កំពូល​តារាប្រុស​សិង្ហបុរី ខំស្វះស្វែង​រកថវិកាជួយក្មេងៗនៅកម្ពុជាដល់​ម៉្លឹង!

  • 2017-08-04 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​មិន​ច្រើន​ទេ​ ដែល​បាន​ដឹង​ថា​តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់​របស់​ប្រទេស​សិង្ហបុរី​ លោក​ Thomas Ong បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​សាង​សង់​សាលា​មួយ​កន្លែង​ក្នុង​ប្រទេស​កម្ពុជា។

បើ​តាម​វិបសាយ​សិង្ហបុរី​ 8days បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ ៥​ឆ្នាំ​មុន​ តារា​ប្រុស​របស់​ទូរទស្សន៍​ក្នុង​ស្រុក​ Channel 8 លោក​ Thomas Ong បាន​បរិច្ចាគ​ថវិកា​ទៅ​ដល់​សាលារៀន​២​ ដែល​លោក​បាន​សាង​សង់​ក្នុង​ប្រទេស​កម្ពុជា។ ដោយឡែក​ មក​ដល់​ពេល​បច្ចុប្បន្ន​ ថវិកា​របស់​តារា​វ័យ​ ៥៨​ឆ្នាំ​រូប​នេះ​ក៏​កាន់​តែ​អស់​បន្តិចម្ដងៗ​ ហើយ​លោក​ក៏​កំពុង​ត្រូវ​ការ​ជំនួយ​ជា​ច្រើន​ពី​មហាជន​ដែរ។

Thomas Ong បាន​និយាយ​ថា៖ "ពិត​ជា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​ ក្នុង​ការ​ផ្ដល់​ថវិកា​ជួយ​សាលា​ តែខ្លួន​ខ្ញុំ​ម្នាក់​ឯង​ ដើម្បី​ផ្គត់ផ្គង់​ពួកគេ​ តាំង​ពី​ជំនួយ​ត្រឹម ២០០​ដុល្លារ​ ឥឡូវកើន​ដល់​ ១៦០០​ដុល្លារ​ ក្នុង​១​ខែ​"។

លោក​បន្ត​ថា៖"ដំបូល​សាលា​លេច​ ហើយ​កុំព្យូទ័រ​យួរ​ដៃ​ (Laptop) ដែល​ខ្ញុំ​ទិញ​ឲ្យ​ក៏​ខូច​ទៀត​ បញ្ហា​មួយ​ទៀត​គឺ​ តម្រូវ​ការ​សៀវភៅ​សរសេរ​ក៏​ច្រើន​ ខណៈ​ចំនួន​សិស្ស​ចេះ​តែ​កើន។ ខ្ញុំ​ត្រូវ​ចំណាយ​លុយ​របស់​ខ្ញុំ​ ហើយ​ណាមួយ​ពេល​នេះ​ខ្ញុំ​ក៏​មិន​មាន​ការងារ​សម្ដែង​អ្វី​ដែរ​ ដូចនេះ​វា​ជា​បញ្ហា​មួយ​ដែល​ខ្ញុំ​កំពុង​ខ្វល់”។

តាម​ព័ត៌មាន​បាន​បញ្ជាក់​ថា​ Thomas បាន​ចំណាយ​លុយ​ប្រហែល​ ៣០ ០០០ដុល្លារ​រៀងរាល់​ឆ្នាំ​ ដើម្បី​ជួយ​ក្មេងៗ​ឲ្យ​បាន​បន្ត​ការ​សិក្សា។ ដោយឡែក​ថ្មីៗនេះ ដោយសារ​ចង់​ឲ្យ​សាលា​ឈរ​ជើង​បាន​យូរ​ លោក​ក៏​បាន​បង្កើត​មូលនិធិ​សប្បុរសធម៌​មួយ​តាម​រយៈ​គម្រោង​ថ្មី​មួយ​។ គម្រោង​​ថ្មី​នេះ​ Thomas នឹង​លក់​ផលិតផល​ដែលធ្វើ​ពី​ស្លឹកគ្រៃ​ក្នុង​តម្លៃ​ ៣៥​ដុល្លារ​ ក្នុង​១​កញ្ចប់។ រីឯ​ថវិកា​ដែល​បាន​ពី​ការ​លក់​ លោក​នឹង​បញ្ចូល​ក្នុង​មូលនិធិ​សាលា។

បើ​និយាយ​ពី​គំនិត​នៃ​ការ​លក់​ដូរ​ ផលិតផល​ទាំង​នោះ​ គឺ​ផុស​ឡើង​ក្រោយ​លោក​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ ហើយ​បាន​ឃើញ​ចម្ការ​ស្លឹកគ្រៃ​មួយ​កន្លែង​ ដូចនេះ​បាន​ជា​លោក​គិត​ថា​ ជា​រឿង​ល្អ​បើ​លក់​ផលិតផល​ទាំង​នោះ​ ហើយ​យក​លុយ​ទៅ​ជួយ​ក្មេងៗ​ក្នុង​ប្រទេស​កម្ពុជា។

តារា​សម្ដែង​រូប​នេះ​បញ្ជាក់​ថា៖ "ប្រសិន​គម្រោង​មួយ​នេះ​បាន​ជោគជ័យ​ ខ្ញុំ​នឹង​កុម្ម៉ង់​ផលិតផល​ឲ្យ​បាន​ច្រើន​ ដើម្បី​លក់​ ហើយ​បើ​វា​ដំណើរ​ការ​ល្អ​ ខ្ញុំ​ក៏​ចង់​ធ្វើ​កិច្ចការ​នេះ​ដូច​គ្នា​ សម្រាប់​ក្មេងៗ​ក្នុង​ខេត្ត​ ឈៀងម៉ៃ​ប្រទេស​ថៃ។ បំណង​របស់​ខ្ញុំ​ គឺ​ចង់​ជួយ​កុមារៗ​ឲ្យ​បាន​ច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ នា​ពេល​អនាគត”។

ទង្វើនេះជា​គំរូ​ដ៏​ល្អ​ ក្នុង​នាម​ជា​ជន​ល្បី​ម្នាក់​ ប៉ុន្តែ​​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​ក្រីក្រ​ ជាពិសេស​កុមារ ហើយ​នេះ​ក៏​ជា​កាយវិការ​មនុស្សធម៌​គួរ​ឲ្យកោតសសើរ​បំផុត៕

ពេល Thomas Ong មក​ទស្សនា​ប្រទេសកម្ពុជា

ចុចអាន៖

ប្រភព៖ 8day   ប្រែ​សម្រួល៖ យី សុធារី