ឌូតឺតេ ព្រមាន​ថា​ខ្លួន​អាច​សាហាវ​ព្រៃផ្សៃ​ជាង​ភេរវក ៥០​ដង

  • 2017-04-25 02:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បាន​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា ​លោកអាច​សាហាវ​ព្រៃផ្សៃ​ជាង​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម IS ១០ដង ហើយ​លោក​ក៏​អាច​ស៊ី​ពួក​ជ្រុល​និយម​ទាំង​នោះ​ដែរ​ បើ​ទាហាន​​របស់​លោក​ចាប់​បាន​ទាំង​រស់។

រូបភាព​ផ្ដល់សិទ្ធិដោយ Reuters

ឌូតឺតេ បាន​ព្រមាន​សារ​ជា​ថ្មី​ចំពោះ​ការ​សម្លាប់​ជន​សង្ស័យ​គ្រឿង​ញៀន ភេរវក ប៉ុន្តែ​លើក​នេះ​ គឺ​ជា​សារ​គួរ​ឲ្យ​រន្ធត់​​ចិត្ត​ក្នុង​នាម​ជា​ប្រធានាធិបតី​នៅ​ពិធី​សម្ពោធ​ការ​ប្រកួត​កីឡា​ជាតិ។

លោក​បាន​បញ្ជា​ឲ្យ​ទាហាន​តាម​សម្លាប់​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​​ដែល​កំពុង​រត់​គេច​ខ្លួន​ក្រោយ​វាយ​ប្រហារ​ដ៏​រជើប​រំជួល​ក្នុង​រមណីយដ្ឋាន​​មួយ នៃ​ខេត្ត Bohol កន្លង​ទៅ ​ដោយ​មិន​បាច់​នាំ​ខ្លួន​ទាំង​​រស់​ទេ​ព្រោះ​ចាត់​ទុក​ថា​ពួក​គេ​ជា "សត្វ"។

ប្រធានាធិបតី​ចិត្ត​ខ្លាំង​​ខាង​លើ​បន្ត​ថា ​"ប្រសិន​បើ​ភេរវក​នាំ​ខ្លួន​មក​ឲ្យ​ខ្ញុំ​ឃើញ​ចំ​ពេល​អារម្មណ៍​មិន​ល្អ សូម​ឲ្យ​អំបិល និង​ទឹក​ខ្មេះ​មក​ខ្ញុំ ខ្ញុំ​នឹង​ស៊ី​ថ្លើម​ពួក​គេ​ឲ្យ​មើល។" បន្ទាប់​ពី​មាន​ប្រសាសន៍​ចប់​ មហាជន​ផ្ទុះ​សំណើច តែ​ ឌូតឺតេ ​​ថ្លែង​កាត់​ថា "វា​ជា​រឿង​ពិត ប្រសិន​បើ​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​​ខឹង​ខ្លាំង។"

គួរ​រម្លឹក​ថា​ លោក​ ឌូតឺតេ ធ្លាប់​​ធ្វើ​​ជា​ចៅហ្វាយ​ក្រុង Davao ​ជា​ច្រើន​ឆ្នាំ និង​ល្បី​ឈ្មោះ​​ខាង​សម្លាប់​ឧក្រិដ្ឋជន​រាប់​មិន​អស់​​ព្រម​ទទួល​ការ​សាទរ​ពី​ប្រជាជន​រស់​នៅ​ទីក្រុង​។ លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៦ ហើយ​សន្យា​ប្រឆាំង​ដាច់​ខាត​​គ្រឿង​ញៀន អំពើ​ពុក​រលួយ និង​ភេរវកម្ម៕

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម