វិធី​​​ធ្វើ​លំហាត់​​​សម្រាក​ចិត្ត​-កាយ ក្រោយ​មាន​សម្ពាធ​​តាន​តឹង​ពី​ការងារ

  • 2017-01-17 00:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​ជា​ច្រើន មិន​ថា​អ្នក​ធ្វើ​ការ​ ឬ​​អ្នក​សិក្សា ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​​ ​មនុស្ស​មួយ​ចំនួន​តែង​​​ជួប​បញ្ហា​​​​ភាព​តាន​តឹង​​បន្តិច​បន្តួច​ ជា​សម្ពាធ​ នៅ​កន្លែង​ការងារ ឬ​​ការ​សិក្សា​។

ដើម្បី​​​ជា​ការ​​ណែ​នាំ​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​​នោះ អង្គការ​​ចិត្ត​សង្គម​ អន្តរ​វប្បធម៌​ នៃ​កម្មវិធី​​សុខភាព​ផ្លូវ​ចិត្ត​បាន​បង្ហាញ​ពី​វិធី​មួយ​ចំនួន ជា​វិធីសាស្ត្រ​​សម្រាក ចិត្ត​-កាយ​ ដែល​អាច​ជួយ​កាត់​បន្ថយ​អាការៈ​នៃ​ ភាព​តឹង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ ធ្វើ​ឲ្យ​បុគ្គល​​មាន​អារម្មណ៍​ធូរ​ស្រាល​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ឡើយ​វិញ​ វិធី​ទាំង​នោះ​មាន​ដូច​ជា៖

១. លំហាត់​ដក​ដង្ហើម​

លំហាត់​ដក​ដង្ហើម​ គឺ​ជា​វិធី​សម្រាក​ចិត្ត​-កាយ​ម្យ៉ាង​ ដែល​បុគ្គល​អាច​ហាត់​ធ្វើ​រាល់​ថ្ងៃ​ ដើម្បី​​ឲ្យ​បាន​កាន់​តែ​ស្ទាត់​ជំនាញ​ និង​ងាយ​ស្រួល។

របៀប​អនុវត្ត​៖

-អង្គុយ​​ក្នុង​​ស្ថាន​ភាព​ងាយ​ស្រួល​ ឬ​ដេក​សណ្ដូក​​ត្រង់​ដក​ដង្ហើម​​ចូល​វែង ចេញ​វែង​។ ផ្ចង់​អារម្មណ៍​​លើ​​ខ្យល់​ដង្ហើម​​ចេញ​-ចូល​​​ តាម​ច្រមុះ​ (​ចូល​ដឹង​ ចេញ​ដឹង​)។

-ផ្ទៃ​ពោះ​ប៉ោង​​ឡើង​ពេល​ដក​ដង្ហើម​ចូល និង​ផត​ចុះ​ ពេល​ដក​ដង្ហើម​ចេញ​។

ធ្វើ​លំហាត់​​ដក​ដង្ហើម​​ចូល​វែង ចេញ​វែង​បែប​នេះ​​រយៈ​ពេល​ប្រមាណ​ពី​ ១០​ ទៅ​១៥​នាទី (ឬ​​ឲ្យ​បាន​យូរ​ជាង​នេះ បើ​អាច​ធ្វើ​បាន​) ។

២. លំហាត់​សម្រាក​សាច់​ដុំ​

លំហាត់​​សម្រាក​សាច់​ដុំ​ អាច​ជួយ​ធ្វើ​សាច់​ដុំ​​ក្នុង​រាង​កាយ​ បាន​ធូរ​ស្បើយ​ពី​ភាព​តាន​តឹង​ និង​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​​បាន​ស្រស់​ថ្លា​​ផង​ដែរ​។

របៀប​អនុវត្ត​៖

សម្រាក​សាច់​ដុំ​​ក្នុង​​រាង​កាយ ជា​ដំណាក់​ៗ​ដូច​ខាង​ក្រោម​នេះ៖

ក្នុង​ស្ថាន​ភាព​​ដេក​សណ្ដូក​​ត្រង់ ផ្ចង់​អារម្មណ៍​​លើ​សាច់​ដុំ​​ផ្នែក​ផ្សេង​ៗ​​នៃ​រាង​កាយ​ ដោយ​ផ្ដើម​គិត​ពី​ម្រាម​ជើង​ ជា​ដំណាក់​ៗ រហូត​ដល់​ក្បាល​។

ឧទាហរណ៍​៖ កម្រើក​​​​ម្រាម​ជើង​ រួច​ហើយ​ទុក​វា​ឲ្យ​សម្រាក នៅ​ស្ងៀម​​ដោយ​សុខ​ស្រួល​។ បន្ត​​ធ្វើ​វិធី​​នេះ​លើ​ប្រអប់​ជើង​ ក​ជើង​ កំភួន​ជើង ភ្លៅ ត្រគាក​ ចង្កេះ សាច់​ដុំ​គូទ ខ្នង​ ក្បាល​ពោះ ដើម​ទ្រូង ម្រាម​ដៃ​ (ទាំង​សង​ខាង​) កំភួន​​ដៃ ដើម​ដៃ ស្មា កញ្ចឹង​ក រហូត​ដល់​ក្បាល។

ពេល​គិត​សម្រាក​ត្រង់​កន្លែង​ណា​មួយ និយាយ​ក្នុង​ចិត្ត​ថា ឧទាហរណ៍​៖ កំភួន​ជើង​របស់​ខ្ញុំ បាន​សម្រាក​ដោយ​សុខ​ហើយ សន្តិ សន្តិ​ សន្តិ...។

៣. ការ​​តាំង​សមាធិ

អង្គុយ​​ក្នុង​លក្ខណៈ​​សម្រាក​ស្រួល​(ដូច​រូប​) គិត​ជ្រើស​យក​វត្ថុ​អ្វី​ម្យ៉ាង​​ជា​គោល​សំអាង​ ដូច​ជា ផ្កា​ឈូក​ ពន្លឺ​ទាន ទេសភាព​ល្អ​ត្រកាល ឬ​​អ្វី​មួយ​​ដែល​​អ្នក​ស្រលាញ់​​​ ចូល​ចិត្ត ហើយ​ផ្ដោត​ចិត្ត​របស់​អ្នក​​ទៅ​លើ​វត្ថុ​ ជា​គោល​​នោះ​​ឲ្យ​ជាប់​។

ផ្ចង់​អារម្មណ៍​ តាំង​ចិត្ត​​សមាធិ បែប​នេះ​ឲ្យ​បាន​រយៈ​ពេល​ប្រមាណ​ ១៥ ទៅ​២០​នាទី ២​ដង​​ក្នុង​១​ថ្ងៃ ព្រឹក​ម្ដង​ ល្ងាច​ម្ដង (មុន​ពេល​ទទួល​ទាន​អាហារ) ។

ការ​តាំង​​សមាធិ មាន​ប្រយោជន៍​​ចំពោះ​មនុស្ស​ទូ​ទៅ​ ទាំង​ក្មេង​ទាំង​មនុស្ស​ចាស់​ ព្រោះ​វា​ជួយ​​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​​បាន​ស្ងប់ ជា​ជំនួយ​​ដល់​ការ​គិត​គូរ​ ប្រកប​កិច្ច​ការ​ងារ​ឲ្យ​បាន​​ល្អ​ប្រសើរ។

សម្គាល់៖

-បុគ្គល​អាច​ជ្រើស​​យក​វិធី​​សម្រាក​ចិត្ត​-កាយ​ណា​មួយ​ខាង​លើ​តាម​ការ​ចូល​ចិត្ត​ (ឬ​វិធី​ទាំង​៣​ បន្ត​បន្ទាប់​គ្នា​)។

-វិធី​នី​មួយ​ៗ​ខាង​លើ​ត្រូវ​ធ្វើ ដោយ​សំលៀក​បំពាក់​ធូរ​រលុង។

-ការ​តាំង​សមាធិ​​ត្រូវ​ធ្វើ​​នៅ​ពេល​ដូច​គ្នា​ជា​ប្រចាំ​ និង​នៅ​កន្លែង​​ស្ងៀម​ស្ងាត់​ គ្មាន​ការ​រំខាន​៕ ​​​​​​

​​​​​​​​​​​​​​​

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម