កូនស្រីចៅហ្វាយក្រុង​ហ្វីលីពីនចោទប៉ូលិសថា បាន​រៀបចំសម្លាប់​គ្រួសារខ្លួន

  • 2017-08-02 03:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនស្រី​របស់​ចៅហ្វាយ​ក្រុង Ozamiz ប្រទេស​ហ្វីលីពីន​ បាន​ចោទ​ប៉ូលិស​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ​បាន​រៀប​គម្រោង​សម្លាប់​សមាជិក​គ្រួសារ​របស់​ខ្លួន។

នាង Nova Princess ដណ្ដប់​ភួយ​ពេល​​ចាប់​បញ្ជូន​ទៅ​ក្រុង​ម៉ានីល

ការ​ចោទ​ប្រកាន់​បែប​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​ជា​ច្រើន​នាក់ ​បាន​សម្រុក​ចូល​វាយ​ឆ្មក់​ភូមិ​គ្រឹះ​​របស់​ចៅ​ហ្វាយ​ក្រុង Ozamiz លោក Reynaldo Parojinog ​កាល​ព្រលឹម​​ថ្ងៃ​អាទិត្យ​ដោយ​សម្លាប់​ចៅហ្វាយ​ក្រុង​ ភរិយា​ចៅ​ហ្វាយ​ក្រុង​អ្នក​ស្រី Susan និង​បង​ប្អូន​ប្រុស​គាត់​ម្នាក់​ទៀត​ សរុប​​អ្នក​ស្លាប់​​ទាំង​អស់​ ១៦​នាក់។

​ចំណែក​កូន​ស្រី​​ចៅហ្វាយ​ក្រុង​នាង Nova Princess ​Parojinog ជា​អភិបាល​ក្រុង​រង Ozamiz អម​​ជាមួយ​បង​ប្អូន​ប្រុស Reynaldo Jr. ​ម្នាក់​ទៀត​​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​សាក​សួរ​នៅ​ទីក្រុង​ម៉ានីល។ អ្នក​ទាំង​ពីរ​ត្រូវ​ចោទ​ថា​ បាន​រក្សា​ទុក​គ្រឿង​ញៀន និង​អាវុធ​ខុស​ច្បាប់។

ទោះ​យ៉ាង​នេះ​ក្ដី នាង Nova បាន​ទទូច​ថា ​ក្រុម​ប៉ូលិស​បាន​​រៀប​គម្រោង​​ធ្វើបាប​គ្រួសារ​របស់​ខ្លួន ព្រោះ​ផ្ទះ​របស់​នាង​មិន​ដែល​រក្សា​ទុក​គ្រឿង​​ញៀន​ទាំង​នេះ​​ឡើយ។ នាង​ចង់​សំដៅ​ថា អាវុធ និង​​គ្រឿង​ញៀន​រក​ឃើញ​ក្នុង​ផ្ទះ​របស់​នាង គឺ​ប៉ូលិស​យក​ទៅ​ដាក់​ដើម្បី​ទម្លាក់​កំហុស។

ឯ​អ្នក​គាំទ្រ​ចៅ​ហ្វាយ​ក្រុង​បាន​បង្ហាញ​សេចក្ដី​ក្រៀមក្រំ​ចំពោះ​ការ​សម្លាប់​ខាង​លើ និង​អះអាង​ថា សមាជិក​​គ្រួសារ​ចៅហ្វាយ​ក្រុង គឺ​សុទ្ធ​តែ​ជា​មេដឹកនាំ​ល្អ​ៗ។

មែន​ទែន​ទៅ បើ​គេ​ក្រឡេក​ទៅ​មើល​កាល​​ឆ្នាំ ២០១៦​ លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គូ​ ឌូតឺតេ ធ្លាប់​បាន​អាន​​ឈ្មោះ​លោក​​ចៅហ្វាយ​ក្រុង Parojinog និង​​កូន​ស្រី​របស់​គាត់​ថា ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ហ្វីលីពីន​ពាក់​ព័ន្ធ​គ្រឿង​ញៀន​មាន​ទាំង​ចៅហ្វាយ​ក្រុង មេធាវី និង​ប៉ូលិស ​អំឡុង​ពេល​កំពុង​​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​។

យ៉ាងណា​​ក្ដី​ យើង​រង់​ចាំ​មើល​ការ​ស៊ើប​អង្កេត​បន្ត តែ​មេធាវី​ពួក​គេ​អះអាង​ថា អ្នក​ទាំង​ពីរ​គួរ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ក្នុង​រយៈ​ពេល ៣៦​ម៉ោង៕

ភរិយា​របស់​ចៅហ្វាយ​ក្រុង​អ្នក​ស្រី Susan ត្រូវ​ជា​ម្ដាយ​នាង Nova

ពេល​នាង Nova ត្រូវ​ចាប់​ខ្លួន

ចុចអាន៖

ប្រភព៖ nytimes   ប្រែ​សម្រួល៖ ឡេង ភារុណ