ទើបតែដឹង! រឿងដ៏ល្បីកប់នេះ ក៏ជាស្នាដៃរបស់អ្នកនិពន្ធ ស្រទន់មន្តស្នេហ៍
- 2017-09-06 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែដឹង! រឿងដ៏ល្បីកប់នេះ ក៏ជាស្នាដៃរបស់អ្នកនិពន្ធ ស្រទន់មន្តស្នេហ៍
ចន្លោះមិនឃើញ
ប្រិយមិត្តនិយមចូលចិត្តស្តាប់វិទ្យុ ប្រហែលជានៅចាំរឿង «កំណាត់ផ្លូវចុងក្រោយ» ដែលជាល្ខោនវិទ្យុដ៏ល្បីល្បាញរបស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា នាអំឡុងឆ្នាំ ២០០៨។ ល្ខោនវិទ្យុដ៏កក្រើក បើកត្រលប់នូវអតីតកាលដ៏ខ្មៅងងឹតក្នុងសម័យខ្មែរក្រហមនេះ គឺជាស្នាដៃរបស់អ្នកនិពន្ធរឿង«ស្រទន់មន្តស្នេហ៍» អ្នកស្រី ម៉ីសន សុធារី ។
អ្នកនិពន្ធដែលមានស្នាដៃឆ្នើមជាច្រើនក្នុងវិស័យសារព័ត៌មាន និងតែងនិពន្ធរូបនេះ បានខិតខំស្រាវជ្រាវយ៉ាងពេញទំហឹង ក្នុងការនិពន្ធល្ខោនវិទ្យុ «កំណាត់ផ្លូវចុងក្រោយ» នេះឡើង ដោយផ្សារភ្ជាប់ប្រវត្តិសាស្រ្តទៅនឹងសិល្បៈ។
អ្នកនិពន្ធរឿង«ស្រទន់មន្តស្នេហ៍» ដែលបានប្រែក្លាយពីប្រលាមលោក ទៅជារឿងភាគដ៏ល្បីប្រចាំឆ្នាំ២០១៧ បានឲ្យដឹងថា អ្នកស្រីបានសរសេររឿងសម្រាប់មណ្ឌលព័ត៌មានស្រ្តីកម្ពុជាជាច្រើនរឿង តែក្នុងនោះរឿង «កំណាត់ផ្លូវចុងក្រោយ» ទទួលបានជោគជ័យហួសស្មាន។
«កាលណោះ ខ្ញុំនិពន្ធច្រើនរឿងមែនទែន តែរឿងប្រវត្តិសាស្រ្តមួយនេះទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន និងមនុស្សគ្រប់វ័យ រឿងនេះមានចំនួន៦ភាគ ១ភាគ៣០នាទី សម្រិតសម្រាំងបំផុត ព្រោះវាជារឿងប្រវត្តិសាស្រ្ត ត្រូវការពេលសិក្សាស្រាវជ្រាវល្អិតល្អន់ណាស់ ទម្រាំសរសេរបានមួយភាគៗ» អ្នកស្រី សុធារី បន្ថែម។
បើប្រៀបធៀបទៅនឹងរឿងផ្សេងទៀត អ្នកស្រី សុធារី ថា រឿងនេះចំណាយពេលស្រាវជ្រាវយូរបំផុត ព្រោះ១ឆ្នាំ អាចសរសេរបានត្រឹម១ភាគ ដែលមានរយៈពេល៣០នាទីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយការលះបង់ពេលវេលាក្នុងការសម្រិតសម្រាំង ដើម្បីសម្រេចបាននូវរឿងដ៏មានខ្លឹមសារនេះ មិនធ្វើឲ្យអ្នកនិពន្ធអស់សង្ឃឹមឡើយ ដោយមានអ្នកស្តាប់គាំទ្រលើសលប់។
ស្របពេលដែលភាពយន្តភាគរឿង «ស្រទន់មន្តស្នេហ៍» ដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN និងទទួលបានគាំទ្រយ៉ាងគគ្រឹកគ្រេងពីទស្សនិកជននោះ តើអ្នកស្រី សុធារី មានគម្រោងប្រែក្លាយល្ខោនវិទ្យុ «កំណាត់ផ្លូវចុងក្រោយ» មកជារឿងភាគទូរទស្សន៍ ដូច «ស្រទន់មន្តស្នេហ៍» ដែរឬទេ? ឆ្លើយតបទៅនឹងសំណួរនេះ អ្នកនិពន្ធដែលមានកូនពីររូបនេះ បញ្ជាក់ថា ប្រាកដណាស់ ប៉ុន្តែមិនមែនក្នុងពេលឆាប់ៗនេះទេ ព្រោះបច្ចុប្បន្ននេះអ្នកស្រីកំពុងតែមមាញឹកក្នុងផលិតរឿងធំៗចំនួន៣ផ្សេងទៀត។
ប្រលោមលោកដ៏ល្បី និងជក់ចិត្តរបស់អ្នកនិពន្ធ ម៉ីសន សុធារី បែបមនោសញ្ចេតនាផ្សេងទៀតក៏ទទួលបានប្រជាប្រិយភាព និងមានអ្នកអានមិនចាញ់រឿង «ស្រទន់មន្តស្នេហ៍» ឡើយ ដូចជារឿង «កិច្ចសន្យាស្នេហ៍យើង», «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» និង រឿង «អធិរាជបេះដូង» ជាដើម។
ចង់ដឹងថា ល្ខោនវិទ្យុដ៏ល្បីល្បាញ «កំណាត់ផ្លូវចុងក្រោយ» ជក់ចិត្តយ៉ាងណា ស្តាប់ ភាគ១ ទាំងអស់គ្នា៖