កំហុស​ ៥​យ៉ាង ធ្វើ​ឲ្យ​អ្នក​ដេក​មិន​សូវ​បាន​នៅ​ពេល​យប់

  • 2017-08-18 02:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​គេង​មិន​លក់​នៅ​ពេល​រាត្រី ​ជា​បញ្ហា​មួយ​ដែល​រំខាន​ដល់​ការ​បំពេញ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូទៅ ព្រោះ​កាល​ណា​គេង​មិន​បាន​លក់​ស្កប់​ស្កល់ ឬ​ក៏​មិន​បាន​គេង​សោះ ធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំង​កំហែង​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ភារកិច្ច​ផ្សេងៗ ព្រម​ទាំង​ធ្វើ​ឲ្យ​អារម្មណ៍​មិន​សូវ​ល្អ​ផង​ដែរ។ ការ​គេង​មិន​លក់​នេះ អាច​កើត​មក​ពី​សកម្មភាព​ដែល​អ្នក​តែង​តែ​ប្រព្រឹត្ត​ជា​រឿយៗ ហើយ​​ប្រហែស​មិន​បាន​ចាប់​អារម្មណ៍។

សកម្មភាព​ទាំង​នោះ​មាន​ដូច​ជា៖

១.លេង​គ្រឿង​អេឡិចត្រូនិក​ច្រើន​ពេក​មុន​ចូល​គេង៖ សកម្មភាព​ប៉ះ​ពាល់​ជាមួយ​គ្រឿង​អេឡិចត្រូនិក​ដូច​ជា​ការ​លេង​ទូរសព្ទ កុំព្យូទ័រ​យួរ​ដៃ ព្រម​ទាំង​ការ​មើល​ទូរទស្សន៍​ជាដើម ​មុន​ពេល​ចូល​គេង ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​គិត​ថា ពេល​យប់​ទៅ​ជា​ពេល​ថ្ងៃ​ទៅ​វិញ ធ្វើ​ឲ្យ​អ្នក​មិន​ងងុយ​គេង ហើយ​ទោះ​ជា​ងងុយ ក៏​បែរ​ជា​គេង​មិន​លក់​ទៅ​វិញ។ ​

ដើម្បី​ស្រាយ​បញ្ហា​នេះ​គឺ​ មុន​ចូល​ដំណេក អ្នក​គួរ​តែ​ឈប់​លេង​គ្រឿង​អេឡិចត្រូនិក​ ២០​នាទី​មុន ដើម្បី​ឲ្យ​ខួរ​ក្បាល​អ្នក​បាន​ទទួល​ការ​សម្រាក និង​ដំណើរ​ការ​បាន​ស្រួល ​ដើម្បី​រៀប​ចំ​គេង។

២. ទទួល​ទាន​យប់​ពេក៖ ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ចូល​សម្រាក​របស់​អ្នក ព្រោះ​ក្រពះ​របស់​អ្នក​នៅ​កំពុង​កិន​អាហារ​ដែល​អ្នក​ទើប​ទទួល​ទាន។ ដូច្នេះ​អ្នក​គួរ​ហូប​អាហារ​ក្នុង​កម្រិត​ល្មម ហើយ​កុំ​សូវ​មាន​ជាតិ​ផ្អែម​ពេក ​នា​ពេល​ល្ងាច ដើម្បី​ទុក​លទ្ធភាព​ច្រើន​ម៉ោង​បន្តិច​សម្រាប់​ក្រពះ​អ្នក​ធ្វើ​ការ​កិន​ ហើយ​ដល់​ម៉ោង​អ្នក​គេង អាច​គេង​លក់​ស្រួល​តែ​ម្ដង។

៣.គេង​ថ្ងៃ​ច្រើន​ពេក៖ ការ​ធ្វើ​បែប​នេះ​មិន​ល្អ​ទេ​ចំពោះ​សុខភាព ព្រោះ​ធ្វើ​ឲ្យ​ពេល​វេលា​នៃ​ការ​ដេក​របស់​អ្នក​ខុស​ប្រក្រតី ដែល​ប៉ះ​ពាល់​ដល់​ការ​ដេក​របស់​អ្នក​នៅ​ពេល​យប់។ ចំពោះ​ដំណោះ​ស្រាយ​នៃ​កំហុស​នេះ អ្នក​គួរ​តែ​បន្ថយ​ការ​ដេក​ថ្ងៃ​របស់​អ្នក​មក​ត្រឹម ៣០​នាទី​បាន​ហើយ​ក្នុង​មួយ​ថ្ងៃ ហើយ​ការ​ដេក​ថ្ងៃ​នេះ​ត្រូវ​ធ្វើ​ឡើង​មុន​ម៉ោង ៤ល្ងាច។ ធ្វើ​បែប​នេះ​ មិន​ត្រឹម​តែ​មិន​មាន​ឥទ្ធិពល​អាក្រក់​ដល់​ការ​ដេក​របស់​អ្នក​នៅ​ពេល​យប់​ទេ ថែម​ទាំង​ធ្វើ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ទៀត​ផង។

៤.គេង​មិន​ទៀង​ទាត់៖ មនុស្ស​ភាគ​ច្រើន​តែង​តែ​ច្រឡំ​ថា​បើ​សិន​គេង​ខ្វះ​នៅ​ថ្ងៃ​នេះ អាច​គេង​សង​នា​ថ្ងៃ​បន្ទាប់​បាន ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ជា​ទម្លាប់​មិន​ល្អ​ទេ​ចំពោះ​សុខ​ភាព​អ្នក​ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ម៉ោង​ដំណេក​ប្រក្រតី​របស់​អ្នក។ ដូចនេះ​ហើយ​ ទើប​ពេល​ខ្លះ​ទោះ​គេង​ច្រើន​ម៉ោង​យ៉ាង​ណា អ្នក​ហាក់​ដូច​គ្មាន​កម្លាំង​កំហែង​ ព្រោះ​វា​មិន​ទៀង​ទាត់ ហើយ​មិន​ត្រូវ​តាម​ពេល​វេលា​ធម្មតា​នៃ​ដំណេក​របស់​អ្នក។ ចំពោះ​កំហុស​នេះ អ្នក​គួរ​កែ​ផ្នត់​គំនិត​នេះ​ចេញ ហើយ​បង្កើត​ការ​វិភាគ​នៃ​ពេល​វេលា​ចូល​គេង​របស់​អ្នក ហើយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។

៥.ផឹក​កាហ្វេ​ច្រើន​ពេក៖ ជាតិ​កាហ្វេ​អ៊ីន​មាន​នៅ​ក្នុង​កាហ្វេ រារាំង​ដល់​ការ​គេង​របស់​អ្នក​ បើ​សិន​ជា​ទទួល​ទាន​មុន​ចូល​គេង ព្រោះ​វា​ជា​ជាតិ​ម្យ៉ាង​ធ្វើ​ឲ្យ​អ្នក​មិន​ងងុយ​គេង។ ចំពោះ​ដំណោះ​ស្រាយ​វិញ អ្នក​គួរ​បន្ថយ​ការ​ហូប​ជាតិ​នេះ​ឲ្យ​បាន​កាន់​តែ​តិច​កាន់​តែ​ល្អ ហើយ​បើ​អាច​ចៀស​បាន ចៀស​វាង​ទទួល​ទាន​កាហ្វេ​នា​ពេល​ល្ងាច ដើម្បី​កុំ​ឲ្យ​អ្នក​គេង​មិន​លក់៕

ចុចអានអត្ថបទ៖

ប្រភព៖ Shape   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម