អ្នក​ប្រើ​ស្មាតហ្វូន​ទាំង​ឡាយ​ គួរ​ស្វែងយល់​ផ្នែក​គ្រឿង​ផ្គុំ​សំខាន់ៗ​ទាំង​នេះ

  • 2017-08-26 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រាំ​ផលិត​បាន​ចេញ​ជា​ស្មាតហ្វូន​មួយ​គ្រឿង​ដាក់​លក់​នៅ​លើ​ទីផ្សារ នៅ​ផ្នែក​ខាង​ក្នុង​ម៉ាស៊ីន​បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​គ្រឿង​ផ្គុំ​សំខាន់ៗ​ជា​ច្រើន។ ក្រៅ​ពី​ថ្ម, អេក្រង់ តើ​អ្នក​បាន​ធ្លាប់​ស្គាល់​អ្វី​ខ្លះ​ទៀត? Sabay បង្ហាញ​ឲ្យ​ស្វែងយល់​ពី​បង្គំ​នៃ​ផ្នែក​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ផលិត​ចេញ​ជា​ស្មាតហ្វូន​មួយ​គ្រឿង។

​​​១.អេក្រង់

ផ្នែក​នេះ​អាច​ចាត់​ទុក​ថា​ជា​ចំណុច​សំខាន់​បំផុត ដោយ​លើ​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​អេក្រង់ ២ ប្រភេទ​រួម​មាន: .LCDs ដែល​តំណាង​ឲ្យ​បច្ចេកវិទ្យា​អេក្រង់ IPS .LEDs ដែល​តំណាង​ឲ្យ​បច្ចេកវិទ្យា​អេក្រង់ AMOLED និង Super AMOLED

បើ​និយាយ​ពី​ភាព​ខុស​គ្នា​នៃ​អេក្រង់​ទាំង ២ ជា​ទូទៅ​ពពួក​ AMOLED/SAMOLED មាន​តម្លៃ​ថ្លៃ​ជាង​អេក្រង់ IPS ទៀតសោត​មាន​ពន្លឺ​ច្បាស់​ជាង, កម្រិត​បង្ហាញ​ប្រសើរ​ជាង និង​ជួយ​សន្សំ​សំចៃ​ថាមពល​​ថ្ម​បាន​ល្អ​ជាង។

២.ថ្ម

​​ពិត​ណាស់​ថ្ម​ដែល​គេ​និយម​បំពាក់​លើ​ស្មាតហ្វូន​បច្ចុប្បន្ន ច្រើន​ជា​ប្រភេទ Lithium-ion ដែល​មាន​ប្រភេទ​ដោះ​បាន (Removable) និង ដោះ​មិន​បាន (Non-Removable)។ ដោយ​ទោះ​បី​ជា​ថ្ម​ទាំង​នេះ បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ជួយ​ពង្រឹង​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ក្ដី ប៉ុន្តែ​ក៏​ផ្អែក​លើ​ការ​ប្រើប្រាស់​របស់​អ្នក​ដែរ ជៀសវាង​ការ​បង្ក​បញ្ហា​ផ្សេងៗ ពី​ការ​ប្រើ​ភ្ជាប់​ជាមួយ​ឧបករណ៍​សាក​ដែល​គ្មាន​ប្រភព​ជាក់លាក់​និង​ការ​ប្រើ​ខុស​ស្តង់ដារ​ជា​ដើម។

៣.បន្ទះ​ឈីប SoC

អ្នក​ខ្លះ​គិត​ថា​បន្ទះ​ឈីប​ឬ​យើង​ហៅ​ថា SoC គ្រាន់​តែ​ជា​អង្គ​គណនា​ម៉ាស៊ីន​ធម្មតា ផ្ទុយ​ទៅ​វិញ​មិន​ត្រឹម​តែ​ទ្រទ្រង់​លើ​ល្បឿន​ដំណើរការ CPU មួយ​ឡើយ​ ទៀត​សោត​វា​គ្រប់គ្រង​ទាំង GPU, Modem អ៊ីនធឺណិត LTE, ដំណើរការ​អេក្រង់, ដំណើរការ​វីដេអូ និង​ជំរុញ​ផ្នែក​ផ្គុំ​ផ្សេងៗ​ទៀត ដើម្បី​បង្កើត​ឲ្យ​ក្លាយ​ជា​ប្រព័ន្ធ (System) ជាក់លាក់​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្មាតហ្វូន​ប្រើប្រាស់​ទៅ​បាន។​ ដោយ​ទោះ​បី​មាន​ការ​ប្រកួតប្រជែង​ទីផ្សារ​បន្ទះ​ឈីប​ដូច​ជា Qualcomm, MediaTek, SAMSUNG, Kirin របស់ Huawei និង Ax របស់ Apple ក្ដី ប៉ុន្តែ​ពួក​គេ​ផលិត​ដោយ​ប្រើ​អាជ្ញាប័ណ្ណ​តែ​មួយ​ចេញ​ពី ARM។

៤.Memory និង​អង្គ​ផ្ទុក (Storage)

ស្មាតហ្វូន​មិន​អាច​ដំណើរការ​ទៅ​បាន ប្រសិន​ជា​គ្មាន​ RAM និង​អង្គ​ផ្ទុក (System Storage)។ RAM បំពាក់​លើ​ស្មាតហ្វូន ខុស​គ្នា​ទៅ​តាម​ទំហំ​តែ​មាន​ប្រភេទ​ដូច​ជា LPDDR3 ឬ LPDDR4 ដោយ​ស៊េរី​ទំនើប​ខ្លះ​បំពាក់​ដល់ LPDDR4X។ LP តំណាង​ឲ្យ​ពាក្យ Low-Power ដែល​ជួយ​កាត់​បន្ថយ​កម្លាំង​វ៉ុល​សរុប​នៃ​ឈីប​នីមួយៗ បង្កើន​ឲ្យ​មាន​ការ​សន្សំ​ថាមពល​ខ្ពស់​និង​ពង្រឹង​ទំហំ​ថ្ម​ប្រើ​បាន​យូរ។

Internal Storage ឬ System Storage យើង​អាច​ហៅ​ថា អង្គ​ផ្ទុក​នៃ​ម៉ាស៊ីន ដែល​ជា​ទូទៅ​មាន​ចន្លោះ​ពី 16GB – 256GB ប៉ុន្តែ​ទំហំ​ទាំង​នោះ​យើង​មិន​អាច​ឃើញ​ពេញ​គ្រប់គ្រាន់​តែ​ម្ដង​ឡើយ ដោយ​ឧបមា​ថា​ទំហំ​ម៉ាស៊ីន 64B យើង​សង្កេត​ឃើញ​តែ 53-55GB ប៉ុណ្ណោះ។ មូលហេតុ​ដោយ​សារ​ប្រព័ន្ធ​ដំណើរការ Operating System និង​កម្មវិធី​ដំឡើង​ស្រាប់​ក្នុង​ម៉ាស៊ីន បាន​ក្ដោបក្ដាប់​នៃ​អង្គ​ផ្ទុក​មួយ​នោះ អំឡុង​ពេល​ដែល​យើង​ធ្វើ​ការ Install ចូល​ទៅ​ក្នុង​ស្មាតហ្វូន។

៥.Modems

រាល់​ការ​ទំនាក់ទំនង​គ្នា, បើក​ប្រព័ន្ធ​អ៊ីនធឺណិត និង​ផ្ញើ​សារ​ចេញ​ចូល ស្មាតហ្វូន​បំពេញ​មុខងារ​ទាំង​នោះ​ទៅ​បាន​ដោយ​ឆ្លង​កាត់​ផ្នែក​គ្រឿង Modems។ មាន​ក្រុមហ៊ុន​ដែល​ផលិត​បន្ទះ​ឈីប​ជា​ច្រើន​ដូច​ Qualcomm, SAMSUNG និង Huawei បាន​ផលិត​នូវ​ Modems ដោយ​ខ្លួន​ឯង។​

បន្ទះ​ LTE Modems ក្រោយ​គេ​បង្អស់​នា​ពេល​បច្ចុប្បន្ន​គឺ Cat. 9 ដែល​វា​ជួយ​ជំរុញ​ឲ្យ​ល្បឿន​ដំណើរការ​អ៊ីនធឺណិត​លឿន​រហ័ស​ជា​ទី​បំផុត ធៀប​នឹង​ពពួក​ស្មាតហ្វូន​ដទៃៗ​ដោយ​ទោះ​បី​គាំទ្រ​ការ​ប្រើ​ប្រព័ន្ធ LTE បាន​ដូច​គ្នា​ក្ដី។

៦.Camera

កាមេរ៉ា​ក្នុង​ស្មាតហ្វូន​បែងចែក​ជា ២ គឺ​កាមេរ៉ា​មុខ​និង​ក្រោយ ប៉ុន្តែ​ក្នុង​កាមេរ៉ា​មួយ​គឺ​ផ្គុំ​ឡើង​ដោយ ៣ ផ្នែក:

  • Sensor ត្រួត​ពិនិត្យ​ពន្លឺ
  • Lens ជា​ផ្នែក​ដែល​ពន្លឺ​ឆ្លង​កាត់
  • The Image Processor ការ​ចាប់​យក​រូបភាព​ឬ​វីដេអូ

អ្នក​ខ្លះ​ថា​ទំហំ Megapixels ជា​ផ្នែក​សំខាន់​នៃ​កាមេរ៉ា បើ​វា​ធំ​កាមេរ៉ា​នោះ​នឹង​ថត​បាន​ច្បាស់ ប៉ុន្តែ​ការ​គិត​បែប​នេះ​គឺ​ខុស​ទាំង​ស្រុង។ ផ្នែក​សំខាន់​បំផុត​គឺ​ផ្អែក​ទៅ​លើ Sensor ឯ​ណោះ​ទេ ដោយ​គ្រប់​ស្មាតហ្វូន​ទាំង​អស់ រមែង​មាន​ Sensor ខុសៗ​ពី​គ្នា។​ ដែល​ពួក​វា​អាច​គ្រប់គ្រង​កម្រិត​ពន្លឺ​ខ្ពស់​ទាប​ជាង​គ្នា និង​ជំរុញ​ឲ្យ Lens ធ្វើ​ការ​បាន​ល្អ​ទៅ​តាម​នោះ។ ខណៈ​ Sensor នៃ​កាមេរ៉ា​ស្មាតហ្វូន​មាន​ទំហំ​តូច​ជា​កត្តា​ធ្វើ​ឲ្យ​ការ​ថត​រូប​និង​វីដេអូ​តាម​ទូរសព្ទ មិន​អាច​ធ្វើ​បាន​ល្អ​នៅ​ទី​ងងឹត​ឡើយ ខុស​ពី​ពពួក​កាមេរ៉ា​ធំ​ដែល​មាន Sensor ទំហំ​ធំ អាច​ធ្វើ​បាន​ប្រសើរ​ជាង​ឆ្ងាយ ជា​កត្តា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ស្មាតហ្វូន​សព្វ​ថ្ងៃ​កំពុង​ផ្ដោត​លើ​ការ​ជំនួយ​មុខងារ​នោះ។

៧.Sensors

រាល់​ស្មាតហ្វូន​ទាំង​អស់ មាន Sensors ចំនួន ៥ ដែល​មិន​អាច​ខ្វះ​បាន។

  • Accelerometer: ចាប់​សញ្ញា​នៅ​ពេល​យើង​ធ្វើ​ការ​លើ​ស្មាតហ្វូន​ក្រឡុក, ផ្ដេក​បញ្ឈរ​អេក្រង់​និង​ការ​ផ្លាស់ទី
  • Gyrocsope: ដំណើរការ​ព្រម​គ្នា​ជាមួយ Sensor ខាង​លើ ក្នុង​ការ​ប្រាប់​ជា​ដំណឹង​ឲ្យ​ស្មាតហ្វូន​ដាក់​ទៅ​ជា​ផ្តេក ឧទាហរណ៍​នៅ​ពេល​លេង​ហ្គេម​ប្រណាំង​រថយន្ត​ឬ​ទស្សនា​ខ្សែ​ភាព​យន្ត​ជាដើម
  • Digital Compass: ជា​មុខងារ​ត្រីវិស័យ​នៅ​លើ​ស្មាតហ្វូន
  • Ambient Light Sensor: វាស់​ស្ទង់​កម្រិត​ពន្លឺ ពេល​ណា​ត្រូវ​ទម្លាក់​ពន្លឺ​និង​បង្កើត​ពន្លឺ ដែល​យើង​និយម​ប្រើ​មុខងារ Auto Brightness គឺ​ឆ្លង​កាត់​ Sensor នេះ​ឯង
  • Proximity Sensor: អំឡុង​ពេល Call បើ​អ្នក​លើក​ទូរសព្ទ​ដាក់​ក្បែរ​ត្រចៀក វា​នឹង​ងងឹត​អេក្រង់​ស្វ័យប្រវត្តិ ខណៈ​បើ​វា​មិន​ងងឹត​នោះ​ស្មាតហ្វូន​អ្នក​ខូច​ផ្នែក​គ្រឿង​នេះ​ហើយ។​

ចុច​អាន​អត្ថបទ៖

ប្រភព៖ fossbytes   ប្រែសម្រួល៖ កៅ រក្សា