ចិន​ហ៊ាន​ចំណាយ ជាង១ម៉ឺន​​ដុល្លារ ក្នុង​១​ពាក្យ​ បើ​នរណា​អាន​​អក្សរ​ចារឹក​អាយុ​ជាង​​៣​ពាន់​ឆ្នាំដាច់

  • 2017-08-05 05:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារមន្ទីរជាតិ​ចិន​​បាន​ចេញ​សេចក្ដី​អំពាវនាវ​​ជា​សកល​មួយ​ដើម្បី​រក​អ្នក​ដែល​អាច​​អាន​អក្សរ​​កត់ត្រា​លើ​ឆ្អឹង និងសំបកសត្វ មាន​អាយុ​កាល​ជាង ៣​ ០០០ឆ្នាំ ស្ថិត​ក្នុង​រាជវង្ស​ Shang ដែល​ជា​កំណត់ត្រា​ដំបូង​បំផុត​នៃ​អរិយធម៌​របស់​ប្រទេស​ចិន។​ អក្សរ​ចារឹក​នេះ​មាន​រាប់​ពាន់​ពាក្យ ដោយ​ក្នុង​១​ពាក្យ​​ រដ្ឋាភិបាល​ចិន​ហ៊ាន​ឲ្យ​តម្លៃ​ដល់​ទៅ ១៥ ០០០ដុល្លារ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The South China Morning Post ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុង​កុង។

ប្រភព​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​ពួក​អ្នក​ប្រាជ្ញ​បានអាន​ពាក្យ​ទាំងនោះ​ជិត​ពាក់​កណ្ដាល​នៃ​ចំនួន​សរុប​​ប្រមាណ​ ៥ ០០០ តួ​អក្សរ​ ដែល​បាន​រក​ឃើញ​នៅ​លើឆ្អឹង​កប់​ក្នុង​ដី ហើយ​ប្រហែល ៣ ០០០ ពាក្យ​ទៀត​នៅ​តែ​ជា​អាថ៌កំបាំង​នៅ​ឡើយ​។

សាស្ត្រាចារ្យ Liu Fenghua អ្នក​ជំនាញ​ខាង​អក្សរ​បុរាណ មកពី​សាកល​វិទ្យាល័យ​ Zhengzhou បាន​និយាយ​ថា "ភាគ​ច្រើន​នៃ​តួ​អក្សរ គឺជា​ឈ្មោះ​មនុស្ស​ និងទីកន្លែង។ តែ​ដោយ​សារ​ពេល​វេលា​ ទីកន្លែង​ទាំងនោះ​ បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ ដែល​យើង​ពិបាក​កំណត់​ណាស់​"។

តាំង​ពី​ឆ្នាំ១៩២០មក រាជ​បណ្ឌិត​សភា​ចិន​ បាន​ធ្វើ​កំណាយ​រក​ឃើញ​អក្សរ​នៅ​លើ​ឆ្អឹង​ជា​ច្រើន នៅ​ទីក្រុង​អាន​យ៉ាង ខេត្ត​ហឺ​ណាន ភាគ​កណ្ដាល​ប្រទេស​ចិន ដែល​ជា​អតីត​ទីក្រុង​បុរាណ​របស់​រាជវង្ស​Shang។

ប្រភព​បាន​បន្ថែម​ថា អក្សរ​ចារឹក​នៅ​លើ​ឆ្អឹង​មាន​ភាព​ស្រដៀង​គ្នា​ជា​ច្រើន​ជា​មួយ​ការ​សរសេរ​អក្សរ​ចិន​សម័យ​ទំនើប តួយ៉ាង​អក្សរ​ចារឹក​មួយ​ចំនួន​ ដែលគេ​ប្រទះ​ឃើញ​នៅ​លើ​ស្នូក​អណ្ដើក​ និងស្នែង​គោ​ ត្រូវ​បាន​គេ​ដឹង​ថា ជា​កំណត់​ត្រា​បង្ហាញ​ពី​ជីវភាព​សម័យ​នោះ​​ រាប់​តាំង​ពី​ការ​កត់ត្រា អាកាស​ធាតុ និងការ​កំណត់​ពន្ធ​ជាដើម៕

ប្រភព៖ South China Morning Post   ប្រែសម្រួលៈ សុខ លាងហ៊ត​