រកឃើញសាកសពព្រះនាងមួយអង្គ មានសភាពសឹងដូចដើម បន្ទាប់ពីគេរក្សាទុក៩០០ឆ្នាំ

  • 2017-08-05 02:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​គឺ​ជា​រឿង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ ដោយ​សាកសព​ព្រះ​នាង​មួយ​អង្គ ត្រូវ​បាន​គេ​រក​ឃើញ​ក្បែរ​រង្វង់​អាក់ទិក (Arctic Circle) ខណៈ​រោមភ្នែក និង​សក់​វែង​របស់​ទ្រង់ មាន​សភាព​សឹង​តែ​ដូច​ដើម បន្ទាប់​ពី​សុគត​អស់​រយៈពេល ៩០០ឆ្នាំ។

ជាមួយ​គ្នា​នេះ​ដែរ ព្រះភ័ក្ត្រ និង​លក្ខណៈ​ជាច្រើន​ផ្សេង​ទៀត អាច​មើល​ឃើញ​យ៉ាង​ច្បាស់ ដោយ​សារ​តែ​សាកសព​ទ្រង់ ត្រូវ​បាន​គេ​កប់​ក្នុង​ដី​កំណក​ដែល​គង់​នៅ​បាន​យូរ នៅ​សតវត្ស​ទី​១២។ ស្ថិត​ក្នុង​ព្រះជន្ម ៣៥ វស្សា ព្រះនាង គឺ​ជា​មនុស្ស​ស្រី​តែ​មួយ​អង្គ​គត់ ដែល​ត្រូវ​បាន​គេ​កប់ នៅ​ក្បែរ​មនុស្ស​ប្រុស​ជាង ៣០ នាក់។

គួរ​ឲ្យ​ដឹង​ថា សាកសព​នេះ​ត្រូវ​បាន​ជីក​រក​ឃើញ​ដោយ ក្រុម​អ្នក​បុរាណ​វិទូ​នៅ​កន្លែង​បញ្ចុះសព Zeleny Yar ក្បែរ​ទីក្រុង Salekhard ប្រទេស​រុស្ស៊ី។ ព្រះនាង គឺ​ជា​សមាជិក​ម្នាក់​នៃ​យុគ​សម័យ​អាថ៌កំបាំង​មួយ ដែល​ឆ្លង​កាត់​តំបន់​ប៉ូល​នោះ។

អ្នក​បុរាណ​វិទូ បាន​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ព្រះនាង ជា​មនុស្ស​ស្រី​ពេញ​វ័យ​តែ​មួយ​អង្គ​គត់ ដែល​ត្រូវ​បាន​គេ​រក​ឃើញ នៅ​ទី​បញ្ចុះ​សព​ខាង​លើ។ មិនតែប៉ុណ្ណោះ ដំបូង​ឡើយ​ពួក​គេ​ធ្លាប់​គិត​ថា វា​ជា​ទី​បញ្ចុះ​សព​មនុស្ស​ប្រុស​ទាំងអស់​ទៀត​ផង។ វា​អាច​មាន​ន័យ​ថា ព្រះនាង គឺ​ជា​សមាជិក​វរជន​នៃ​សង្គម ដែល​គង់​នៅ​ក្នុង​តំបន់​ត្រជាក់​ខាង​លើ។ ក្នុង​នោះ​ដែរ គេ​បាន​រក​ឃើញ​ក្រវិល (Temple Ring) ជា​ច្រើន​នៅ​ក្បែរ​ព្រះ​នាង ប៉ុន្តែ​ពុំ​មាន​ភស្តុតាង​បង្ហាញ​ពី​គ្រឿងអលង្ការ នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់​ឡើយ។ យ៉ាងណាមិញ ខណៈ​ពេល​ដែល​ព្រះ​កេស​របស់​ទ្រង់ ត្រូវ​បាន​គេ​ថែរក្សា​យ៉ាង​ល្អ ប៉ុន្តែ​រាង​កាយ​ទ្រង់​មិន​ត្រូវ​បាន​គេ​ថែរក្សា​ឡើយ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម