ចម្លែក​មែន! ផឹក​ស្រា​ស្រវឹង​ជោគ​ជាំ ភ្ញាក់​ដឹង​ខ្លួន​ឡើង​នៅ​ក្នុង​លូ​តាម​ផ្លូវ

  • 2017-08-10 03:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • លូ​ជម្រៅ ២​ម៉ែត្រ គ្មាន​ច្រក ពិបាក​ចូល
  • បុរស​រង​គ្រោះ​ផឹក​ពី​ល្ងាច ដឹង​ខ្លួន​ពេល​ព្រឹក
  • មិន​ដឹង​មូលហេតុ តែ​បាត់​របស់​មាន​តម្លៃ​ខ្លះ

បុរស​ម្នាក់​នៅ​ក្រុង​ឈៀងម៉ៃ ប្រទេស​ថៃ បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង​នៅ​ក្នុង​លូ​ទឹក​ស្អុយ​តាម​ផ្លូវ បន្ទាប់​ពី​ផឹក​ស្រវឹង​យ៉ាង​ជោគ​ជាំ​នា​ពេល​យប់។ ​

កាល​ពី​ថ្ងៃ​អង្គារ មន្ត្រី​ប៉ូលិស​ក្នុង​តំបន់ មាន​ការ​ចម្លែក​ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​មាន​អ្នក​រាយការណ៍​ថា ឮ​សំឡេង​មនុស្ស​ស្រែក​ឲ្យ​ជួយ​ពី​ក្នុង​លូ​បង្ហូរ​ទឹក​ស្អុយ។ បុរស​ដែល​ជាប់​ក្នុង​លូ​នោះ មាន​ឈ្មោះ Jaseu Jafoo អាយុ ២៩​ឆ្នាំ ហើយ​ជាប់​ក្នុង​លូ ជម្រៅ ២​ម៉ែត្រ​ក្រោម​ដី ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់។

ដោយ​សារ​លូ​កន្លែង​នោះ​ពិបាក​នឹង​បើក​ដើម្បី​ជួយ​ទាញ​ឡើង គេ​បាន​ឲ្យ​បុរស​រង​គ្រោះ​ដើរ​ប្រហែល ១០ម៉ែត្រ​ទៅ​រក​គម្រប​លូ ទើប​អាច​ជួយ​បាន។ ភ្លាម​ៗ​នោះ ប៉ូលិស​បាន​បញ្ជូន​បុរស​រង​គ្រោះ​ឲ្យ​ទៅផ្ទះ​ងូត​ទឹក​សម្អាត​ខ្លួន​សិន ព្រោះ​ក្លិន​ស្អុយ​ខ្លាំង​ពេក ពេល​ចេញ​ពី​លូ​ភ្លាម។ បន្ទាប់​មក ទើប​ប្រាប់​ឲ្យ​បុរស​រងគ្រោះ​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស។

ចៃដន្យ​អី Jaseu អត់​មាន​ចម្លើយ​យក​ជា​ការណ៍​បាន​ឡើយ គឺ​ឆ្ងល់​ដូច​ដែល​អ្នក​គ្រប់​គ្នា​ឆ្ងល់​ដែរ។ អ្នក​ធ្វើការ​នៅ​ផ្នែក​ចុងភៅ បាន​ប្រាប់​ប៉ូលិស​ថា កាល​ពី​ល្ងាច រូប​គេ​និង​មិត្ត​ភក្តិ​បាន​នាំ​គ្នា​ទៅ​ផឹក​រហូត​ស្រវឹង ហើយ​ក្រោយ​មក​ក៏​មិន​ដឹង​ថា​កើត​រឿង​អ្វី។ Jaseu ថែម​ទាំង​​មិន​ដឹង​ថា ហេតុអ្វី​ខ្លួន​ទៅ​ដេក​ក្នុង​លូ​អស់​មួយ​យប់​ទៀត​ផង។

យ៉ាង​ណា​ក្ដី បុរស​រង​គ្រោះ​បាន​បាត់​បង់​របស់​មាន​តម្លៃ​ជា​ច្រើន​ជាប់​ខ្លួន​ដូច​ជា កាបូប​លុយ កាក់​កម្រ​ដែល​មាន​រូប​ព្រះរាជា Rama ទី៥ និង​ខ្សែ​ក​មាស​មួយ​ខ្សែ។ ប៉ូលិស​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​បុរស​រង​គ្រោះ​ជ្រុះ​បាត់​របស់ ឬ​ត្រូវ​គេ​បង្អក​ឲ្យ​ស្រវឹង​រួច​ប្លន់។ ចំណែក​មូលហេតុ​ដែល​នាំ​ឲ្យ​រូប​គេ​ទៅ​នៅ​ក្នុង​លូ ក៏​ពិបាក​ប្រាប់ ព្រោះ​គ្មាន​ផ្លូវ​ចូល​ស្រួលៗ​ឡើយ។

ពេល​នេះ ប៉ូលិស​កំពុង​ស៊ើប​រឿង​ក្ដី​ដ៏​ចម្លែក​ខាង​លើ៕

ចុចអាន​អត្ថបទ៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ គង់ វិសាល