នាយក​សាលារូបនេះ ទម្រាំ​បាន​ប៉ុណ្ណឹង ត្រូវ​ឆ្លងកាត់​ព្យុះ​ធំៗ​ ៤​

  • 2017-08-02 04:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សាលាបឋមសិក្សា​វត្ដ​បូព៌ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្ដាល​ក្រុង​សៀមរាប ត្រូវបាន​ចាត់ទុកជា​សាលា​ ដែល​មាន​សណ្ដាប់ធ្នាប់ និង​វិន័យ​ល្អ​ជាងគេ​មួយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា​។ ទ​ន្ទឹ​មនឹង​ទទួលបាន​ការ​វាយ​តម្លៃ​កម្រិតស្ដង់ដារ​ខ្ពស់ ​ប្រចាំ​ប្រទេស​បែប​នេះ លោក ពិន គឹម​ឆេន នាយក​សាលាបឋមសិក្សា​វត្ត​បូព៌ បាន​ឲ្យ​ដឹងថា ទម្រាំ​តែ​អាច​ធ្វើ​ឲ្យ​សាលា​មាន​ដំ​ណើ​រការ​ល្អប្រសើរ ​រហូតមកដល់​ពេលបច្ចុប្បន្ន ​លោក​ត្រូវ​ជួបប្រទះ​ព្យុះ​ធំៗ​រហូតដល់​ទៅ ៤​ ឯណោះ។

​តាំងពី​ទទួល​តំណែង​ជា​នាយក​សាលាបឋមសិក្សា​វត្ដ​បូព៌​ក្នុង​ឆ្នាំ ១៩៩៤​មក លោក ពិន គឹម​ឆេន បាន​ធ្វើ​កំណែទម្រង់​ជាច្រើន ជាពិសេស​ផ្ដោតទៅលើ​សណ្ដាប់ធ្នាប់ វិន័យ និង​ចក្ខុ​វិស័យ​សំ​ខាន់ៗ​របស់​សាលាបឋមសិក្សា​នេះ​តែម្ដង​។ លោក​ថា ដំណើរកា​រកែ​ទម្រ​ង់​ដំ​បូ​ង​ពិតជា​មាន​ការ​លំ​បាក​ដោយសារតែ​ថ្នាក់លើ​ទាំង​ខ្សែបណ្ដោយ និង​ខ្សែទទឹង ​មិន​យល់​អំពី​ចក្ខុ​វិ​ស័​យ​របស់​សាលា​។ ជាមួយគ្នា​គ្រូ​ប​ង្រៀន​នៅ​ក្រោមបង្គាប់​ទាំងអស់ ​បានបង្ហាញ​ការមិនសប្បាយចិត្ត​ ចំ​ពោះ​ការ​រឹតបន្ដឹង​វិ​ន័​យ ដោយ​ពួកគេ​យល់ថា​ប្រាក់ខែ​គ្រូ​មាន​កម្រិត​ដូចៗ​គ្នា​ទេ ចុះ​ហេតុអ្វី​ចាំបាច់​ត្រូវធ្វើ​ឲ្យ​ល្អ​ជាងគេ​យ៉ាង​នេះ​។

​ចំណែកឯ​បញ្ហា​មួយ​ទៀ​ត​នោះ​គឺ មាតាបិតា និង​អាណាព្យាបាល​របស់​សិស្ស​។ ពួកគេ​មិនទាន់​យល់ និង​មិនដែល​ជួបប្រទះ ​ចំពោះកា​ររឹតបន្ដឹង​វិ​ន័​យ សណ្ដាប់ធ្នាប់​របស់​សិស្ស​ ដូ​ច្នេះហើយ​ពួកគេ​បាន​បញ្ចេញ​នូ​វ​ប្រតិកម្ម​យ៉ាងខ្លាំង​នាពេល​នោះ​។ ប៉ុន្ដែ​នា​ពេលបច្ចុប្បន្ន​មាន​មាតាបិតា​សិស្ស​តិច​ណាស់​ ដែល​ប្រតិកម្ម ដោយភាគច្រើន ​ពួកគេ​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការរៀ​ប​ចំ​របស់​សាលា​ទៅ​វិ​ញ​។ ចំពោះ​ព្យុះ​ទី​៤ គឺ​លោក​ជួប​នឹង​បញ្ហា​គ្រួសារ​ផ្ទាល់​តែម្ដង ដោយសារតែ​មាន​ប្រតិកម្ម​ច្រើន​ពី​គ្រូ​ប​ង្រៀន​ក្រោមបង្គាប់​ផង និង​មាតាបិតា​សិស្ស​ផង​។ អ្នក​ផ្ទះ​របស់លោក​មិន​សប្បាយចិត្ត​ឡើយ ​ចំពោះ​អ្វីដែល​លោក​បាន​អនុវត្ត ព្រោះ​លោក​បាន​ចំណាយពេល​ច្រើន​លើ​ការងារ ព្រលឹម​ចេញពីផ្ទះ ហើយ​យ​ប់​ចូលផ្ទះ តែ​ទទួលបាន​មក​វិញ​នូវ​ការ​ប្រតិកម្ម​ជាច្រើន​ទៅ​វិ​ញ​នោះ​។ នាយក​សាលា​រូប​នេះ​ឲ្យ​ដឹងថា ទោះជា​ត្រូវប្រឹង​ប្រែង​ដើរ​ទៅមុខ​ដោយ​លំ​បាក​ក្ដី ក៏ប៉ុន្ដែ​លោក​បាន​ជំនះ​លើ​ព្យុះ​ធំ​ទាំង ៤​នេះ​រួចរាល់​ហើយ​។​

​សាលាបឋមសិក្សា​វត្ត​បូព៌​ មាន​អគារសិក្សា​ចំនួន ១៤ ​ខ្នង ស្មើនឹង ៦០​ បន្ទ​ប់ រួមជាមួយ​នឹង​គ្រូ​ប​ង្រៀន​សរុប​ចំ​នួន ១១៦​ នាក់​។ ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧ សាលា មាន​សិស្សានុសិស្ស​ចូល​សិក្សា​សរុប​ចំនួន ៦ ៣៧៦ ​នាក់ ស្រី​ចំនួន ៣ ០៧២​៕

អត្ថបទ៖ រស់ សុជាតិ

អត្ថបទពេញនិយម