​​​​ទឹម រដ្ឋា-ដួង​ ម៉ានិច​ ស្លៀក​រ៉ូប​ច្នៃ​ចេញ​​សូត្រ​ និង​ក្រមា​ខ្មែរ​តែ​តម្លៃ​វិញ​មិនធម្មតា (​វីដេអូ​)​

  • 2017-07-27 04:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​​សន្និសីទ​សារព័ត៌មាន​លើក​ទី​២​ ស្ដី​អំពី​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​៤​ មហា​ស្រព​សិល្បៈ​ដណ្ដាំ​​ម្ហូប​អាហារ​លើក​ទី​១៨​ និង​បង្ហាញ​ទម្រង់​សំលៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​លើក​ទី​១៧​នេះ​ ទឹម រដ្ឋា និង​ ដួង​ ម៉ានិច បាន​​ឈរ​កាច់ឫក​ កាច់​រាង​ដាក់​គ្នា​ជាមួយ​សំលៀក​បំពាក់​ដែល​ច្នៃ​ចេញ​​សូត្រ និង​ក្រមា​។

បើ​តាម​លោក​ អិត វាសនា នាយក​​ខ្មែរ​ឌីហ្សាញ​​បាន​លើក​ឡើង​ថា រ៉ូប​ដែល​កញ្ញា ទឹម រដ្ឋា ស្លៀក​​គឺ​ជា​រ៉ូប​រាត្រី​ស្រមោល​ស​​ ច្នៃ​ចេញ​ពី​ក្រណាត់​សូត្រ​ខ្មែរ​​មាន​តម្លៃ​១២០០ ដុល្លារ​អាមេរិក​។ ចំណែក​ឯ​រូប​រាត្រី​ស្រមោល​ស​ កញ្ញា ដួង ម៉ានិច​ វិញ​​ច្នៃ​ចេញ​ពី​ក្រមា​ខ្មែរ តម្លៃ​៣០០ ដុល្លារ​។

នាយក​ ខ្មែរ​ឌីហ្សាញ​រូប​នេះ​បន្ត​ថា​៖ ​“បាទ​វត្ត​មាន​ ទឹម រដ្ឋា និង​ ដួង ម៉ានិច ឈរ​កាច់ឫក​រាង​បង្ហាញ​ពុក​ម៉ែ​បង​ប្អូន​មក​ចូល​រួម​ថ្ងៃ​នេះ​ គឺ​ក្នុង​គោល​បំណង​ជួយ​លើក​ស្ទួយ​កំណត់​ហូល​ផាមួង​ និង​ក្រមា​របស់​ខ្មែរ​ យើង​អាច​យក​ទៅ​កែ​ច្នៃ​ចេញ​ជា​ឈុត​រាត្រី​ស្រមោល​ស​បាន​យ៉ាង​ស្រស់​ស្អាត​ រ៉ូប​ទាំង​ពីរ​ហ្នឹង​ខ្ញុំ​ប្រើ​ពេល​កាត់​តែ​មួយ​ថ្ងៃ​ទេ​​"។

កម្មវិធី​សន្និសីទ​សារព័ត៌មាន​លើក​ទី​២​នេះ​ដែរ​ លោក ទេព សិដ្ឋាន់ណា​ អគ្គនាយក​រង​ក្រុម​ហ៊ុន​សិរីមង្គល​ បាន​មាន​ប្រសាសន៍​ថា​ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​​អាពាហ៍ពិពាហ៍​ខ្មែរ​ក្នុង​សម័យ​ហ្វូណន​ ចេនឡា និង​ម៉ូដ​សំលៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ព្រម​ទាំង​បង្ហាញ​មុខ​ម្ហូប​ និង​បង្អែម​ខ្មែរ​​ដែល​ធ្វើ​ចេញ​ពី​ផ្លែ​ត្នោត​។

“សន្និសីទ​សារព័ត៌មាន​ថ្ងៃ​នេះ​ យើង​ធ្វើ​ឡើង​ក្នុង​គោល​បំណង ចង់​បង្ហាញ​​សំលៀក​បំពាក់​រៀប​មង្គល​ការ​នៅ​សម័យ​ហ្វូណន​ ចេនឡា និង​ម៉ូដ​សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ឲ្យ​កូន​ខ្មែរ​បាន​ឃើញ​ ក្រៅ​ពី​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​យើង​ក៏​មាន​ការ​បង្ហាញ​មុខ​ម្ហូប​ប្រពៃ​ណី​ខ្មែរ​ដែល​ផលិត​ចេញ​ពី​ផ្លែ​ត្នោត​ផង​ដែរ​"។ អគ្គនាយក​រង​ក្រុម​ហ៊ុន​សិរីមង្គល​ថ្លែង​បញ្ជាក់​។

សន្និសីទ​ការ​សែត​ព្រឹក​មិញ​នេះ​ដែរ​មាន​ការ​អញ្ជើញ​ចូល​រួម​ ពីសំណាក់​ ឯកឧត្ដម​ឧទ្ទេសាចារ្យ ញាណ ភឿន អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា​​​​ លោក ហ៊ឹម វិបុលផល ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​​។ គួរ​បញ្ជាក់​ថា​ ការ​តាំង​ពិព័រណ៍​លើក​ទី​៤ មហា​ស្រព​សិល្បៈ​បណ្ដាំ​ស្ល​ម្ហូប​អាហារ​លើក​ទី​១៨ និង​ការ​បង្ហាញ​ទម្រង់​ម៉ូដ​សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ​លើក​ទី​១៧​ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៥-៦ ខែ សីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​។

ទស្សនា វីដេអូ ទឹម រដ្ឋា និង ដួង ម៉ានិច ឈរ​កាច់ឫក​ កាច់​រាង​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​​​​

​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន