​បែក​ថ្នាំ​ ​ប្រែក្លាយ​ដំបូលផ្ទះ​ទៅជា​ក្លិប​ច្រៀង​រាំ

  • 2017-08-13 07:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​ម្នាក់ ដែល​គេ​ជឿថា​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿងញៀន បាន​ចំណាយពេល​ជិត ១០ ម៉ោង​ច្រៀង​រាំ​នៅលើ​ដំបូលផ្ទះ​។​

​អ្នកស្រុក​នៅ​ភាគខាងត្បូង​ទីក្រុង​កាន់​ថូ ប្រទេស​វៀតណាម មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ពេល​ឃើញ​បុរស​ម្នាក់​ឡើងលើ​ដំបូល​នៅ​សង្កាត់​ផុង​ដៀ​ន កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ សីហា​។​

​បុរស ដែល​គេ​ជឿថា​មាន​អាយុ​ប្រហែល ៣០ ឆ្នាំ​រូបនោះ បន្ទាប់មក​បាន​និយាយ​ម្នាក់ឯង​ដូច​មនុស្ស​ឆ្កួត ច្រៀង ហើយ​រាំ នៅពេលដែល​គាត់​ដើរ​ទៅវិញទៅមក​នៅលើ​ដំបូល​ផ្ទះ​។​

​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​បានដាក់​ជណ្តើរ​ឱ្យ​គាត់ ហើយ​ព្យាយាម​បញ្ចុះបញ្ចូល​គាត់​ឱ្យ​ចុះ​មកវិញ​យ៉ាងយូរ​។ ទោះយ៉ាងណា បុរស​នោះបាន​ឆ្លើយតប​ដោយ​រើសយក​ក្បឿង​ដំបូល​គប់​ដាក់​ពួកគេ​នៅ​ខាងក្រោម​។​

​អាជ្ញាធរ​ក៏បាន​បិទ​ចរន្ត​អគ្គីសនី​នៅក្នុង​តំបន់​នេះ​ផងដែរ​ហើយ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​នៃ​ផ្ទះ ដែល​គាត់​កំពុង​ដើរ​លើដំបូល​នោះ ដើម្បី​ធានា​សុវត្ថិភាព​របស់គាត់​។​

​ភ្លាមៗ​នោះ​បុរស​នេះ​បាន​ដួល​ដោយ​ខ្លួនឯង ក្រោយ​ចំណាយពេល​ជិត ១០ ម៉ោង​នៅលើ​ដំបូល ហើយ​ប៉ូលិស​បាន​ឃាត់ខ្លួន​គាត់​ភ្លាមៗ​។​

​មន្ត្រី​ប៉ូលីស​បាន​និយាយថា “​យើង​សង្ស័យថា​គាត់​ស្ថិតនៅក្រោម​ឥទ្ធិពល​គ្រឿងញៀន​” ។​

​កាលពី​ខែឧសភា អ្នក​ប្រើ​គ្រឿងញៀន​អាយុ ២៨ ឆ្នាំ​ម្នា​ក់បាន​ឡើង​បង្គោល​ភ្លើង​នៅ​ទីក្រុង​ហាណូយ ហើយ​បដិសេធ មិន​ព្រម​ចុះក្រោម​វិញ​ឡើយ​។ កាលពី​ខែមេសា បុរស​អាយុ​២៣​ឆ្នាំ​ម្នា​ក់បាន​ចំណាយពេល​ជាច្រើន​ម៉ោង​ដើរ​លើ​ខ្សែភ្លើង​នៅ​ទីក្រុង​ហូជីមិញ​ខណៈដែល​ស្ថិតនៅក្រោម​ឥទ្ធិពល​គ្រឿងញៀន​។ នៅ​ទីបំផុត​បុរស​ទាំងពីរ​ត្រូវបាន​ជួយសង្គ្រោះ​ហើយ​ចុះ​ទៅដល់​ដី​ដោយ​សុវត្ថិភាព​៕

ចុចអាន៖

ប្រភព ៖ rasmeinews