មិនជឿមិនបាន! ការ​ថត​ភាពយន្ត​ខ្មែរ​មួយ​រឿងជួប​រឿង​ស្មាន​មិន​ដល់ ដឹង​ហើយ​ព្រឺ​​ក្បាល​ខ្ញាក

  • 2017-08-04 01:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ​នៅ​ពី​ក្រោយ​ការ​ផលិត​រឿង​ភាគ "វិញ្ញាណ​ម្ចាស់​ព្រែក" ​ដោយរឿង​នោះ​ថត​ជិត​ចប់​ទៅ​ហើយ បែរ​ជាត្រូវ​​បញ្ឈប់​ការ​ថត​ទៅ​វិញ ព្រោះ​ជួប​រឿង​អាក្រក់ៗ​មិន​នឹក​ស្មាន​ដល់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ដឹក​នាំ​រឿង ក្នុង​ពិធី​ក្រុង​ពាលី​រឿង​នេះ​ឡើង​វិញ កាល​ពី​ព្រឹក​ម្សិលមិញ​នេះ។

អ្នក​ដឹក​នាំ​​​រឿង​មួយ​រូប​ លោក រចនា ដួង បាន​ប្រាប់​ Sabay ថា​រឿង​ "ម្ចាស់​ព្រែក" នេះ​គឺ​ជា​ការ​ថត​ឡើង​វិញ​ ដោយ​កែ​ពី​ឈ្មោះពី "វិញ្ញាណ​ម្ចាស់​ព្រែក" មក​ឈ្មោះ "ម្ចាស់​ព្រែក"។ លោកថាកាល​ថត​លើក​មុន​មាន​បញ្ហា​រហូត ដូច​ជា​មាន​ខ្មោច​ចូល​តួ​ កំពុង​តែ​ថត​ឆេះ​ឌីស និង​មាន​បញ្ហា​ផ្សេង​ទៀត។ លោក​បន្ត​ថា បើ​តាមអប្បិយជំនឿ ​ដើម​ហេតុ​បណ្ដាល​ឱ្យ​មានបញ្ហា​ទាំង​នេះ​កើត​ឡើង អាច​បណ្ដាល​មក​ពី​ពាក្យ​ថា "វិញ្ញាណ" ដែល​ដាក់​ក្នុង​ចំណង​ជើង​រឿង​ ព្រោះ​ពាក្យ​នេះ​វា​ហាក់​ដូច​អ​រូបិយ បើ​មាន​ការ​រៀប​ចំ​មិន​បាន​ត្រឹម​ត្រូវ​នឹង​មាន​បញ្ហា។

លោក រចនា ដួង អ្នកដឹកនាំរឿង

ចំពោះដើម​ហេតុ​មួយ​ទៀត​នោះ អ្នក​ដឹកនាំ​ដដែល​ប្រាប់ថា ​នៅ​តំបន់​ដែល​ថត​នោះ ​ឱ្យ​តែ​ដល់​ម៉ោង​១២​យប់​គេ​ឱ្យ​ឈប់​ថត​ ឈប់​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់។ “ក្នុង​តំបន់​ហ្នឹង​ម៉ោង​១២ គេ​ឱ្យ​ឈប់​ថត តែ​ពួក​ខ្ញុំ​អត់​ជឿ អ៊ីចឹង​មាន​ខ្មោច​ចូល​តួ ថត​អត់​កើត​។ សាក្សី​រស់​មាន ដូច​ជា​ កុល ដាវី ប្អូន ទឹម រដ្ឋា អី​ហ្នឹង​ ថ្នាក់​គាត់​ខ្លាច​ឈប់​ថត​ឱ្យ។ ឥឡូវ ដក​ពាក្យ​វិញ្ញាណ​ចេញ​ ព្រោះ​ថា​ពាក្យ​នេះ​បើ​យើង​ធ្វើ​មិន​ដល់​អត់​បាន​ទេ»។

ទោះ​ជា​ធ្លាប់​មាន​រឿង​ហេតុ​ធ្វើ​ឱ្យ​អាក់​ខាន​ក្នុង​ការ​ថត​រឿង​ពីមុន​មក​ក្ដី​ តែ​លោក រចនា ដួង មាន​ក្ដី​រំពឹង​ថា​នឹង​ទទួល​​ជោគ​ជ័យ​ខ្ពស់​ក្នុង​ការ​ថត​រឿង​ថ្មី​នេះ ព្រោះ​ក្រុម​ការ​ងារ​នឹង​រៀប​ចំ​សែន​ព្រេន​នៅ​គ្រប់​កន្លែង​ដែល​ថត។

តួឯកក្នុងរឿង «ម្ចាស់ព្រែក»

រឿង​"ម្ចាស់​ព្រែក"​​ ជា​ប្រភេទ​រឿង​បែបអប្បិយជំនឿ ​មាន​ចំនួន​៥០ភាគ ​បោះ​ទុន​សរុប​ប្រមាណ​១៥ម៉ឺន​ដុល្លា គ្រោង​ថត​រយៈពេល៨ខែ​។ រឿងនេះ​តួឯកសម្តែងដោយ សយ រចនា ហៅ ប៉ុប រចនា និង លោក ឃឹម រិទ្ធី រួម​ទាំង​តួ​សំខាន់ៗ​ជា​ច្រើន​រូប​ទៀត​ចូល​រួម​ផង​ដែរ៕

ចុចអាន៖

អត្ថបទៈ ប៉ូ សាគុន