មិនធម្មតា! គំនូរ​រាប់​រយ​ផ្ទាំង​របស់​វិចិត្រករ​ខ្មែរ​រូបនេះ បញ្ចូល​សុទ្ធ​តែ​រឿង​ប្រវត្តិសាស្រ្ត

  • 2017-08-11 04:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រករ​ដ៏​ចំណាន​លោក លាង ស៊ីកន ជ្រើសរើស​ការ​គូរ​គំនូរ​សហសម័យ​ដើម្បី​រៀប​រាប់​ពី​ប្រវត្តិសាស្ត្រ ពី​ជីវិត​រស់​នៅ​ក្នុង​សង្គម និង​ពី​ការ​ស្រមើ​ស្រមៃ​របស់​ខ្លួន ដើម្បី​អប់រំ​ខ្លួនឯង​ និង​សម្រាប់​ឱ្យ​ពិភពលោក​ស្វែង​យល់។

គំនូរ​រាប់​រយ​ផ្ទាំង​ដែល​អ្នក​ជំនាញ​ខាង​គំនូរ​សហសម័យ​រូប​នេះ​បាន​គូរ សុទ្ធ​សឹង​បាន​បញ្ចូល​រឿង​ប្រវត្តិសាស្ត្រ ក្នុង​នោះ​មាន​ដូចជា​រៀបរាប់​ពី​ភាព​រីក​ចំរើន​ក្នុង​សម័យ​អង្គរ សង្គ្រាម​ជា​ច្រើន​សតវត្សរ៍​បាន​អូស​បន្លាយ​ក្នុង​ប្រទេស​កម្ពុជា។ ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ជាមួយ​អាមេរិក ចិន បារាំង និង​ប្រទេស​ផ្សេងៗ​ទៀត​ រួម​ទាំង​ការ​បាត់​បង់​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ពី​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​ប្រទេស​គេ​ប្រគល់​មកវិញ​ជា​ដើម។

វិចិត្រករ​មក​ពី​គ្រួសារ​កសិករ​ម្នាក់​នេះ​បាន​បញ្ជាក់​ថា គំនូរ​របស់​លោក​ភាគ​ច្រើន មិន​បង្ហាញ​ន័យ​ត្រង់​ឡើយ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​មើល​ព្យាយាម​ស្វែង​យល់​ពី​អត្ថន័យ​របស់​វា។ ដូចជា​ការ​គូរ​រូប​ព្រះ រូប​ផ្កា រូប​ភ្លើង រូប​ដុំ​មាស និង​រូប​អ្វី​ផ្សេង​ទៀត​នៅ​នឹង​តួ​ខ្លួន​មនុស្ស​ជាដើម នេះ​សុទ្ធ​សឹង​បង្កប់​អត្ថន័យ។

“គំនូរ​របស់​ខ្ញុំ​គូរ​អំពី​បញ្ហា​ជីវិត បញ្ហា​សង្គម គូរ​ពី​រឿង​បច្ចុប្បន្ន​និង​អតីតកាល អីចឹង​រឿង​ធំ​ជាង​គេ​គឺ​រឿង​ជីវិត​ហ្នឹង​តែ​ម្ដង ទទួល​ការ​ឈឺចាប់​ពី​សង្គ្រាម ឬ​ពី​អ្វីមួយ តែ​ខ្ញុំ​ចង់​នាំ​ចិត្ត​មនុស្ស​កុំ​ឱ្យ​មាន​ការ​សងសឹក យើង​ត្រូវ​សម្រួល​អារម្មណ៍ អប់រំ​ខ្លួន​ឯង”។

វិចិត្រករ​មក​ពី​ខេត្ត​ព្រៃវែងរូបនេះ បាន​បញ្ជាក់​ថា ពេល​ដែល​លោក​ដើរ​ទៅ​ណា​មក​ណា ទោះ​ក្នុង​ប្រទេស​ក្ដី ក្រៅ​ប្រទេស​ក្ដី លោក​តែង​តែ​រើស​សំរាម​មក​ជា​និច្ច​ឱ្យ​តែ​លោក​យល់​ថា​វា​អាច​មាន​ប្រយោជន៍​ដល់​គំនូរ​របស់​លោក។ លោក​ជឿជាក់​ថា បើ​លោក​មិន​រើស​នៅ​ពេល​នេះ​ទេ ថ្ងៃ​ក្រោយ​លោក​ត្រូវ​ការ​វា​នោះ​មិន​ប្រាកដ​ថា​នឹង​មាន​ឡើយ​ ការ​សន្សំ​សំរាម​នេះ​ហើយ​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​គំនូរ​របស់​លោក​មាន​តម្លៃ​ជា​សកល។

សូម​បញ្ជាក់​ថា លោក លាង ស៊ីកន គឺ​ជា​វិចិត្រករ​ដែល​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ខាង​គំនូរ​សហសម័យ​ ស្នាដៃ​របស់​លោក​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ ក្នុង​នោះ​គំនូរ​របស់​លោក​ជា​ច្រើន​ផ្ទាំង​បាន ដាក់​លក់​ក្នុង​វិចិត្រសាល​ល្បីៗ​លើ​ពិភពលោក៕

អត្ថបទៈ ប៉ូ សាគុន

អត្ថបទថ្មី