អាជ្ញាធរ​វៀតណាម៖ គ្មាន​ការ​លើក​លែង​ចំពោះ​អ្នក​សុំ​ទាន​បរទេស

  • 2017-08-09 09:32:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ជន​បរទេស​មួយ​ចំនួន នាំ​គ្នា​រក​ការងារ​ធ្វើ​ពេល​ខ្លី និង​សុំ​ទាន
  • មាន​វិធីសាស្ត្រ​ល្អ​ជាង​អ្នក​សុំ​ទាន​ក្នុង​ស្រុក
  • ហាម​ឃាត់​អ្នក​សុំ​ទាន ទាំង​ជន​ជាតិ​វៀតណាម និង​បរទេស

ការ​សុំ​ទាន​នៅ​តាម​ទី​សាធារណៈ ត្រូវ​បាន​ហាម​ឃាត់​នៅ​ប្រទេស​វៀតណាម ហើយ​បញ្ញត្តិ​នេះ​អនុវត្ត​ទាំង​លើ​ជនជាតិ​វៀតណាម និង​ជន​បរទេស។ លោក Tran Chi Dung ប្រធាន​ផ្នែក​ទេសចរណ៍​នៅ​ខេត្ត Kien Giang បាន​ប្រាប់​កាសែតTuoi Tre ថា៖ "គ្មាន​ការ​លើក​លែង​សម្រាប់​ជន​បរទេស​សុំ​ទាន​តាម​ផ្លូវ​នៅ​វៀតណាម​ទេ ទោះ​គេ​សុំ​ដោយ​មាន​របៀប​យ៉ាង​ណា​ក៏​ដោយ"។

លោក Dung និយាយ​នេះ សំដៅ​ទៅ​លើ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​លើ Facebook បង្ហាញ​ពី​នារី​ជន​ជាតិ​បរទេស​ម្នាក់ អង្គុយ​ដោយ​ស្ងៀម​ស្ងាត់​តាម​ដង​ផ្លូវ​នៅ​លើ​កោះ​មួយ នៃ​ខេត្ត Kien Giang។ នារី​រូប​នោះ​អង្គុយ​សុំ ដោយ​មាន​ផ្លាក​សរសេរ​ជា​ភាសា​វៀតណាម​ថា "សមាធិ​សុំ​សំណាង, ត្រូវ​ការ​លុយ"។

តាម​ប្រភព​ដដែល​ខាង​លើ​បាន​បន្ថែម​ថា ជន​បរទេស​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​មក​វៀតណាម​ដើម្បី​រក​ការងារ​រយៈ​ពេល​ខ្លី និង​សុំ​ទាន​តាម​ផ្លូវ ដើម្បី​ទប់​ទល់​ការ​ចំណាយ​លើ​ដំណើរ​​របស់​ពួក​គេ។ លោក Dung បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា បរទេស​បច្ចុប្បន្ន​សុំ​ទាន​ដោយ​សមរម្យ​ជា​ទី​បំផុត​បើ​ប្រៀប​ធៀប​នឹង​អ្នក​សុំ​ទាន​ក្នុង​ស្រុក។ អ្នក​សុំ​ទាន​បរទេស​មាន​វិធី​សាស្ត្រ ប្រគំ​តន្ត្រី ច្រៀង លេង​សៀក ឬ​ពេល​ថ្មី​ៗ​នេះ ថែម​ទាំង​សមាធិ ដើម្បី​សុំ​លុយ ដោយ​មិន​ប៉ះ​ដល់​នរណា​ឡើយ។

ទោះ​បែប​នេះ​ក្ដី បញ្ញត្តិ​ថ្មីៗ​នេះ មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​សុំ​ទាន​តាម​ផ្លូវ ហើយ​អ្នក​សុំ​ទាន​បរទេស​នឹង​ត្រូវ​បញ្ឈប់​សកម្មភាព។ ចំណែក​អ្នក​សុំ​ទាន​ជន​ជាតិ​វៀតណាម ដែល​គ្មាន​ផ្ទះ​សម្បែង​នៅ អាច​ត្រូវ​បញ្ជូន​ទៅ​ដាក់​ក្រោម​មជ្ឈមណ្ឌល​គាំពារ​សង្គម​ណា​មួយ៕

ចុចអានអត្ថបទ៖

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ គង់ វិសាល