ក្លឹប Man Utd គ្រោង​បើក​ការ​ចរចា​កុង​ត្រា​ថ្មី​ជាមួយ​លោក Mourinho

  • 2017-09-08 11:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ទូទៅ​ក្លឹប​បិសាច​ក្រហម Manchester United លោក Jose Mourinho ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​បើក​ការ​ចរចា​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​មួយ​នេះ​ក្នុង​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​នេះ នេះ​បើ​តាម​សារព័ត៌មាន​អង់គ្លេស Telegraph។

ការ​ផ្ដល់ ឬ​មិន​ផ្ដល់​កុង​ត្រា​ថ្មី​ទៅ​លើ​លោក Mourinho គឺ​វា​អាស្រ័យ​ការ​លើ​ការ​លេង​របស់​ក្លឹប​បិសាច​ក្រហម​ក្នុង​រដូវ​កាល​ថ្មី​នេះ​ ប៉ុន្តែ​ក្លឹប​ជើង​ឯក​លីគ​កំពូល​២០​សម័យ​មួយ​នេះ គ្រោង​បើក​ការ​ចរចា​រឿង​កុង​ត្រា​ថ្មី​នេះ​ឲ្យ​បាន​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​នេះ ដើម្បី​ធានា​បាន​ថា​កុង​ត្រា​ថ្មី​របស់​អ្នក​ចាត់ការ​ទូទៅ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​អាច​សម្រេច​បាន​យ៉ាង​រលូន​ មុន​ពេល​កុង​ត្រា​ចាស់​របស់​លោក Mourinho ចូល​ដល់​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្លួន បើ​សិន​ជា​លោក​បន្ត​ដឹកនាំ​បាន​ជោគ​ជ័យ​នា​រដូវ​កាល​ថ្មី​នេះ។ លោក Jose Mourinho បាន​ចូល​រួម​ជាមួយ​ក្លឹប Manchester United កាល​ពី​រដូវ​កាល​មុន​ ហើយ​បាន​ចុះ​កុង​ត្រា​ ៣​ឆ្នាំ​ជាមួយ​ក្លឹប ហើយ​នេះ​ជា​ឆ្នាំ​ទី​២ នៃ​កុង​ត្រា​របស់​លោក​ហើយ។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ពេល​ថ្មីៗ​នេះ បុរស​ព័រទុយហ្គាល់​វ័យ ៥៤​ឆ្នាំ​រូប​នេះ បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថា ខ្លួន​មិន​បាន​គិត​ពី​ការ​ទាម​ទារ​ក្នុង​ការ​ចុះ​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​បិសាច​ក្រហម​នោះ​ឡើយ។ លោក Mourinho បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​មិន​ត្រូវ​ការ​កុង​ត្រា​ថ្មី​ដើម្បី​ធ្វើ​ការ​ឲ្យ​អស់​ពី​សមត្ថភាព​ខ្ញុំ​ទេ"។ លោក​បាន​ព្រលយទៀត​ថា៖ "ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​ចង់​ដឹក​នាំ​ក្លឹប​នេះ​ជា​ច្រើន​ឆ្នាំ​ទៀត​ត​ទៅ​មុខ​ទៀត"។

  គួរ​បញ្ជាក់​ផង​ដែរ​ថា លោក David Moyes និង​លោក Louis van Gaal ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​យក្ស​អង់គ្លេស​មួយ​នេះ មុន​លោក Mourinho មិន​បាន​ដឹក​នាំ​ក្លឹប​រហូត​ដល់​ចប់​កុង​ត្រា​ខ្លួន​ត្រឹម​ត្រូវ​នោះ​ទេ ដោយ​លោក​ Moyes ត្រូវ​បាន​បណ្ដេញ​ចេញ​ក្លឹប ក្រោយ​ពី​ដឹក​នាំ​បាន​ ១១​ខែ ខណៈ​លោក Van Gaal អស់​តំណែង​នេះ ក្រោយ​ដឹក​នាំ​បាន​ពីរ​រដូវ​កាល។ តាំង​ពី​ក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​បិសាច​ក្រហម លោក Jose Mourinho បាន​ជួយ​ឲ្យ​ក្លឹប​លើក​ពាន ៣​ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន គឺ Community Shield, League Cup និង​ Europa League៕

ប្រភព៖ telegraph   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម