៥ យ៉ាងត្រូវដឹង បើមិនចង់ឲ្យគេលួច Hack Facebook Page បាន
- 2017-08-19 23:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ យ៉ាងត្រូវដឹង បើមិនចង់ឲ្យគេលួច Hack Facebook Page បាន
ចន្លោះមិនឃើញ
ការលួច (Hack) Facebook Page នរណាម្នាក់ មិនមែនសុទ្ធតែរាល់គ្នាអាចធ្វើបានដោយងាយនោះទេ ដរាបណាបើខ្លួនយើងផ្ទាល់មានការប្រុងប្រយ័ត្នខ្ពស់។ កន្លងទៅយើងសង្កេតឃើញទំព័រ Facebook ធំៗ មិនថាតែផ្នែកអាជីវកម្ម, កម្សាន្ត, ចំណេះដឹងផ្សេងៗត្រូវបានគេ Hack យក។ បែបនេះហើយ Sabay បង្ហាញឲ្យអ្នកកាន់ Page ទាំងអស់ គួរស្វែងយល់នូវចំណុច ៥ យ៉ាង ដើម្បីការពារជៀសឆ្ងាយមុនរឿងមិនល្អនោះកើតឡើងចំពោះខ្លួនអ្នក។
១.ការរៀបចំអ្នកគ្រប់គ្រង Page (Admin)
ស្ថិតក្នុងទីតាំង Settings នៃ Page > Page Roles ជាកន្លែងដែលយើងត្រូវធ្វើការកំណត់និងថែមថយសមាជិកអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុករបស់អ្នក។ ត្រង់ចំណុចនេះ បើអ្នកគិតថាម្នាក់នោះមិនគួរឲ្យទុកចិត្តបាន សូមកំណត់ដាក់ពួកគេត្រឹមជា Editor បានហើយ ព្រោះទាក់ទងមុខងារបង្ហោះ, ចែកចាយព័ត៌មានផ្សេងៗចេញពី Page ក្នុងនាមជា Editor គឺអាចធ្វើបានដូចគ្នា។
ត្រូវជៀសវាងពីការកំណត់នរណាម្នាក់ដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ធ្វើជា Admin ព្រោះតំណែងនេះ គឺមានន័យថាធំជាងគេបង្អស់ ហើយដោយទោះបីមាន Admin ច្រើន ប៉ុន្តែបើនរណាម្នាក់មានគំនិតមិនល្អ គេអាច Delete យើងចេញពី Page តែម្ដងក៏ថាបាន។
២.កុំប្រើប្រាស់កម្មវិធីឆ្លងកាត់ Page
Third-Party Application ជាកម្មវិធីជាច្រើន ដែលបង្ហោះនៅលើ Facebook ទាក់ទងនឹងការកម្សាន្ត ក៏ដូចជាការទស្សន៍ទាយណាមួយ ដោយទាមទារឲ្យយើងបំពេញនូវកូដសម្ងាត់និងធ្វើការអនុញ្ញាត (Allow) ពីយើងផ្ទាល់ មុននឹងដំណើរការកម្មវិធីនោះបាន។ មិនថាតែ Facebook Account ធម្មតា សម្រាប់ Page ក៏មានជម្រើសកម្មវិធីប្រភេទនោះដូចគ្នា ម្ល៉ោះហើយបើមិនចាំបាច់សូមកុំសាកល្បងប្រើប្រាស់ឲ្យសោះ ហើយបើចាំបាច់ត្រូវពិនិត្យនូវមូលដ្ឋាននៃ App នោះឲ្យបានច្បាស់លាស់មុននឹងដាក់ចិត្តថាសាកល្បង។
៣.បើកមុខងារលោតសារនៅពេល Login
ដោយសារ Page ត្រូវឆ្លងកាត់ការ Login ជាមួយ Facebook Account ដោយផ្ទាល់ បែបនេះអ្នកគួរតែប្រើប្រាស់មុខងារ Two-factor Authentication ដែលក្រុមហ៊ុន Facebook បានបង្កើត។ ស្ថិតក្នុងទីតាំង Settings > Security and Login > មើលត្រង់ Set up Two-Factor Authentication > បញ្ចូលនូវលេខទូរសព្ទមួយដែលអ្នកប្រើប្រាស់ប្រចាំ។
ពេលដំណើរការមុខងារនេះ នៅពេលដែលនរណាម្នាក់ចង់ធ្វើការ Login ចូលគណនីរបស់អ្នក ដោយទោះបីគេដឹងកូដសម្ងាត់ (Password) ក្ដី ប៉ុន្តែវានឹងទាមទារនូវកូដសម្ងាត់ផ្ញើចេញពី Message នៅក្នុងទូរសព្ទរបស់អ្នកមួយដំណាក់កាលទៀត។ ការធ្វើបែបនេះ អាចហៅថាជាប្រព័ន្ធសុវត្ថិភាពពីរតង់ត្រួតគ្នា ដែលពិបាកសម្រាប់អ្នកដែលប៉ុនប៉ង Hack មែនទែន។
៤.ទម្លាប់ឆែកមើលនរណាប្រើប្រាស់ Facebook អ្នក
ក្នុង Facebook មានមុខងារមួយ ដែលហៅថា Active Sessions ដែលស្ថិតក្នុង Settings> Securitys and Login > ត្រង់កន្លែង Where You're Logged In បង្ហាញរាល់ឧបករណ៍គ្រប់ប្រភេទដែលបាន Login គណនី Facebook អ្នក ហើយបើសង្កេតឃើញថាឧបករណ៍ណាមួយមិនប្រក្រតី ខុសពីឧបករណ៍អ្នកសូមចុច End Activity ហើយប្រញាប់ប្ដូរ Password ជាបន្ទាន់។ (គួរប្រើប្រាស់នូវ Password ដែលមានសញ្ញា #,$,%,^ ជៀសវាងកូដដែលទាក់ទងរឿងសំខាន់ ដូចលេខទូរសព្ទ, ថ្ងៃខែឆ្នាំកំណើត, ថ្ងៃស្រលាញ់គ្នាដំបូង)
៥.បើកមុខងារផ្ញើសារពេល Login ចម្លែក
ករណីបើនរណាម្នាក់ប្រើប្រាស់ឧបករណ៍ចម្លែកណាមួយ ដែលយើងមិនធ្លាប់បានប្រើប្រាស់ ហើយធ្វើការ Login គណនីរបស់អ្នក អ្នកអាចឲ្យ Facebook ផ្ញើសារជា Notification មកកាន់អ្នកដោយផ្ទាល់បាន ហើយត្រូវប្រញាប់ប្ដូរកូដសម្ងាត់ជាបន្ទាន់ ជៀសវាងម្នាក់នោះធ្វើការប្ដូរកូដបានមុន ហើយវាយលុកទិន្នន័យផ្សេងៗនៅក្នុង Page។
ចូលទៅកាន់ Settings> Security and Login > មើលត្រង់ពាក្យ Get alerts about Unrecognized logins ហើយធ្វើការ Turn On ទាំងត្រង់ប្រអប់ Notifications Facebook និងចូល Email ទូទៅរបស់អ្នក។