អតីតមេ Google និយាយថា “បើចូលចិត្តថតរូបកុំទិញ Android គួរទិញ iPhone”
- 2017-08-02 03:14:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតមេ Google និយាយថា “បើចូលចិត្តថតរូបកុំទិញ Android គួរទិញ iPhone”
ចន្លោះមិនឃើញ
អតីតអនុប្រធានជាន់ខ្ពស់ផ្នែកបណ្ដាញសង្គមនៅក្រុមហ៊ុន Google លោក Vic Gundotra បានបង្ហោះសារក្នុង Facebook កន្លងទៅនេះថា កាមេរ៉ារបស់ iPhone 7 មានគុណភាពល្អរហូតអាចជំនួសកាមេរ៉ា DSLR របស់លោកបាន។ លោកបានបង្អាប់ជុំវិញកាមេរ៉ាលើស្មាតហ្វូន Android ថាដើរក្រោយ iPhone ហើយបានសរសេរជាភាសាអង់គ្លេស ដែលមានន័យខ្មែរថា "បើអ្នកពិតជាខ្វល់ខ្វាយចំពោះការថតរូប អ្នកគួរតែប្រើ iPhone ប៉ុន្តែបើអ្នកមិនខ្វល់ខ្វាយទេ គឺអាចអាចទិញស្មាតហ្វូន Android”។
លោកបានធ្វើការពន្យល់ថា ជាធម្មតាប្រព័ន្ធប្រតិបត្តិការ Android ដែលបង្កើតឡើងដោយក្រុមហ៊ុន Google ជាប្រព័ន្ធប្រតិបត្តិការបើកចំហ (Open Source) ដោយវាត្រូវមានភាពអព្យាក្រឹត្យចំពោះគ្រប់ភាគីនៃក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់ដែលបានជ្រើសរើសបំពាក់ OS មួយនេះលើផលិតផលខ្លួន។ ខុសពី Apple ដែលទាំងផ្នែក Hardware និងSoftware គឺខ្លួនជាអ្នកផ្គូផ្គងដោយខ្លួនឯងទាំងស្រុង ហើយការវិវត្តនៃបច្ចេកវិទ្យាកាមេរ៉ាដូចជា Portrait Mode ជាដើម គឺ Apple អាចធ្វើបានយ៉ាងរហ័ស។
ផ្ទុយទៅវិញក្រុមហ៊ុនដែលមានផលិតស្មាតហ្វូនដំណើរការ Android ករណីបើចង់បានប្រព័ន្ធមុខងារពិសេសអ្វីមួយរមែងស្នើទៅក្រុមហ៊ុន Google ជាមុនដើម្បីឲ្យបង្កើតវាឡើង ហើយ Google ក៏ត្រូវចំណាយពេលយូរ មិនមែន ២ ទៅ ៣ ខែចេញជាលទ្ធផលនោះឡើយ ព្រោះជាធម្មតាមានក្រុមហ៊ុនស្មាតហ្វូនច្រើនដែលប្រើប្រព័ន្ធ Android។
យ៉ាងណាមិញគេជឿថា Google ធ្វើបែបនេះ ក៏ដោយសារចង់ឲ្យផលិតផលរបស់ខ្លួន អាចទទួលបានបច្ចេកវិទ្យាថ្មីមុន ដោយកាលប៉ុន្មានឆ្នាំមុនលោក Gundotra ក៏ធ្លាប់បានប្រកាស Google នឹងបង្កើតស្មាតហ្វូន Nexus ដែលមានគុណភាពកាមេរ៉ាខ្ពស់ ហើយពេលនេះក៏ក្លាយជាការពិត ខណៈត្រកូល Pixel របស់ Google បច្ចុប្បន្នរមែងទទួលបានការប្រើប្រាស់ប្រព័ន្ធ Android ជំនាន់ខ្ពស់ មុនស្មាតហ្វូនដទៃៗ ហើយមុខងារកាមេរ៉ារបស់វា ក៏ត្រូវបានគេទទួលស្គាល់ថាធ្វើបានល្អបំផុតផងដែរ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖