កាមេរ៉ា​​មុខ-ក្រោយ​​ iPhone 8 អាច​​ថត​​វីដេអូ​​ដល់​កម្រិត 4K/60fps

  • 2017-08-05 09:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​វិបសាយ​ប្រេស៊ីល​ iHelp BR ជា​អ្នក​ប្រទះ​ឃើញ​ព័ត៌មាន​នេះ​ដែល​មាន​នៅ​ក្នុង​កូដ​​ Firmware ដោយ​ទំនង​ ជា​ឲ្យ​តម្រុយ​ថា​ទាំង​កាមេរ៉ា​​មុខ​-​ក្រោយ​របស់​ iPhone 8 អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត​ 4K ​ក្នុង​ល្បឿន​ ៦០ ប្លង់​ក្នុង​មួយ​វិនាទី។

បច្ចុប្បន្ន​នេះ​កាមេរ៉ា​ខាង​ក្រោយ​លើ iPhone 7/7 Plus អាច​ថត​វីដេអូ​ 4K ក្នុង​ល្បឿន​​ត្រឹម​ ៣០ ប្លង់​ក្នុង​មួយ​វិនាទី ចំណែក​កាមេរ៉ា​ខាង​មុខ​វិញ​ថត​បាន​ក្នុង​កម្រិត​ត្រឹម​ 1080p ប៉ុណ្ណោះ។ ត្បិត​ថា​ក្នុង​កូដ​បាន​បង្ហាញ​ពី​ចំណុច​នេះ​មែន​ ប៉ុន្តែ​មិន​ច្បាស់​ថា​ iPhone 8 នឹង​មាន​ចំណុច​ពិសេស​នេះ​ឡើយ ប៉ុន្តែ​ការ​បង្កើត​ល្បឿន​​​ចាប់​ប្លង់​​អាច​មាន​ប្រយោជន៍​សម្រាប់​កម្មវិធី​​បច្ចេកវិទ្យា​ AR ដែល​មាន​លើ​ iOS 11។

ដោយឡែក​ កាល​ពី​ថ្មីៗ​នេះ​មាន​​លេច​ចេញ​ព័ត៌មាន​ថា​​កាមេរ៉ា​មុខ និង ក្រោយ​លើ iPhone 8 នឹង​មាន​មុខងារ​ "SmartCamera” ដែល​អាច​ចាប់​យក (Detect) ​​ប្លង់​ខុសៗ​គ្នា, ដឹង​ពី​ស្ថានភាព​រូបភាព និង ដឹង​ពី​ Subject នៃ​រូបភាព​ទៀត​ផង។ Firmware នៃ​ HomePod ក្រៅ​ពី​ឲ្យ​ដឹង​ខ្លះៗ​ពី​កាមេរ៉ា​ iPhone 8 ក៏​បាន​បញ្ជាក់​ពី​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ, រាង​ទូទៅ​របស់​ iPhone 8 និង មុខងារ​គោះ​ឲ្យ​ទូរសព្ទ​ងើប​ផង​ដែរ។

បើ​ពិត​ដូច​ព័ត៌មានបែក​ធ្លាយ​មែន សមត្ថភាព​កាមេរ៉ា​ភ្លោះ​ស៊េរី​ក្រោយ​របស់ Apple មិន​ធម្មតា​នោះ​ទេ ដូច​នេះ​មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា តើ​វា​ពិត​ជា​មាន​សមត្ថភាព​​បែប​នេះ​ដែរ​ទេ?

ប្រភព៖ idropnews   ប្រែ​សម្រួល៖ រក្សា