គ្រប់ទឹក! ស្រ្តីថៃ​រៀបការជាមួយ​បុរស៨នាក់ រួចយកចំណងដៃសន្ធឹកសន្ធាប់ រត់គេចខ្លួន

  • 2017-09-05 02:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ថៃ​កំពុង​ស្វែងរក​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​រៀបការ​ជាមួយ​បុរស​យ៉ាង​ហោច​ណាស់ ៨នាក់ មុន​ពេល​រត់​គេច​ខ្លួន​ជាមួយ​ចំណងដៃ ចន្លោះ​ពី ២០០ ០០០ បាត ទៅ ៥០០ ០០០ បាត (ប្រហែល ៦ ០០០ ដុល្លារ ទៅ ១៥ ០០០ ដុល្លារ) ក្នុង​មួយ​ពិធី​មង្គលការ។

ជនរងគ្រោះ​ម្នាក់​មាន​ឈ្មោះ​ថា Prasarn Tiamyam អាយុ ៣២ ឆ្នាំ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លើ​អតីត​ភរិយា ឈ្មោះ Jariyaporn Nammon Buayai អាយុ ៣២ ឆ្នាំ ដែល​បាន​បោកប្រាស់​ខ្លួន​អស់​ចំណង​ដៃ ២០០ ០០០ បាត រយៈពេល ៤ ថ្ងៃ​បន្ទាប់​ពី​ពិធី​មង្គលការ​របស់​ពួកគេ នៅ​ក្នុង​ខេត្ត Prachuap Khiri Khan ប្រទេស​ថៃ។

លោក Prasarn បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ស្គាល់ Nammon នៅ​ពេល​នាង Add Friend មក​លោក នៅ​លើ​បណ្ដាញ​សង្គម Facebook កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ។ រយៈពេល​ត្រឹមតែ ៩​ខែ​ប៉ុណ្ណោះ លោក​បាន​យល់ព្រម​រៀបការ​ជាមួយ​នាង បន្ទាប់ពី Nammon ប្រាប់​ថា​នាង​មាន​ផ្ទៃពោះ។

ក្នុង​អំឡុង​ពេល​ស្រលាញ់​គ្នា នាង Nammon បដិសេធ​មិន​ព្រម​ឲ្យ លោក Prasarn ជួប​គ្រួសារ​របស់​នាង​ឡើយ។ រយៈពេល ៤ ថ្ងៃ​ក្រោយ​ពេល​រៀបការ​រួច នាង Nammon បាន​ប្រាប់​លោក​ថា នាង​ត្រូវ​ទៅ​ដោះស្រាយ​បញ្ហា​ជំនួញ​ផ្លែឈើ នៅ​ឯ​ខេត្ត Nong Khai ហើយ​ក៏​បាន​ចាកចេញ​ទៅ។

មិនយូរប៉ុន្មាន លោក Prasarn ក៏​មិន​អាច​ទាក់ទង​ភរិយា​របស់​ខ្លួន​បាន។ ផ្ទុយទៅវិញ លោក​បាន​ទទួល​ការ​ហៅ​ទូរសព្ទ​ពី​ស្ត្រី​ម្នាក់ ដែល​អះអាង​ថា​ជា​ក្មួយ​របស់ នាង Nammon។ ស្ត្រី​ជា​ក្មួយ​រូប​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ដាយ​មីង​របស់​ខ្លួន​បាន​រលូត​កូន និង​ប្រាប់​លោក Prasarn ថា មិន​គួរ​ទាក់ទង​ទៅ ម្ដាយ​មីង​របស់​ខ្លួន​ទៀត​ឡើយ។

ក្រោយមក លោក Prasarn ក៏​បាន​ដឹង​ខ្លួន​ថា លោក​ត្រូវ​គេ​បោកប្រាស់ នៅ​ពេល​ដែល​រឿងរ៉ាវ​ស្រដៀង​គ្នា​របស់ នាង Nammon ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook។

ទន្ទឹម​នឹង​នេះ​ដែរ បុរស​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន​ថៃ Khaosod ថា លោក​ក៏​បាន​ជួប​នាង Nammon នៅ​លើ​បណ្ដាញ​សង្គម Facebook និង​ត្រូវ​ចាញ់​បោក​នាង​អស់ ៥០០ ០០០ បាត​ដែរ កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ​នេះ។ បន្ទាប់​ពី​លោក​បាន​វេរ​លុយ ចូល​ទៅ​ក្នុង​គណនី​ធនាគារ​របស់ Nammon នាង​ក៏​បាន​និយាយ​យ៉ាង​សាមញ្ញ​ថា «វា​មិនមែន​ជា​ពេល​វេលា​ល្អ​សម្រាប់​នាង ដើម្បី​រៀបការ​នោះ​ទេ ព្រោះ​ដោយសារ​តែ​ទំនាយ​មិន​ល្អ»៕

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដទៃ​ផ្សេង​ទៀត សុទ្ធតែ​ស្គាល់​នាង Nammon តាម​រយៈ​បណ្ដាញ​សង្គម Facebook ហើយ​រួមរក្ស​ជាមួយ​នាង បន្ទាប់​ពី​ជួប​គ្នា និង​ត្រូវ​នាង​បោកប្រាស់​រឿង​មាន​ផ្ទៃពោះ​ទាំង​អស់៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង