លោកយាយ ៩១ឆ្នាំ ក្លាយជានិស្សិត​បញ្ចប់ការសិក្សា​ចាស់ជាង​គេ​ក្នុងប្រទេសថៃ

  • 2017-08-04 02:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ កិមឡាន ចិណាគុន ​អាយុ ៩១​ឆ្នាំ ​មក​ពី​ខេត្ត​ផៈយ៉ា បាន​ក្លាយ​និស្សិត​បរិញ្ញាបត្រ​​ទើប​បញ្ចប់​ការ​សិក្សា​អាយុ​ច្រើន​ជាង​គេ​បំផុត​​នៅ​មហាវិទ្យាល័យ​សុខូថៃ​ធម្មាធិ​រ៉ាត ក្នុង​ឆ្នាំ​នេះ។

កាល​ពី​ថ្ងៃ​ទី ៣​សីហា​ម្សិលមិញ មាន​សេចក្ដី​រាយការណ៍​ថា នៅ​ថ្ងៃ​ទី ៨ និង​ ៩​សីហា​ ខាង​មុខ​នេះ គឺ​ជា​ថ្ងៃ​ចែក​សញ្ញាប័ត្រ​​របស់​មហាវិទ្យាល័យ​សូខូថៃ​ធម្មាធិរ៉ាត ឬ​ហៅ​កាត់ មសធ ហើយ​ថ្ងៃ​នេះ​​ជា​ពេល​វេលា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ ត្រូវ​មក​ហាត់​សម​ទទួល​សញ្ញាប័ត្រ។

គ្រួសារ​របស់​លោក​យាយ​បាន​ជូន​លោក​យាយ​មក​ហាត់​សម មុន​ថ្ងៃ​​ចែក​សញ្ញាប័ត្រ​ផ្លូវ​ការ​មក​ដល់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​មហាវិទ្យាល័យ​ខាង​លើ​នា​ថ្ងៃ​ទី ៩​សីហា។

គួរ​រម្លឹក​ថា កាល​ឆ្នាំ ១៩៩៧ លោក​យាយ​កិមឡាន ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​មហាវិទ្យាល័យ​សុខូថៃ​ធម្មាធិរ៉ាត ​ក្រោយ​មក​ក៏​ជាប់​ភារកិច្ច​ក្នុង​គ្រួសារ ដូច្នោះ​ហើយ​ត្រូវ​ព្យួរ​ការ​សិក្សា​សិន​ ​ហើយ​ត្រលប់​មក​ចូល​រៀន​ឡើង​វិញ​ក្នុង​ឆ្នាំ ២០១០ រហូត​រៀន​ចប់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ ២០១៤ ថ្នាក់​បរិញ្ញាបត្រ​ការ​អភិវឌ្ឍ​មនុស្ស និង​គ្រួសារ។

លោក​យាយ​អាយុ ៩១​ឆ្នាំ​ហើយ តែ​​នៅ​មាន​សុខភាព​ល្អ ព្រោះ​គាត់​​យក​ចំណេះ​ដឹង​ដែល​បាន​សិក្សា​ មក​អភិវឌ្ឍ​ និង​ពង្រឹង​ខ្លួន​ឯង។

លោក​​យាយ កិម​ឡាន ប្រាប់​ថា "ការ​រៀន​សូត្រ​ គឺ​ជា​ក្ដី​សុបិន​តាំង​​ពី​តូច ​នៅ​ពេល​មាន​​ឱកាស អីចឹង​ត្រូវ​តែ​រៀន​ឲ្យ​ចប់ ដោយ​មិន​គិត​ថា​ ជា​រឿង​លំបាក ព្រោះ​ចំណេះ​ដឹង​គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឯង។ ប្រសិន​បើ​យើង​មិន​រៀន​ យើង​មិន​អាន​ គឺ​មិន​ដឹង​​ ពេល​យើង​និយាយ​អ្វី​ក៏​មិន​ដឹង​រឿង។ ប្រសិន​បើ​យើង​រៀន​រហូត ព្រម​ទាំង​អាន​សៀវភៅ អាន​ព័ត៌មាន យើង​នឹង​ដឹង​រឿង​ក្នុង​សង្គម ​ក្នុង​​ប្រទេស និង​ជុំវិញ​ពិភព​លោក​​ផង​ដែរ"៕

ចុចអាន៖

ប្រភព៖ Thai PBS   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម