្រើន​ក្នុង​ពេល​ប្រឡង​ លោក​គ្រូ​ ហៃ​ ប៉ាហ៊ិន​ អតីត​ជ័យ​លាភី​គ្រូ​បង្រៀន​ឆ្នើម​ ឆ្នាំ​សិក្សា​ ២០១៣-២០១៤​ បាន​ប្រាប់​គន្លឹះ​ខ្លីៗ​មួយ​ចំនួន​ដូចខាងក្រោម៖

លោក​គ្រូ​ ហៃ​ ប៉ាហ៊ិន​

គ្រូ​បង្រៀន​មុខ​វិជ្ជា​គណិតវិទ្យា បាន​លើក​ឡើង​ថា​ សិស្សា​នុ​សិស្ស​ទាំង​អស់​ត្រូវ​មើល​លំហាត់​ ឬ​សំណួរ​ឱ្យ​អស់​សិន​ មុន​នឹង​ចាប់​ផ្ដើម​ធ្វើកិច្ចការ។​ ចំណុច​​សំខាន់ ​គឺ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ពី​សំណួរ ​ឬ​លំហាត់​​ងាយ​ស្រួល​មុន ​ដើម្បី​សន្សំ​ពិន្ទុ​ ប៉ុន្តែ​ប្រសិន​បើ​ងាយ​ស្រួល​គ្រប់​សំណួរ​ ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ពី​សំណួរ ​ឬ​លំហាត់​ណា ​​​មាន​ពិន្ទុ​ច្រើន​មុន​ ជៀស​​វាង​​ប្រការ​ណាមួយ​កើត​ឡើង​ដោយ​ចៃដន្យ​ បង្ករ​ឱ្យ​សាម៉ី​ខ្លួន​ប្រឡង​លែង​កើត​ ដូចជា​ បញ្ហា​សុខភាព​ជា​ដើម​។

អតីត​ជ័យ​លាភី​គ្រូ​បង្រៀន​ឆ្នើម​ខាង​លើ ​​​បញ្ជាក់​បន្ថែម​ថា​ សិស្ស​ដែល​បាន​ធ្វើ​រួច​រាល់​មុន​ម៉ោង​ មិន​ត្រូវ​យក​ទៅ​ដាក់​មុន​ម៉ោង​​ទេ​ ត្រូវ​អង្គុយ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ច្បាស់​ឡើង​វិញ​ ជាពិសេស​ការ​គិត​លេខ​​ ព្រោះ​លំហាត់​ខ្លះ​ស្រួល​ ប៉ុន្តែ​បើ​ការ​គិត​លេខ​ខុស​តែ​បន្តិច​ នឹង​នាំ​ឱ្យ​ការ​ខំប្រឹង​ប្រែង​ក្លាយ​ជា​​អសារបង់​​មិន​ខាន។

មួយ​វិញ​ទៀត​សិស្សថ្នាក់ទី​ ១២​ ត្រូវ​ស្វែងរក​អត្រា​កំណែ​ចាស់​ ដើម្បី​ឱ្យ​ដឹង​ថា​ ការ​សរសេរ​របៀប​ណា​ ទទួល​បាន​ពិន្ទុ​ និង​ការ​សរសេរ​របៀប​ណា​មិន​ទទួល​បាន​ពិន្ទុ​ ជៀស​វាង​ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ និង​ធ្វើ​ត្រូវ​តែ​មិន​ទទូល​បាន​ពិន្ទុ។

លោក​គ្រូ​ ហៃ​ ប៉ាហ៊ិន​ ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ជ័យ​លាភី​គ្រូ​បង្រៀន​ឆ្នើមលេខ ៣ ​ឆ្នាំ​សិក្សា​ ២០១៣-២០១៤​ ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ហើយ​បច្ចុប្បន្ន​លោក​គ្រូ​ បង្រៀន​នៅ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុន​សែន​ស្លារម​ ក្នុង​ខេត្ត​តាកែវ៕

អត្ថបទ៖ សូទ្រី

អត្ថបទថ្មី