អូស្ត្រាលី ត្រៀមធ្វើសង្គ្រាម​ប្រឆាំងកូរ៉េខាងជើង បើ គីម ជុងអ៊ុន ហ៊ាន​បាញ់​អាមេរិក​

  • 2017-08-11 03:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​អូស្ត្រាលី​នឹង​ចេញ​ទៅ​ជួយ​អាមេរិក ​ប្រសិន​បើ​កូរ៉េខាងជើង​ វាយ​ប្រហារ​លើ​អាមេរិក​ពិត​មែន។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​​អូស្ត្រាលី Malcolm Turnbull ​នៅ​ថ្ងៃ​សុក្រ​នេះ។​

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull

ការ​បង្ហើរ​សារ​ខាងលើ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​ពិភាក្សា​អំ​ពី​ស្ថានភាព​ដោយ​ចំហ​​ជា​មួយ​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ​នាយក​រដ្ឋ​មន្ត្រី Turnbull ​បាន​ថ្លែង​ប្រាប់​វិទ្យុ​អូស្ត្រាលី 3AW នៅ​ថ្ងៃ​សុក្រ​នេះ​ថា "​យើង​មាន​កិច្ច​ព្រមព្រៀង ANZUS ​មាន​ន័យ​ថា ប្រសិន​បើ​មាន​ការ​វាយ​ប្រហារ​លើ​អាមេរិក ឬ​អូស្ត្រាលី នោះ​ភាគី​ម្ខាង​នឹង​ចេញ​ទៅ​ជួយ​ជាក់​ជា​មិន​ខាន។ ​យើង​ចូល​រួម​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក"។

គួរ​រម្លឹក​ថា ​កាល​ពី​ម្សិលមិញ​​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បាន​ផ្សាយ​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បាញ់​មីស៊ីល ៤​ គ្រាប់​ទៅ​ជិត​កោះ Guam ដែល​ជា​មូលដ្ឋាន​យោធា​​អាមេរិក នៅ​ពាក់​កណ្ដាល​ខែ​សីហា​នេះ ដោយ​ប្រើ​មីស៊ីល Hwasong-12 ហោះ​រំលង​ដែន​ដី​ជប៉ុន រួច​ធ្លាក់​នៅ​ចម្ងាយ​ប្រមាណ ៣០​គីឡួ​ម៉ែត្រ​ពី​កោះ Guam ប្រសិន​បើ​មេដឹកនាំ​វ័យ​ក្មេង គីម ជុងអ៊ុន បើក​ភ្លើង​ខៀវ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ