ឌូតឺតេ យល់ព្រមឲ្យនិស្សិតរៀននៅសាលារដ្ឋទូទាំងប្រទេស មិនបាច់បង់ប្រាក់
- 2017-08-04 07:46:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូតឺតេ យល់ព្រមឲ្យនិស្សិតរៀននៅសាលារដ្ឋទូទាំងប្រទេស មិនបាច់បង់ប្រាក់
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ បានយល់ព្រមចុះហត្ថលេខាលើច្បាប់មួយ ដោយឲ្យនិស្សិតសិក្សាតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យរដ្ឋទាំងអស់ មិនចាំបាច់បង់ប្រាក់ឡើយ។ នេះបើតាមសេចក្ដីប្រកាសរបស់អនុលេខាធិការរងជាន់ខ្ពស់លោក Menardo Guevarra នៅថ្ងៃសុក្រនេះ។
លោកបញ្ជាក់ថា "ខ្ញុំរីករាយណាស់ក្នុងការប្រកាសថា កាលពីយប់ថ្ងៃទី ៣សីហា ម្សិលមិញ លោកប្រធានាធិបតី បានចុះហត្ថលេខាលើច្បាប់ស្ដីពីការបង់ថ្លៃចូលរៀនរបស់និស្សិតមិនអស់ប្រាក់។ ការសិក្សាឥតបង់ថ្លៃនៅសាកលវិទ្យាល័យ និងមហាវិទ្យាល័យ គឺជាសសរ និងគ្រឹះដ៏រឹងមាំក្នុងគោលនយោបាយអភិវឌ្ឍសង្គមរបស់ប្រធានាធិបតី"។
ប្រភពដដែលបន្តថា ទោះជាមានបញ្ហាប្រឈមខាងផ្នែកថវិការយៈពេលខ្លីក្ដី តែផលប្រយោជន៍ដែលទាញបានពីវិស័យអប់រំនេះ គឺមានរយៈពេលយូរសម្រាប់សង្គមជាតិ។ ច្បាប់នេះបានបង្ខំឲ្យរដ្ឋាភិបាលត្រូវចេញថ្លៃបង់សាលា និងថ្លៃផ្សេងៗមួយចំនួនទៀតឲ្យនិស្សិត។
ចំណែកលេខាធិការផ្នែកថវិកាជាតិលោក Benjamin Diokno មានប្រសាសន៍ថា "កញ្ចប់ថវិកាសម្រាប់បង់ថ្លៃឲ្យនិស្សិតនេះគេរំពឹងថា នឹងត្រូវចំណាយប្រមាណ ១០០ពាន់លានប៉េសូហ្វីលីពីន ឬប្រមាណ ១,៩៩ពាន់លានដុល្លារអាមេរិក"។ តែក្រុមអ្នកជំនាញសេដ្ឋកិច្ចអះអាងថា រដ្ឋាភិបាលមិនមានថវិកាគ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងនេះឡើយ។
ទោះយ៉ាងណា លោក Guevarra បន្ថែមថា នៅពេលសភាបញ្ជូនច្បាប់នេះទៅដល់វិមានប្រធានាធិបតី Malacanang នឹងមានការពិភាក្សាដេញដោលយ៉ាងច្រើន ព្រោះវាពាក់ព័ន្ធទៅនឹងកញ្ចប់ថវិកាដ៏ច្រើនសម្បើម ប៉ុន្តែគោលបំណងរបស់ប្រធានាធិបតី ឌូតឺតេ គឺផ្ដល់ថ្លៃសិក្សាថ្នាក់ឧត្ដមសិក្សាមិនយកប្រាក់៕
ចុចអាន៖
ឌូតឺតេ បញ្ជាឲ្យបាញ់សម្លាប់ចៅហ្វាយក្រុងពាក់ព័ន្ធនឹងគ្រឿងញៀន កក្រើកហ្វីលីពីន
ឌូតឺតេ នឹងលាលែងតំណែងភ្លាម បើរកភស្តុតាងបញ្ជាក់រឿងមួយនេះបាន