​កម្ពុជា​នឹង​ចំណេញ​លើស​ពី​ការ​គិត​ បើ​កសិករ​នាំ​គ្នា​ដាំ​ស្រូវ​សរីរាង្គ​

  • 2017-08-04 08:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រូវ​សរីរាង្គ​ជា​ប្រភេទ​ស្រូវ​ដែល​ពិបាក​ធ្វើ​ជាង​ស្រូវ​ធម្មតា​ ​និង​ត្រូវ​ការ​ចំណេះ​ដឹង​ បច្ចេកទេស​ធ្វើ​ដោយ​ប្រើប្រាស់​ជី​ធម្មជាតិ​គ្មាន​ជាតិ​គីមី​។ អ្នកជំនាញ ​បាន​អះ​អាង​ថា​ ​បើ​កសិករ​ ​និង​វិស័យ​ឯកជន​នាំគ្នា​ផលិត​ស្រូវ​នេះ​ ​កម្ពុជា​នឹង​ចំណេញ​ច្រើន​លើស​ពីការ​គិត។ ​តួយ៉ាង​ ​ទីផ្សារ​អង្ករ​សរីរាង្គ​​មាន​តម្រូវ​ការ​ខ្ពស់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប ​និង​អាមេរិក ប៉ុន្តែ​​ការ​ផលិត​នៅ​កម្ពុជា​នៅ​មាន​តិចតួច​នៅ​ឡើយ​។

រូបភាពពី ក្រុមហ៊ុន អេមរុ រ៉ាយស៍

​លោក​បណ្ឌិត​ ​សេង​ ​សារី​ ​អ្នក​ស្រាវ​ជ្រាវ​សង្គម​សិក្សា​ក្នុង​វិស័យ​កសិកម្មយល់​ឃើញ​ថា ការ​បង្ក​បង្កើន​ស្រូវ​តាម​បែប​សរីរាង្គ​ជា​កសិកម្ម​ប្រកប​មនុស្ស​ធម៌​ ដែល​ជួយ​ដល់​ប្រជាជន​ខ្មែរ​អាច​ទទួល​អាហារ​មាន​សុវត្ថិភាព​ ​មិន​បង្ក​ការ​ប៉ះពាល់​សុខភាព​ និង​មាន​តម្លៃ​ថ្លៃ​សម្រាប់​ទីផ្សារ​បរទេស​។ ​

លោក​ ​​មាន​ប្រសាសន៍ ​កម្ពុជា​ចាំ​បាច់​ត្រូវ​ផ្លាស់​ប្ដូរ​ការ​ផលិត​ចំណី​អាហារ​សុវត្ថិភាព​ ​ឬ​កសិកម្ម​បែប​សរីរាង្គទើប​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្បែរ​ខាង​បាន​។ លោកថា៖ « បើកម្ពុជា ​ប្រកាស​ខ្លួន​នឹង​ផលិត​ផលិតផល​កសិកម្ម​សរីរាង្គ​នោះ​ កម្ពុជា​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បាន​កាន់​តែ​ច្រើន​ទៀត។

​លោក​ស្រី ​ឃី មុនី ​នាយិកា​នៃ​ក្រុមហ៊ុន​ផលិត​ និង​នាំ​ចេញ​អង្ករ​អេមរុ រ៉ាយស៍ (​ខេមបូឌា)​ ​ដែល​​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ឈាន​មុខ​​មួយ​​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ​អង្ករ​សរីរាង្គ​មាន​ទីផ្សារល្អ​ជាង​គេ​នៅ​ទីផ្សារ​អន្តរជាតិ​។ ​លោក​ស្រី​​ប្រាប់ថា​ ​កាលពីឆ្នាំ ​២០១៦ ​លោកស្រី​បាន​នាំចេញ​អង្ករ​សរីរាង្គ​ប្រមាណ ​២០០​តោន​ទៅ​បរទេស​ ។

លោកស្រី​ ​មុនី​ ​បាន​គូស​​បញ្ជាក់​ ​មូលហេតុ​ដែល​លោក​ស្រី​បែរ​មក​ផលិត​អង្ករ​សរីរាង្គ​វិញ​នោះ​ ​ដោយ​សារ​តែ​ពិភពលោក​មាន​និន្នា​ការ​បរិភោគ​អាហារ​សុវត្ថិភាព​ ​មិន​ប៉ះ​ពាល់​បរិស្ថាន​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ មួយ​វិញ​ទៀត​វា​ជា​ទីផ្សារ​កម្រ​ ​ដែល​មាន​ឱកាស​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង​អង្ករ​ធម្មតា​។ ​ដោយ​ឡែក​លោកស្រី​ ​រំពឹង​ថា​ ​ការ​ប្រមូល​ទិន្ន​ផល​សូ្រវ​សរីរាង្គ​នឹង​សម្រេច​បាន​ ២ម៉ឺន​ ៥ពាន់​តោន​ ក្នុង​ឆ្នាំ​នេះ​ ។

គួរ​ជម្រាប​ថា​ កាល​ពីខែ​មីនា​ ​ឆ្នាំ​ ​២០១៧​ ​ក្រុមហ៊ុន​ផលិត​អង្ករ​សរីរាង្គ​មួយ​នេះ​ បាន​សហការ​ជាមួយ​សារ​ជីវកម្ម​ហិរញ្ញ​វត្ថ​អន្តរ​ជាតិ​ IFC ​ក្នុង​ទំហំ​ថវិកា​ប្រមាណ​ ​១០លានដុល្លារ​ ​ជួយ​ដល់​ប្រជា​កសិករ​ប្រមាណ​ ៧០០គ្រួសារ​ក្នុង​ខេត្ត​ចំនួន​ពីរ​ (​បាត់ដំបង​ និង​ព្រះ​វិហារ​) ​ងាក​មក​ផលិត​ស្រូវ​សរីរាង្គ​ ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ​ឡើង​។ បញ្ជាក់ ​តម្លៃ​អង្ករ​សរីរាង្គ​ ​មាន​តម្លៃ​ខ្ពស់​ជាង​អង្ករ​ធម្មរតា​ប្រមាណ​ ៣០ ​ទៅ​ ៣៥ ​ភាគរយ​ទៅ​តាម​គុណភាព​អង្ករ​៕

ចុចអានពត៌មានបន្ទាប់៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម