​​មុខងារ​​ចលនា​ខ្យល់​រថយន្ត​ ​ដឹង​គួរ​ប្រើ​ពេល​ណា​អត់?​​

  • 2017-08-01 07:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​មើល​នៅ​ម្ដុំ​កន្លែង​គ្រប់​គ្រង់​ដំណើរ​ការ​ម៉ាស៊ីន​ត្រជាក់​រថយន្ត​ អ្នក​នឹង​ឃើញ​មាន​ប៊ូតុង​មួយ (រថយន្ត​ខ្លះ​មាន​ពីរ​​) មាន​ជា​រូប​រថយន្ត​ហើយ​មាន​សញ្ញា​ព្រួញ​នៅ​ពី​ក្នុង។ ប៊ូតុង​នេះ​ប្រើ​សម្រាប់​កំណត់​ចលនា​ខ្យល់​ក្នុង​រថយន្ត។

ជឿ​ថា​អ្នក​បើក​រថយន្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ដឹង​ពី​ប្រយោជន៍​មុខងារ​នេះ ហើយ​គួរ​ប្រើ​វា​ពេល​ណា​ខ្លះ​នោះ​ទេ។ វិបសាយ​ជំនាញ​ខាង​រថយន្ត​ E3 Spark PlugS បាន​ឲ្យ​ដឹង​​ថា​ប៊ូតុង​នេះ​អាច​ដំណើរ​ការ​ចលនា​ខ្យល់​ចំនួន​ពីរ​ប្រភេទ ទី​មួយ​ប្រើ​ខ្យល់​ខាង​ក្នុង​សម្រាប់​ម៉ាស៊ីន​ត្រជាក់ និង ទី​ពីរ​ទាញ​យក​ខ្យល់​ខាង​ក្រៅ​មក​ប្រើ​ជំនួស​វិញ។

ខាង​លើ​ប្រើ​ខ្យល់​ក្រៅ និង ខាងក្រោមប្រើខ្យល់ខាងក្នុង

​​​​​​​​​សម្រាប់​អាកាស​ធាតុ​ក្ដៅ​ប្រសិន​បើ​ប្រើ​ខ្យល់​ខាង​ក្នុង​ធ្វើ​ឲ្យ​រថយន្ត​អាច​ត្រជាក់​បាន​លឿន​ ជា​ជាង​ការ​ទាញ​យក​ខ្យល់​ក្ដៅ​មក​ប្រើ។ ដោយ​ឡែក​ចំពោះ​ពេល​អាកាស​ត្រជាក់​វិញ​ ការ​ប្រើ​ខ្យល់​ខាង​ក្រៅ​ជា​ជម្រើស​ល្អ​ជាង។ នេះ​ក៏​ព្រោះ​តែ​​ការ​ប្រើ​ប្រាស់​ខ្យល់​ខាង​ក្នុង​រយៈពេល​យូរ​ពេល​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។

​ខ្យល់​ខាង​ក្នុង​ជា​ចលនា​ទៅ​វិញ​ទៅ​មក​នៃ​ខ្យល់​ ហើយ​មាន​ន័យ​ថា​ខ្យល់​នេះ​ត្រូវ​បាន​អ្នក​ដែល​រួច​ដំណើរ​ជា​មួយ​​ស្រូប​ចូល​ និង បញ្ចេញ​មក​វិញ​ជា​ច្រើន​លើក​ជា​ច្រើន​សា។ មិន​តែ​ប៉ុណ្ណោះ​ខ្យល់​ក្នុង​រថយន្ត​ថែម​ទាំង​មាន​សំណើម​ច្រើន​ទៀត​ផង។ កត្តា​គួប​ផ្សំ​ទាំង​ពីរ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ទាំង​ឡាយ​ងីងើ​ និង​​បង្អាក់​ដល់​ការ​​ផ្ចង់​អារម្មណ៍​របស់​អ្នក​បើកបរ ប៉ះពាល់​ដល់​សុវត្ថិភាព​នៃ​ការ​បើកបរ។

ដូច​នេះ​ជា​ការ​ណែនាំ​គឺ​នៅ​ពេល​ធ្វើ​ដំណើរ​ជិតៗ​ក្នុង​ទីក្រុង​អាច​ប្រើ​ប្រាស់​​ត្រឹម​ខ្យល់​ខាង​ក្នុង​ក៏​បាន​ ដោយ​សារ​តែ​មិន​មាន​ខ្យល់​អាកាស​បរិសុទ្ធ។ ប៉ុន្តែ​សម្រាប់​ការ​ធ្វើ​ដំណើរ​​ផ្លូវ​ឆ្ងាយ​​វិញ​គួរ​ណា​តែ​ប្រើ​ប្រាស់​ខ្យល់​ខាង​ក្រៅ​វិញ ព្រោះ​​​មាន​ខ្យល់​មាន​សភាព​បរិសុទ្ធ​ល្អ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​សម្បូរ​ដោយ​ដើម​ឈើ៕​​​​​​​​​

ចុចអាន៖

ប្រភព៖ E3 Spark Plugs   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី