SAMSUNG កំពុង​ញាប់​ដៃ​ញាប់​ជើង ផលិត​អេក្រង់ OLED សម្រាប់​បំពាក់​លើ iPhone

  • 2017-08-05 01:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​ព័ត៌មាន​បែក​ធ្លាយ​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ពី រូបរាង សមត្ថភាព និង​លក្ខណៈ​សម្បត្តិ​របស់ iPhone 8 តែ​ក្នុង​ពេល​ពេល​នេះ Samsung កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ចាប់​ផ្ដើម​ផលិត​និង​ផ្គត់​ផ្គង់​អេក្រង់ OLED សម្រាប់ iPhone ជំនាន់​ក្រោយៗ​របស់ Apple ចាប់​ពី​ចុង​ខែ​សីហា​នេះ​ទៅ។

រូប​បែក​ធ្លាយ​ចុង​ក្រោយ

អ្វី​ដែល​ជា​ការ​ភ្ញាក់​ផ្អើល​នោះ​គឺ ការ​វិនិយោគ​ទឹក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​ពី​សំណាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​ខាង​ត្បូង​មួយ​នេះ ដើម្បី​នាំ​ចូល​​នូវ​គ្រឿង​បរិក្ខារ​សម្រាប់​ផលិត​អេក្រង់​ប្រភេទ OLED និង​ការ​សាងសង់​ខ្សែ​ចង្វាក់​ផលិត​កម្ម​បញ្ចប់ នៅ​ក្នុង​រោងចក្រ​ក្នុង​ប្រទេស​វៀតណាម។

កាន់​តែ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទៀត​នោះ​គឺ ការ​ផលិត​អេក្រង់ OLED នេះ​នឹង​កើន​ឡើង​ជាង ៧ ដង បើ​ធៀប​កាល​ពី​ឆ្នាំ ២០១៦ ផលិត​បាន ១៥ ០០០ បន្ទះ​ក្នុង​មួយ​ខែ ឡើ់ង​ដល់​ទៅ ១០៥ ០០០ បន្ទះ​ក្នុង​មួយ​ខែ​នៅ​ក្នុង​ឆ្នាំ ២០១៧។

របាយការណ៍នេះ​បញ្ជាក់ថា ប្រសិនក្រុមហ៊ុន Samsung អាចផ្គត់ផ្គង់​​អេក្រង់ឲ្យ Apple បាន 100% លើ 100% មានន័យថា Samsung អាចផលិតកញ្ចក់ អេក្រង់បានប្រហែល 124 លានបន្ទះ សម្រាប់ទំហំ ៦ អ៉ិញ​និង ១៣០ លានបន្ទះ​សម្រាប់ទំហំ ៥,៨ អ៉ីញ​ក្នុងមួយឆ្នាំ។

ប្រសិន​បើ​​ការផ្គត់ផ្គង់​បានត្រឹមតែ 60% លើ 100%  នោះមានន័យថា Samsung អាចផលិតកញ្ចក់ អេក្រង់​បាន​ប្រហែល ៧៥ លានបន្ទះ​សម្រាប់ទំហំ ៦ អ៉ិញ​និង ១៧៩ លានបន្ទះ សម្រាប់ទំហំ ៥,៨ អ៉ីញ​តែប៉ុណ្ណោះ។ដូច​នេះ​បើក្រុមហ៊ុន Samsung ផ្គត់ផ្គង់ការ​ផលិតមិនបានគ្រប់តាមតម្រូវការនោះទេ Apple អាចនឹងទៅរក បន្ទះ​កញ្ចក់អេក្រង់ ពីក្រុមហ៊ុន LG ដើម្បីបន្ថែមឲ្យ​គ្រប់​សម្រាប់ iPhone ជំនាន់ថ្មី។

រូប​បែក​ធ្លាយ​ចុង​ក្រោយ

រំឮក​ដែរ​ថា អេក្រង់​ប្រភេទ OLED(Organic light-emitting diode ) វា​ជា​អេក្រង់​សម្រាប់​ស្មាតហ្វូន​​​​ថ្ងៃ​អនាគត ហើយ​អាចនិយាយ​បាន​ថា ជា​កញ្ចក់​អេក្រង់​ស្មាតហ្វូន​ ដែល​មាន​​រូបភាព​ច្បាស់ម៉ត់​ល្អដូច​ទស្សន៍​ បង្ហាញ​រូបភាព​ដូច​មែន​ទែន​ ឯ​កម្រិត​បង្ហាញ​រូបភាព​បាន​ដល់​ 3840 x 2160 ភិចសែល ​អាច​មើល​ធ្លុះ​ខាង​ក្រោយ​បាន និង​ជា​ប្រភេទ​អេក្រង់​កោង​ដែល​អាច​បត់​បែន​បាន ដូច​នេះ​ស្មាតហ្វូន​​​ដែល​មាន​បំពាក់​អេក្រង់​ល្អ​បែប​នេះ​មាន​មិន​ច្រើន​ទេ​ដូច​ជា LG V30, Galaxy Note8, និង iPhone 8 ប៉ុណ្ណោះ​ហើយ​អ្នក​ទាំង​អស់គ្នា​ក៏​រង់ចាំមើល​បន្តទៀត ថា​តើ Apple មានបច្ចេកវិទ្យាអ្វី​បន្ថែម​ទៀត​សម្រាប់​បំពាក់នៅលើ iPhone ជំនាន់​ក្រោយៗ​របស់​ខ្លួន​៕

ប្រភព៖ PhoneArena | Bgr   ប្រែ​សម្រួល៖ រក្សា