កុំ​ផ្ញើ​ឥវ៉ាន់​សំខាន់​តាម​យន្តហោះ​ ​ព្រោះ​ទើប​មាន​អ្នក​ខាត​ជិត​ ​២​ ​ម៉ឺន​ដុល្លារ

  • 2017-08-18 04:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ដ៏​ហួស​ចិត្ត​មួយ​ទាក់ទង​នឹង​ការ​ផ្ញើ​ឥវ៉ាន់​តាម​យន្តហោះ​ក្នុង​ប្រទេស​អង់គ្លេស​ បាន​ធ្វើ​ឲ្យ​ម្ចាស់​បញ្ញើ​ខាត​ជិត​ ​២​ ​ម៉ឺន​ដុល្លារ​ ​ក្រោយ​ ​Lens​ ​និង​កាមេរ៉ា​របស់​​អ្នក​ផ្ញើ​នោះ​បែក​ខ្ទិច​ប្រើ​លែង​បាន។

មិន​បញ្ជាក់​ពី​ឈ្មោះ​ក្រុមហ៊ុន​ហោះហើរ​នោះ​ទេ​​ ​តែ​បង្ហាញ​ថា​មាន​ស្ត្រី​ម្នាក់​បាន​ទិញ​កែវ​ ​Lens​ ​ម៉ូដែល​ ​Leica Noctilux-M 50mm f/0.95 ASPH​ ​តម្លៃ​ប្រមាណ​ ​១​ ​ម៉ឺន​ដុល្លារ ​ពី​ហាង​ផ្លូវការ​របស់​ ​Leica​ ​ប្រចាំ​ទីក្រុង​ ​Manchester​ ​ទៅ​ប្រើប្រាស់​ជា​មួយ​កាមេរ៉ា​ ​Leica M10​ ​តម្លៃ​ជាង​ ​៦​ ​ពាន់​ដុល្លារ ​របស់​នាង។

ក្រោយ​ករណី​ខូចខាត​នេះ​ ​ហាង​ផ្លូវការ​របស់​ ​Leica​ ​ប្រចាំ​ប្រទេស​អង់គ្លេស​បាន​ចេញ​ប្រកាស​ឲ្យ​អ្នក​ដែល​ប្រើប្រាស់​កាមេរ៉ា​ថ្លៃ​ៗ​ ​ត្រូវ​តែ​ដាក់​ពួក​វា​ជាប់​ខ្លួន​ជានិច្ច​ ​ជា​ពិសេស​មិន​ត្រូវ​ដាក់​ផ្ញើ​ក្នុង​កន្លែង​ដាក់​ឥវ៉ាន់​របស់​យន្តហោះ​ឡើយ។

ករណី​ខូច​ឥវ៉ាន់​តាម​ជើង​ហោះហើរ​នេះ​ ​តែង​កើត​មាន​ជា​រឿយៗ​ ​សឹង​តែ​គ្រប់​ប្រទេស​ជុំវិញ​ពិភពលោក​ ​ព្រោះ​ដោយ​សារ​កត្តា​ពេល​វេលា​ដែល​ត្រូវ​រើ​ទំនិញ​ចេញ​ពី​យន្តហោះ​ភ្លាម​ៗ​ទៅ​ឲ្យ​អ្នក​ដំណើរ​រាប់​រយ​នាក់​តាម​យន្តហោះ​នីមួយៗ​ ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ដែល​រើ​នោះ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ទាន់​ពេល។

ដោយ​ឡែក​ ​ដើម្បី​រក្សា​សុវត្ថិភាព​ទំនិញ​ដែល​ផ្ញើ​តាម​យន្តហោះ​បាន​មួយ​កម្រិត​ ​គឺ​គួរ​​ស្វែងរក​សេវា​រុំ​ថង់​ប្លាស្ទិក​លើ​វ៉ាលីស៍​តាម​អាកាសយានដ្ឋាន​នានា​ ​ដែល​ជួយ​ការពារ​ការ​ប៉ះ​ទង្គិច​ល្មមៗ​ ​និង​មិន​ឲ្យ​ឆ្កូត​វ៉ាលីស៍។ ប៉ុន្តែ​ដើម្បី​ប្រាកដ​ពី​សុវត្ថិភាព​ទំនិញ​សំខាន់​ៗ​បាន​ ​១០០%​ ​នោះ​គួរ​តែ​ដាក់​តាម​ខ្លួន​ ​ដែល​ជា​ជម្រើស​ល្អ​បំផុត៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ