iPod Nano​ ​មាន​ប្រវត្តិ​ដ៏​ចម្លែក​ ​ក្រោយ​ចេញ​លក់​បាន​ ​១២​ ​ឆ្នាំ

  • 2017-08-01 02:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPod Nano​ ​ជា​ឧបករណ៍​ស្ដាប់​ចម្រៀង​ដ៏​ពេញ​និយម​មួយ​កាល​ពី​ ​១២​ ​ឆ្នាំ​មុន​ ​ប៉ុន្តែ​ក្រោយ​ ​iPhone លេចចេញ​វត្តមាន​ ​ទីផ្សារ​លក់​ ​iPod Nano ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ​រហូត​ដល់​ខែ​ ​កក្កដា​ ​ឆ្នាំ ២០១៧ ក្រុមហ៊ុន Apple ក៏​បាន​ផ្ដាច់​ការ​លក់​ឧបករណ៍​នេះ​ចោល​តែ​ម្ដង។ Sabay​សូម​បង្ហាញ​ត្រួសៗ​អំពី​ដើម​កំណើត​និង​ប្រវត្តិ​នៃ​ការ​បង្ហាញ​ខ្លួន​របស់​ ​iPod Nano​ ​តាំង​ពី​ជំនាន់​ដំបូង​ ​ដល់​ជំនាន់​ចុង​ក្រោយ​បង្អស់។

  • ជំនាន់​ទី​ ​១​ ​ឆ្នាំ​ ​២០០៥:

ជំនាន់​ដំបូង​បង្អស់​នៃ iPod Nano គឺ​បង្ហាញ​ខ្លួន​នៅ​អំឡុង​ឆ្នាំ ២០០៥ ដែល​កាល​នោះ​លោក Steve Jobs នៅ​មាន​វត្តមាន​ក្នុង​ក្រុមហ៊ុន Apple នៅ​ឡើយ។ ជំនាន់​ទី ១ មាន​ពណ៌ ខ្មៅ, ស ដែល​មាន​ពណ៌​ប្រាក់​នៅ​ខ្នង​ក្រោយ។ រូបរាង​បែប​សាមញ្ញ ដោយ​មាន​ប៊ូតុង ៤ គ្រាប់ មាន MENU, ប៊ូតុង​ទៅ​មុខ​និង​ក្រោយ, ប៊ូតុង Pause/Start។

  • ជំនាន់​ទី ២ ឆ្នាំ ២០០៦:

កន្លង​ទៅ​ ១ ឆ្នាំ Apple បាន​ដាក់​បង្ហាញ​ជំនាន់​ទី ២ ដោយ​វិវត្ត​រូបរាង​មាន​លក្ខណៈ​កោង​សង​ខាង​ ហើយ​ជម្រើស​ពណ៌​ស្អាតៗ​បន្ថែម។ យ៉ាងណាមិញ​ជម្រើស​ពណ៌​ទាំង​នេះ អាច​ឲ្យ​យើង​នឹក​ឃើញ​ដល់​កាល iPhone 5c បង្ហាញ​ខ្លួន ដែល​មាន​ពណ៌​ស្រស់ៗ​ទាក់ទាញ​ជា​ខ្លាំង។

  • ជំនាន់​ទី ៣ ឆ្នាំ ២០០៧:

ចូល​ដល់​ជំនាន់​ទី ៣ នេះ ត្រូវ​ជា​ឆ្នាំ​ដែល iPhone ដំបូង​បង្ហាញ​ខ្លួន ព្រម​ជាមួយ​ការ​ចាប់ផ្ដើម​នៃ​គេហទំព័រ YouTube​ ​ជាហេតុ​ធ្វើ​ឲ្យ​ Apple បាន​ពង្រីក​អេក្រង់​ iPod Nano កាន់​តែ​ធំ​ឡើង ឡើង​ដល់ ២ អ៊ីញ​ ងាយ​ស្រួល​ដល់​ការ​ទស្សនា​វីដេអូ​ចម្រៀង។ ពណ៌​ ​២​ ​ថ្មី​បាន​បន្ថែម​រួម​មាន ទឹក​សមុទ្រ​ស្រាល និង​បៃតង​ស្រាល។

  • ជំនាន់​ទី ៤ ឆ្នាំ ២០០៨:

ចូល​ដល់​ឆ្នាំ​បន្ទាប់ Apple បាន​ប្ដូរ​យុទ្ធសាស្ត្រ​កែ​រូបរាង​ពី​ទទឹង​ធំ មក​ទទឹង​រាង​តូច ទ្រវែង​វិញ។​ អេក្រង់​រីក​បណ្ដោយ និង​មាន​ជម្រើស​ពណ៌​សរុប​​ដល់ ៩ ពណ៌​ ​ហើយ​ឆ្នាំ ២០០៨ នេះ iPod Touch ជំនាន់​ទី ១ ក៏​បាន​បង្ហាញ​ខ្លួន​ដូច​គ្នា។

  • ជំនាន់​ទី ៥ ឆ្នាំ ២០០៩:

២០០៩ ជា​ឆ្នាំ​ដែល iPod Nano បាន​ទទួល​ការ​បញ្ចូល​កាមេរ៉ា​មួយ​គ្រាប់​នៅ​ខ្នង​ក្រោយ​ ​ទំហំ​អេក្រង់​រាង​ពង្រីក​ធំ​ជាង​មុន​បន្តិច។​ របាយការណ៍​ខ្លះ​បាន​ជឿជាក់​ថា​តាម​ពិត​ទៅ​កាល​នោះ iPod ពិត​ជា​មិន​ត្រូវ​ការ​កាមេរ៉ា​ទេ គ្រាន់​ថា Apple ចង់​ប្រកួតប្រជែង​ជាមួយ​ឧបករណ៍ Flip Cams ដែល​វា​មាន​កាមេរ៉ា​ក្រោយ​មក​ជាមួយ។

  • ជំនាន់​ទី ៦ ឆ្នាំ ២០១០:

ចូល​ដល់​ជំនាន់​ទី ១ ក្រុមហ៊ុន Apple បាន​ផ្លាស់ប្ដូរ iPod Nano ថ្មី​ទាំង​ស្រុង ដោយ​សម្រេច​លុប​ចោល​ប៊ូតុង ៤ គ្រាប់ ដែល​ធ្លាប់​មាន​ពី​មុន មក​ប្ដូរ​ជា​អេក្រង់ Touch Screen ហើយ​មាន​រាង​តូច​ទៅ​វិញ។ ចូល​ដល់​ពេល​នោះ មាន​អ្នក​ខ្លះ​ច្រើន​យល់​ច្រឡំ​ថា វា​ជា​ឧបករណ៍​ចម្លែក​ដោយ​មិន​អាច​សម្គាល់​បាន​ថា​ជា iPod Nano របស់ Apple បាន​ទៀត​ឡើយ។

  • ជំនាន់​ទី ៧ និង​ទី ៨ នៅ​ឆ្នាំ ២០១២ និង ២០១៥:

បាត់​មុខ ៣ ឆ្នាំ Apple បាន​ត្រលប់​មក​វិញ ដោយ​បន្ត​ចេញ​លក់ iPod Nano ទៀត ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ​ក្រោយ​មតិ​ភាគ​ច្រើន​មាន​ការ​មិន​ពេញ​ចិត្ត​ពី​រូបរាង​ប្លែក មិន​ទំនង​របស់​វា​ ​ទាំង icon និង​កម្មវិធី ក៏​ដូច​ជា​ប្រព័ន្ធ​ដំណើរការ ហាក់​បី​មិន​ស៊ី​ចង្វាក់​គ្នា ជាមួយ​ផលិតផល​ Apple ដទៃ​ទៀត​ឡើយ។ ​មាន​បន្ថែម​នូវ​គ្រាប់​មូល​មួយ នៅ​កណ្ដាល ប៉ុន្តែ​រក្សា​អេក្រង់ Touch Screen ដដែល គ្រាន់​តួ​ខ្លួន បែរ​ជា​វិល​ត្រលប់​ទៅ​រក​ iPod Nano ជំនាន់​ចាស់។

ត្រឹម​ជំនាន់​ទី ៧ និង​ទី ៨ នេះ​ហើយ​ដែល Apple បាន​ផ្ដាច់​ការ​លក់​នៅ​លើ​គេហទំព័រ Apple Store របស់​ខ្លួន​ព្រម​ជាមួយ​ ​iPod Shuffle។

សរុប​ជា​រួម Apple ហាក់​បី​ជា​ធ្វើ​មិន​បាន​ល្អ ជាមួយ​ឧបករណ៍​ស្ដាប់​ចម្រៀង​ដ៏​ពេញ​និយម​មួយ​នេះ​ឡើយ​ ​ក្រោយ​ពេល​ដែល​វត្តមាន iPhone និង iPod Touch ចាប់​ផ្ដើម​ចេញ​លក់។ ដោយ​វា​មាន​ការ​ផ្លាស់ប្ដូរ​ទៅ​វិញ​ទៅ​មក​ ​រហូត​ដល់​ជំនាន់​ចុង​ក្រោយ​បើ​ជា​ប្លែក​ខុស​គេ​ ជា​កត្តា​​ធ្វើ​ឲ្យ​តួលេខ​​លក់​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ The Verge   ប្រែសម្រួល ​៖ កៅ រក្សា​