​យុវវ័យ​បច្ចុប្បន្ន​និយម​ទិញ​​ស្មាតហ្វូន​ ​ដេញ​ស៊េរី​តាម​គ្នា?

  • 2017-08-04 03:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​បច្ចុប្បន្ន​ ​មានការ​​​ចាប់​អារម្មណ៍​​ខ្លាំង​ទៅ​លើ​ផ្នែក​​សម្ភារៈ​និយម​ជា​ពិសេស​​ស្មាតហ្វូន​។ ​ពួក​គេ​មិន​​ដែល​គិត​ពី​តម្លៃ​​ថា​ថ្លៃ​ប៉ុណ្ណា​នោះ​ទេ​ សំខាន់​ឲ្យ​​តែ​មាន​របស់​ថ្មី​​ប្រើ​ទាន់​សម័យ​គឺ​ឡួយ ចង់​ទៅ​ណា​មក​ណា​មាន​គេ​មើល​ច្រើន​នឹង​​ឲ្យ​តម្លៃ​ទៅ​​លើ​របស់​នោះ​។​

រូប​តំណាង

ជួប​ជាមួយ​លោក​សុ​ដា​រ៉ា និស្សិត​​​ IT នៃ​សកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង ​​ដែល​​​កំពុង​កាន់​ iPhone 5s​ បាន​​​ឲ្យ​ដឹង​ថា ​ការ​ប្រើ​ស្មាតហ្វូន​មិន​មែន​ចេះ​តែ​តាម​ស៊េរី​​នោះ​​ទេ ​ហើយ​វា​ពិត​ជា​ខ្ជះខ្ជាយ​​លុយ​ណាស់​ក្នុង​ការ​ដូរ​សេរី​ថ្មី​ទៅ​តាម​ស៊េរី​​​ឆ្នាំ​របស់​ក្រុមហ៊ុន​នីមួយៗ​។

សម្រាប់​រូប​លោក ទូរសព្ទ​ដែល​​មាន​សេរី​ទាប​ក៏​អាច​ប្រើ​បាន​​ដែរ ព្រោះ​សមត្ថភាព​របស់​វា​មិន​​ខុស​ប្លែក​គ្នា​ប៉ុន្មាន​ដែរ​ពី​ទូរសព្ទ​សេរី​​ថ្មីៗ​។ បើ​យើង​ប្ដូរ​ស៊េរី​​ទៅ​​តាម​​ការ​​ចេញ​​លក់​របស់​ក្រុមហ៊ុន ទូរសព្ទ​មួយ​គ្រឿង​​ ​​ត្រូវ​​ចំណាយ​ប្រហែល​ជា ៧០០ ដុល្លារ ​​រហូត​ទៅ​ដល់​ជាង​ ១ ០០០ ដុល្លារ ឯណោះ។​

រូប​តំណាង

ចំណែក​លោក​បញ្ញា ​ជា​មន្ត្រី​នគរ​បាល​ម្នាក់​ បាន​និយាយ​ថា ​ខ្ញុំ​ក៏​ចង់​ប្រើ​ទូរសព្ទ​​ស៊េរីថ្មីៗ​​ដែរ​ តែ​បើ​គិត​ទៅ​វា​ពិត​ជា​ខ្ជះ​ខ្ជាយ​​លុយ​​ណាស់ ​បើ​​ខ្ញុំ​​ត្រូវ​​ចំណាយ​​តាម​​តែ​​ចិត្ត​​ចង់​​នោះ​។​ ទូរសព្ទ​​ដែល​​ចេញ​​មក​​ឥឡុវ​ មាន​​តម្លៃ​ថ្លៃ​ខ្លាំង​ពេក​​ មាន​ខ្លះ​​ដល់​ ១ ០០០ ដុល្លារ ​ក៏​មាន​ដែរ​ ​តម្លៃ​របស់​វា​អាច​ស្មើ​ 50% -60% ​នៃ​តម្លៃ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ហើយ​។​

លោកបន្ត​ថា ចាំ​ដល់​ពេល​វា​​នៅ​សល់​ធូរ​ថ្លៃ​បន្តិច​ហើយ​ទើប​ប្ដូរ​សេរី​នឹង​គេ​ ព្រោះ​​ទូរសព្ទ​​ចេញ​​ច្រើន​​ក្រុមហ៊ុន ​ហើយ​​វា​​ក៏​​ឆាប់​​ធ្លាក់​​ថ្លៃ​ តែ​ទោះ​ជាយ៉ាង​នេះ​ក្តី ​ចិត្ត​​​​មិន​​ដែល​ចង់​បាន​របស់​អ្វី​ថ្លៃ​ពេក​ទេ​ ទូរសព្ទ​នៅ​អាច​ប្រើ​បាន​ក៏​ប្រើ​សិន​ទៅ​។​

រូប​តំណាង

ងាក​មក​កញ្ញា ចាន់​រ៉ា​នី​ និស្សិត​ផ្នែក ​IT ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ​លើក​ឡើង​ស្រដៀង​គ្នា​នេះ​​ដែរ​ថា កញ្ញា​ ចូល​ចិត្ត​ដេញ​​សេរី​ទូរសព្ទ​ ជាក់​ស្ដែង​ទូរស​ព្ទ​កំពុង​ប្រើ​នេះ គឺ​​ប្រព័ន្ធ​ Android ​បើ​​ថ្ងៃ​​មុខ​​មាន​​លុយ​គ្រប់ និង​ម៉ូដ​ល្អ​ជាង​នេះ ​ប្រហែល​ជា​ត្រូវសន្សំ​លុយ​​ទិញ​ថ្មី​មួយ​គ្រឿង​ទៀត​ តែ​យក​ប្រព័ន្ធ​ iOS ​ប្រើវិញ​​ម្ដង​។

ទោះ​យ៉ាង​នេះ​ក្ដីកញ្ញា​គិត​​ថា ​បើ​សិន​ជា​​ទិញ​ទូរសព្ទ​ថ្មី​មក​ហើយ​ការ​ប្រើ​ប្រាស់​របស់​វាស្រដៀង​គ្នានឹង​ទូរសព្ទ​ចាស់​​ ចឹង​វា​អាច​នឹង​ធ្វើ​ឲ្យ​ខាត​លុយ​ ខាត​ពេល​វេលា​ថែម​ទៀត​ ព្រោះ​នៅ​ពេល​ដែល​មាន​ទូរសព្ទ​ថ្មី​ កញ្ញា​​តែង​វ៉ក់​ជាមួយ​​ទូរសព្ទ​ថ្មីនោះ ​​​មិន​សូវ​ខំ​រៀន​​ប៉ុន្មាន​ទេ ម្យ៉ាង​លុយ​លុយ​ពិបាក​​រក​ណាស់​​ដែរ​។ រ៉ា​នី បញ្ជាក់​៖

ចំណែក​​កញ្ញា​ ណាក់​ពុទ្ធា​ ដែល​​ជា​អ្នក​លក់​អីវ៉ាន់​ក្នុង​ផ្សារ​ម្នាក់ ​បាន​ឲ្យ​​ដឹង​​ថា​ ​ខ្ញុំ​ប្រើ​តែ​ទូរសព្ទ​ iPhone 5​ នេះ​គឺ​វា​គ្រប់​គ្រាន់​ហើយ ​​មិន​ចង់​ទិញ​ទូរសព្ទ​ថ្មី​ទៀត​ទេ​ មាន​លុយ​ល្មមៗ​ទិញ​តែ​ទូរសព្ទប៉ុណ្ណឹង ​វា​​ល្អ​​ប្រើ​ ​ហើយ​​​អាច​ជួយ​សន្សំ​លុយ​កញ្ញា​ផង ម្យ៉ាង​ទៀត​​វា​អាច​លេងអ៉ីនធើណិត ​​ថត​រូប​បាន​ច្បាស់​ ​​ស្ដាប់​តន្ត្រី​ក៏​បាន​ដូច​តែ​គេ​ឯង​ដែរ​ គ្រាន់​តែ​ថា​វា​មាន​ Memory ​តិច​ជាង​នឹង​ទំហំ​តូច​ជាង​ស៊េរី​​ថ្មីៗ​​ប៉ុណ្ណោះ។

​តាម​រយៈ​ការ​លើក​ឡើង​​​ខាង​លើ ឃើញ​ថា​ស្មាតហ្វូន ពិត​ជា​​​​ជួយ​សម្រួល​ការងារ​ប្រចាំ​ថ្ងៃ​បាន​ច្រើន​មែនទែន ហើយ​​មាន​ប្រិយមិត្ត​មួយ​ចំនួន​​​​​ក៏​ចូលចិត្ត​ដេញ​តាម​សេរី​ទូរស័ព្ទ​ទំនើប​ៗ ​ព្រោះ​មើល​ទៅ​ឡូយ​ពេល​បាន​ប្រើ​របស់​​ថ្មី តែ​​មួយ​ចំនួន​ទៀត​ក៏​មិន​ចង់​ផ្លាស់​ប្ដូរ​​ទូរស​ព្ទ​របស់​គេ​ដែរ​ ​ព្រោះ​មិន​ចង់​ខ្ជះ​ខ្ចាយ​លុយ​ច្រើន​ព្រោះ​លុយ​ពិបាករក។

ខាង​លើ​នេះគ្រាន់​ជា​ការបញ្ចេញ​មតិ​យោបល់ប៉ុណ្ណោះ បើ​ប្រិយមិត្ត​មានអ្វី​បន្ថែម​ អាច​ Comment នៅ​ខាង​ក្រោម​នេះ​បាន​៕

​​

អត្ថបទ៖ រតនា

អត្ថបទថ្មី