រដ្ឋាភិ​បាល​នឹងប្រ​ជុំ​ផ្សព្វ​ផ្សាយពី​យន្ត​ការ​ប្រមូល​ទិញ​ស្រូវ​ពី​ករសិករនៅ​សប្តាហ៍​ក្រោយ

  • 2017-08-10 03:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ជាមួយ​​អភិបាល​នៃគណៈអភិបាល​ខេត្ត​មួយ​ចំនួន​ដើម្បី​ពិភាក្សា​ពី​យន្ត​ការ​ក្នុង​ការ​ប្រ​មូល​ទិញ​ស្រូវ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ដើម​សប្តាហ៍​ក្រោយ ដែល​ដំណឹងនេះ​ធ្វើ​ឲ្យ​កសិករ​រំពឹង​ថា​ស្រូវ​នឹង​មាន​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន។

ក្នុង​សេចក្តីជូន​ដំណឹង​មួយរបស់​ក្រ​សួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០១៧ បានអញ្ជើ្​ញ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ចំនួន​១៩​ឲ្យ​មក​ចូល​រួម​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ពី​យន្តការ​អន្តរាគមន៍​​របស់​រាជរដ្ឋា​ភិបាល​ក្នុងការ​ប្រ​មូល​ទិញ​ស្រូវ។ ​សិក្ខា​សាលានេះ​នឹង​រៀប​ចំនៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៧។​ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ដដែល។

​លោក ឆាំ ខន កសិករ​ក្នុង​ស្រុក​បាកាន ខេត្ត​ពោធិសាត់​ស្វាគមន៍​ចំពោះ​ដំណឹង​នេះ ដោយ​លោក​រំពឹង​ថា​យន្ត​ការ​នេះ​នឹង​ធ្វើ​ឲ្យ​​ស្រូវ​របស់​កសិករ​​អាច​លក់​បាន​ក្នុង​តម្លៃ​សមរម្យ និង​អាច​ទទួល​យក​បាន។ លោក​ថាៈ «​ល្អ​តើ​ វា​នឹង​អាច​ឲ្យ​តម្លៃ​ស្រូវ​ថ្លៃ អាច​ទទួល​យក​បាន និង​លើក​ទឹក​ចិត្ត​កសិករ»។

លោក​បន្ត​ថា​បច្ចុប្បន្ន​កសិករ​ក្នុង​មូល​ដ្ឋាន​របស់​លោកកំពុ​ង​ប្រមូល​ផល​ស្រូវ​សែនក្រ​អូប​ និង​លក់​បាន​ក្នុង​តម្លៃ​៩៦០​រៀល​ក្នុងមួយគីឡូក្រាម ដែល​លោក​ថា​តម្លៃ​នេះ​កសិករ​មិន​ទាន់​ពេញ​ចិត្ត​នៅ​ឡើយ។ លោក​អះអាង​ថា​កសិករ​ចង់​បាន​តម្លៃ​១០០០រៀល​ក្នុងមួយ​គីឡូក្រាម។ លោក​បន្ត​ថា​នៅ​ខែ​តុលា ខាង​មុខ​កសិករ​ក្នុង​មូល​ដ្ឋាន​របស់​លោក​នឹង​ប្រមូល​ផល​ស្រូវ​សូម៉ាលី​លើ​ផ្ទៃដី​ប្រមាណជា​បីទៅ​បួន​ពាន់​ហិកតា​បន្ត​ទៀត និង​​ថា​ក្នុង​មួយ​ឆ្នាំ​ពួក​លោក​ធ្វើ​ស្រែ​ពីរ​ដង៕

ចុចអាន៖

អត្ថបទ៖ ទូច សុខា