វិធីសាស្ត្រ​ងាយៗ ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ អាច​ធ្វើ​បាន​ចាប់​ពី​ថ្ងៃ​នេះ

  • 2017-08-09 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពលោក​ពោរពេញ​ដោយ​ឱកាស ប៉ុន្តែ​ពេល​ខ្លះ​ត្រូវ​គិត​ច្រើន​បន្តិច ទើប​អាច​ចាប់​យក​បាន។ ផ្លាស់​ប្ដូរ​ជីវិត​ឲ្យ​កាន់​តែ​ប្រសើរ គឺ​ត្រូវ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ការ​គិត នាំ​ឲ្យ​ជីវិត​រីក​រាយ​ជា​មុន​សិន ដើម្បី​បន្ត​ដំណើរ​លើ​វិថី​ដ៏​វែង​ឆ្ងាយ។

វិធី​សាស្ត្រ​ងាយ​ៗ អាច​ចាប់​ផ្ដើម​បាន​ពី​ថ្ងៃ​នេះ៖

ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​មាន៖ មើល​ទៅ​គេ ពេញ​ចិត្ត​អ្វី​ដែល​គេ​មាន តែ​គេ​វិញ​បែរ​ពេញ​ចិត្ត​អ្វី​ដែល​អ្នក​មាន។ ធម្មតា ចង់​ឲ្យ​ជីវិត​ប្រសើរ ត្រូវ​ចាប់​ផ្ដើម​ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​មាន​សិន រួច​គិត​ពី​អ្វី​ដែល​ចង់​បាន ដើម្បី​​សម្រេច​គោល​ដៅ។

គិត​ទុក​មុន ថា​ស្អែក​ត្រូវ​ធ្វើ​អ្វី៖ មនុស្ស​ជោគជ័យ​បំផុត តែង​បញ្ចប់​ការងារ​នៅ​ថ្ងៃ​នេះ ដោយ​ដឹង​រួច​ជា​ស្រេច​ថា​ត្រូវ​ធ្វើ​អ្វី​នៅ​ថ្ងៃ​ស្អែក។ មនុស្ស​មាន​ពេល ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដូច​គ្នា គ្រាន់​តែ​ប្រើ​ពេល​នោះ​ខុស​គ្នា ទើប​មាន​អ្នក​ខ្លះ​ជោគជ័យ ហើយ​អ្នក​ខ្លះ​បរាជ័យ។

ត្រៀម​ខ្លួន​ទទួល​យក៖ គ្រប់​យ៉ាង​មិន​មែន​ដូច​ចិត្ត​ទាំង​អស់​ទេ ហើយ​ក៏​មិន​មែន​សុទ្ធតែ​បាន​សម្រេច​ដែរ។ ដូច​នេះ ត្រូវ​ត្រៀម​ខ្លួន​ទទួល​យក​អ្វី​ដែល​កើត​ឡើង និង​រក​ដំណោះ​ស្រាយ​សម​ស្រប បើ​រឿង​កើត​ឡើង​មិន​ដូច​ការ​គិត។

កុំ​តាម​អារម្មណ៍​ពេក៖ អារម្មណ៍ មិន​អាច​ប្រកែក​បាន ព្រោះ​វា​ផ្លាស់​ប្ដូរ​គ្រប់​ពេល តែ​មិន​ត្រូវ​បណ្ដោយ​តាម​អារម្មណ៍​ពេក​នោះ​ទេ។ ពេល​ខ្លះ អារម្មណ៍​មិន​សុទ្ធតែ​ត្រូវ គួរ​ព្យាយាម​រក​ហេតុផល​ដើម្បី​បន្លប់​អារម្មណ៍​នោះ​វិញ។

ទទួល​យក​ចំណុច​អវិជ្ជមាន៖ គ្មាន​នរណា​អាច​ធ្វើ​ត្រូវ​គ្រប់​ពេល​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ល្អ​គ្រប់​១០ ដែរ។ ចង់​ក្លាយ​ខ្លួន​ជា​មនុស្ស​កាន់​តែ​ប្រសើរ ត្រូវ​រៀន​ទទួល​យក​គំនិត​ពី​អ្នក​ដទៃ មក​ពិចារណា។

បង្កើត​ទម្លាប់​ល្អ៖ ព្យាយាម​ហាត់​ប្រាណ​ជា​ប្រចាំ ដើម្បី​មាន​អារម្មណ៍​ល្អ​គ្រប់​ពេល ហើយ​បង្កើត​វា​ជា​ទម្លាប់ នោះ​អ្នក​នឹង​ឃើញ​គុណ​ប្រយោជន៍​របស់​វា។ ចំណែក​ទម្លាប់​មិន​ល្អ ដូច​ជា​ក្រោក​យឺត ឬ​ខ្ជិល គួរ​បោះ​បង់​ឲ្យ​អស់។

ស្គាល់​ខ្លួន​ឯង​ជា​នរណា រួច​រៀន​ឲ្យ​តម្លៃ​ខ្លួន​ឯង៖ រៀន​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ រួច​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​នូវ​ចំណុច​ល្អៗ ដើម្បី​មាន​កម្លាំង​បន្ត​ទៅ​មុខ​ទៀត។

រីករាយ​នឹង​អ្វី​ដែល​កើត​ឡើង​រាល់​ថ្ងៃ៖ រឿង​រ៉ាវ​ល្អៗ​ដែល​កើត​ឡើង​រាល់​ថ្ងៃ អាច​ជា​ចំណែក​ដ៏​ប្រសើរ​ក្នុង​ជីវិត និង​អាច​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​អនាគត​កាន់​តែ​ស្រស់​ថ្លា៕

ចុចអាន​អត្ថបទ៖

ប្រភព៖ Psychologytoday   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម