ជំនន់មូសុង ឆក់យកជីវិតប្រជាជនឥណ្ឌាជាង ៥០០នាក់ និង​ប៉ះពាល់ ១៧លាន​នាក់ត្រឹមតែពីរបីថ្ងៃ

  • 2017-08-30 01:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​រដ្ឋាភិបាល​​ឥណ្ឌា​ប្រចាំ​​រដ្ឋ Bihar ភាគខាង​កើត​ប្រទេស​ បាន​​ថ្លែង​​កាល​ពី​ថ្ងៃ​អង្គារ​​ទី ២៩​សីហា ម្សិលមិញ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៥១៤​នាក់​ បាន​ស្លាប់​​បាត់​បង់​ជីវិត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​នេះ ដោយ​​មនុស្ស​រាប់​ពាន់​ផ្សេង​ទៀត​បាន​ជ្រក​ក្នុង​​ជុំរុំ​បណ្ដោះ​អាសន្ន​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួក​គេ។

រូបភាព​ផ្ដល់សិទ្ធិ​ពី Reuters

​ប្រជាជន​ប្រមាណ ១៧,១​លាន​នាក់​ក្នុង​ស្រុក​ចំនួន ២៩​​ នៃ​រដ្ឋ​ខាង​លើ​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​​ទឹក​ជំនន់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​រដ្ឋមន្ត្រី​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​រដ្ឋ Bihar លោក Dinesh Chandra Yadav។

កាល​ពី​សប្ដាហ៍​​មុន លោក​​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា ណារិន្ទដ្រា ម៉ូឌី ​​បាន​ពិនិត្យ​មើល​ស្ថានភាព​​ទឹក​ជំនន់​ក្នុង​រដ្ឋ Bihar ​និង​ប្រកាស​ពី​កញ្ចប់​ថវិកា​ត្រូវ​ជួយ​សង្គ្រោះ​មាន​ប្រមាណ ៧៨​លាន​ដុល្លារ ក្រោយ​ជួប​ប្រជុំ​ជា​មួយ​អភិបាល​រដ្ឋ Bihar លោក Nitish Kumar។

​ភ្លៀង​មូសុង បាន​ធ្លាក់​យ៉ាង​ច្រើន​​នៅ​​តំបន់​អាស៊ីអាគ្នេយ៍ ​ដោយ​កន្លែង​ខ្លះ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ និង​អាយុ​ជីវិត​មនុស្ស​​ជា​រៀង​រាល់​ឆ្នាំ​នៅ​ចន្លោះ​ខែ​កក្កដា និង​ខែ​កញ្ញា ប៉ុន្តែ​សម្រាប់​ឥណ្ឌា​ឆ្នាំ​នេះ​ គឺ​ធ្ងន់​ធ្ងរ​ជាង​គេ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ