ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ និយម​ប្រើ​ដោក​យក្ស

  • 2017-08-21 07:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ទាំងអស់​ធ្លាប់​ស្គាល់​ដោក​ដែរ ឫ​ទេ​? ដោ​ក ជា​ឧបករណ៍​ធ្វើ​ពី​ឫស្សី​មាន​រាង​មូល ស្រ​ដៀង​នឹង​លួ​ឫ​កញ្ឆេរ តែ​វា​មាន​វិមាត្រ​ធំ និង​គ្មាន​ដៃ​សម្រាប់​លើក​ទេ​។ ទីតាំង​ផលិត​ដោក​នេះ ស្ថិតនៅ​ភូមិ​ក្រ​ឡាន ឃុំ​អូរ​ប្រាសាទ ស្រុក​ម​ង្គ​ល​បូរី ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។

បើ​តាម​ម្ចាស់​សិប្បកម្ម អ្នកនាង ​ឆៃ​យ៉ា​ បាន​ប្រាប់ Sabay ថា ក្រុម​គ្រួសារ​របស់​នាង​ប្រកប​របរ​ធ្វើ​ដោក​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ ដែល​ផ្ដើម​ពី​ឪពុក​ធ្លាក់​មក​បងៗ និង​ចុងក្រោយ​នេះ នាង​ជា​អ្នក​​គ្រប់​គ្រង​សិប្បកម្ម​មួយ​នេះ។

ម្ចាស់​សិប្បកម្ម​វ័យ ២៩​ឆ្នាំ​ ខាង​លើ​ បាន​បន្ថែម​ទៀត​ថា នៅ​ស្រុក​នេះ​គេ​ប្រើ​ដោក​ សម្រាប់​ដាក់​ស្រូវ ដោយ​ដោក​ទាំង​នេះ​ មាន​ទំហំ​ច្រើន​ប្រភេទ ដូចជា​សម្រាប់​ដាក់​ស្រូវ ១​តោន ១តោនកន្លះ ២​តោន និង​៣​តោន​។

ដោយឡែក​ដោក​យក្ស​ ដែល​កំពុង​ដឹក​នៅ​លើ​ឡាន​នោះ ត្រូវ​បាន​គេ​បញ្ជា​ទិញ​ជា​ពិ​សេស​ចំ​នួន​៤ ដើម្បី​យក​ទៅ​តាំង​លំអ​កន្លែង​កម្សាន្ត​មួយ​នៅ​ទីរួមស្រុក​ម​ង្គ​ល​បូរី​។ អ្នកនាង​ ឆៃ​យ៉ា​ បាន​បន្ថែម​ទៀ​ត​ថា ដើម្បី​ធ្វើ​ដោក​បាន គាត់​ត្រូវ​ដើរ​ទិញ​ ឫស្សី​ពី​អ្នកភូមិ​ជិតៗ​នេះ ដោយ​ដោក​តូច​ល្មមៗ​ចំណាយ​ពេល​១​ថ្ងៃ តែ​បើ​ដោក​ធំៗ​ត្រូវ​ប្រើ​ពេល​២​ថ្ងៃ​ទើប​ធ្វើ​រួច​។

បើ​និយាយ​ពី​តម្លៃ​វិញ គឺ​គិត​តាម​ទំហំ​របស់​ដោក ដែល​មាន​តម្លៃ​ចន្លោះ​ពី ៣០ ដុល្លារ ដល់​ជាង ១០០​ដុល្លារ​។ របរ​ធ្វើ​ដោក​នេះ ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​ជួយ​ទ្រ​ទ្រ​ង់​ជីវភាព​គ្រួសារ​របស់ ​អ្នកនាង​ ឆៃ​យ៉ា​។ កន្លង​មក​ក៏​មាន​ភ្ញៀវ​មួយ​ចំ​នួន ពេញចិត្ត​នឹង​ដោក​នេះ​ដែរ ចង់​ទិញ​ដោ​ក​នេះ​យក​ទៅ​ខេត្ត​ផ្សេង​ដែរ តែ​អ្នកនាង​គ្មាន​សេវា​ដឹកជញ្ជូន​ទេ ដូច្នេះ​ភ្ញៀវ​ត្រូវ​រក​ដឹកជញ្ជូន​ដោយ​ខ្លួនឯង៕ ​

អត្ថបទ៖ គីម សាយ