គោលដៅកម្ចី ៥ប្រភេទល្អបំផុត អាចនាំឲ្យគ្រួសារមានភាពរីកចម្រើន
- 2017-07-31 01:11:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គោលដៅកម្ចី ៥ប្រភេទល្អបំផុត អាចនាំឲ្យគ្រួសារមានភាពរីកចម្រើន
ចន្លោះមិនឃើញ
ជាការពិតការខ្ចីលុយពីធនាគារ ដោយខ្វះការវិភាគពីហានិភ័យ និងគោលដៅច្បាស់លាស់អាចនាំឱ្យមានបញ្ហាក្នុងជីវភាពរស់នៅ ប៉ុន្តែបើខ្ចីចំគោលដៅ យកទៅប្រើប្រាស់ដើម្បីភាពរីកចម្រើនក្នុងគ្រួសារនោះគឺជាកម្ចីល្អ។ ខាងក្រោមនេះជាការលើកឡើងរបស់ លោកសាស្ត្រាចារ្យ វេង ហៀង បង្រៀនផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យឯកជនមួយ ពីប្រភេទកម្ចីល្អបំផុតសម្រាប់គ្រួសារ៖
១. កម្ចីបង្កើនដើមទុន
សាស្ត្រាចារ្យបណ្ឌិតផ្នែកសេដ្ឋកិច្ច វេង ហៀង បានប្រាប់ថា កម្ចីប្រភេទនេះទោះបីប្រឈមហានិភ័យខ្លះមែនប៉ុន្តែជាកម្ចីមានផលល្អ។ កម្ចីបង្កើនដើមទុននេះសំដៅថា អ្នកខ្ចីលុយពីធនាគារមានដើមទុនខ្លួនឯងខ្លះហើយនៅក្នុងដៃ ដើម្បីបង្កើតអាជីវកម្មមួយដែលបានរៀបចំផែនការច្បាស់លាស់រួចហើយ ប៉ុន្តែនៅខ្វះដើមទុនបន្ថែមទៀត មិនមែនខ្ចីទាំងស្រុងឡើយ។ ដូច្នេះជម្រើសល្អមួយ គឺត្រូវខ្ចីលុយបន្ថែមពីធនាគារ ចំណែកធនាគារក៏មានទំនុកចិត្តផ្ដល់កម្ចីទៅអតិថិជននោះដែរ។ យ៉ាងណាក្ដីអ្នកខ្ចីត្រូវធានាថា ពិតជាមានទុនបម្រុងសម្រាប់ទ្រទ្រង់ការខាតបង់រយៈពេលវែង ពេលដំណើរការអាជីវកម្ម និងអាចមានលទ្ធភាពគ្រប់គ្រាន់សងត្រឡប់ទៅធនាគារ។
២.កម្ចីពង្រីកមុខរបរដែលមានស្រាប់
លោកសាស្ត្រាចារ្យ វេង ហៀង លើកឡើងទៀតថា កម្ចីប្រភេទនេះ មានលក្ខណៈស្រដៀងកម្ចីខាងលើដែរ តែខុសគ្នាត្រង់ថា មួយខ្ចីដើម្បីបើកអាជីវកម្ម និងមួយខ្ចីដើម្បីពង្រីកអាជីវកម្ម។ ប្រភេទកម្ចីនេះនឹងជួយឱ្យអាជីវកម្មគ្រួសារកាន់រីកដុះដាល និងមានភាពរីកចម្រើន។ ប្រជាពលរដ្ឋដែលមានការយល់ដឹងច្បាស់លាស់ពីការខ្ចីតែងប្រើវិធីសាស្ត្រនេះ ពង្រីកអាជីវកម្មដែលមានស្រាប់ ហើយខ្ចីក្នុងកម្រិតតិចតួចមិនមែនរាប់ពាន់ដុល្លារទេ។ ឧទាហរណ៍ថា គ្រួសារមួយមានកសិដ្ឋានចិញ្ចឹមជ្រូកលក់ តែខ្វះបារដើម្បីបង្កាត់ពូជ។ ដូច្នេះដើម្បីបង្កើនបារជ្រូក គេត្រូវខ្ចីលុយពីធនាគារ ដើម្បីទិញជ្រូកដាក់បន្ថែម នៅពេលលក់ជ្រូកដាច់ អាចសងត្រឡប់ទៅកាន់ធនាគារវិញ។
៣. កម្ចីទិញផ្ទះ២នាក់ប្ដីប្រពន្ធ
ខ្ចីលុយ ដើម្បីទិញផ្ទះអាចប្រឈមហានិភ័យច្រើន ប្រសិនប្រាក់ចំណូលនៅកម្រិតមធ្យម។ ប៉ុន្តែប្រសិនបើពីរនាក់ប្ដីប្រពន្ធធ្វើការទាំងពីរនាក់ អាចរកចំណូលបានលើសពី ៨០០ដុល្លារក្នុងមួយខែអាចខ្ចីលុយពីធនាគារដើម្បីទិញផ្ទះបាន បើមិនជ្រើសរើសវិធីរំលស់។ សាស្ត្រាចារ្យ វេង ហៀង ប្រាប់ថា ធនាគារភាគច្រើនអាចផ្ដល់កម្ចីត្រឹម ៧០%នៃតម្លៃផ្ទះ ចំណែក៣០%ទៀតត្រូវកក់ឱ្យម្ចាស់ផ្ទះ។ ដូច្នេះក្នុងមួយខែ អាចត្រូវចំណាយខ្ទង់ ៣០០ ឬ៤០០ដុល្លារបង់ឱ្យធនាគារក្នុងកាលកំណត់ណាមួយ។
កម្ចីប្រភេទនេះជួយឱ្យពីរនាក់ប្ដីប្រពន្ធឆាប់មានផ្ទះនៅផ្ទាល់ខ្លួន តែត្រូវធានាថា លុយដើម្បីសងទៅធនាគារ គឺសល់ពីការចំណាយចាំបាច់ប្រចាំថ្ងៃ ប្រសិនបើវិភាគឃើញថា បង់ឱ្យធនាគារហើយការចាយវាយនៅខ្វះខាតសូមកុំប្រថុយ ព្រោះមានកត្តាផ្សេងទៀតត្រូវគិតឱ្យច្បាស់ដូចជាលុយទុកព្យាបាលជំងឺជាដើម។
៤. កម្ចីក្នុងថ្លៃឱកាស
កម្ចីប្រភេទនេះ សំដៅដល់ការខ្ចីលុយពីធនាគារ ដើម្បីចាប់យកឱកាសល្អណាមួយហក់ចូលក្នុងទីផ្សារដូចជា ការទិញប័ណ្ណភាគហ៊ុនពីរដ្ឋាករទឹក ការសេងហាងបន្ត ឬចូលភាគហ៊ុនជាមួយក្រុមហ៊ុនណាមួយ។ កម្ចីប្រភេទនេះទាមទារឱ្យអ្នកខ្ចីមានចំណេះដឹងគ្រប់គ្រាន់ផ្នែកសេដ្ឋកិច្ច មានគំនិតជាសហគ្រិនភាព មានលុយច្រើនក្នុងដៃ និងមានប្រាក់ចំណូលថេរ។ ដោយហេតុថា ការឈានជើងរកស៊ីមិនអាចធានាជោគជ័យ១០០%នោះទេ ហើយត្រូវរង់ចាំពេលវេលាក្នុងរយៈពេលវែង។
ដូច្នេះហើយត្រូវសិក្សាឱ្យបានច្បាស់លាស់ វិភាគពីហានិភ័យឱ្យគ្រប់ជ្រុងជ្រោយ។ ប្រសិនបើការខ្ចីលុយនោះយកទប្រើចំគោលដៅ និងមានគោលការណ៍ច្បាស់លាស់ កម្ចីប្រភេទនេះអាចឱ្យជោគជ័យដោយនឹកស្មានមិនដល់។ សាស្ត្រាចារ្យបណ្ឌិត វេង ហៀង បន្ថែម។
៥. កម្ចីរយៈពេលខ្លី
កម្ចីរយៈពេលខ្លីនេះ សំដៅដល់ការខ្ចីលុយពីធនាគារ ដើម្បីបង្វិលដើមទុន ឬកែច្នៃបន្ថែមបន្ថយ ក្នុងអាជីវកម្ម ដើម្បីឱ្យមានភាពទាក់ទាញ កាន់តែរីកចម្រើន។ អ្នកខ្ចីលុយប្រភេទនេះភាគច្រើនគឺមានលុយខ្លួនឯងហើយ ប៉ុន្តែលុយនោះអាចនៅជាប់អតិថិជន ឬយកទៅប្រើលើអ្វីដែលចាំបាច់សិន។ ដូច្នេះអាចខ្វះលុយបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីថែមថយ ចាំបាច់ត្រូវការខ្ចីលុយក្នុងការជួសជុល កែច្នៃក្នុងរយៈពេលខ្លីណាមួយ។ ក្រោយរកលុយបានមកវិញ អាចបង្វិលទៅធនាគារដោយមិនមានបញ្ហា៕
ចុចអានអត្ថបទពាក់ព័ន្ធ៖
IMF គាំទ្ររដ្ឋាភិបាលកម្ពុជា លើកស្ទួយ ការប្រើប្រាស់លុយរៀល
មុនខ្ចីលុយពីធនាគារ ត្រូវគិតឲ្យច្បាស់ពីគោលដៅ ៥នេះ ប្រយ័ត្ននាំទុក្ខដាក់ខ្លួន
អារ៉ាប់ ចាប់អារម្មណ៍វិនិយោគលើវិស័យប្រេងកាតនៅកម្ពុជា