ត្រឹម៣ថ្ងៃ រឿង​ឈរ​លើតារាង​ Box Office លេខ១​សប្ដាហ៍​នេះ រកចំណូល​បានខ្ទង់​រយ​លាន​ដុល្លារ

  • 2017-09-11 03:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“It” ជា​ប្រភេទ​រឿង​បែប​រន្ធត់​ អាថ៌​កំបាំង​ បាន​ដណ្ដើម​លេខ​១​ក្នុង​តារាង​ Box Office សហរដ្ឋអាមេរិក​ជាមួយ​នឹង​ទឹក​ប្រាក់​ដល់​ទៅ ១១៧,១លាន​ដុល្លារ​ ក្នុង​រយៈ​ពេល​តែ​៣​ថ្ងៃ​​សម្រាប់​សប្ដាហ៍​ដំបូង​។

ចំនួន​ទឹក​ប្រាក់​នេះ​គឺ​កំណត់​ថា​ជា​ទឹក​ប្រាក់​ច្រើន​បំផុត​សម្រាប់​រឿង​ដាក់​បញ្ចាំង​ក្នុង​ខែ​កញ្ញា​ បំបាក់​រឿង​ "Hotel Transylvania 2” ដែល​ធ្លាប់​ជា​ម្ចាស់​តំណែង​នេះ​។ "It” គឺ​ជា​ស្នា​ដៃ​ថ្មី​មួយ​របស់​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ Stephen King បាន​ទទួល​ការ​ជោគ​ជ័យ​ខ្លាំង ធ្វើ​ឲ្យ​ចំនួន​ទឹក​ប្រាក់​ Box Office មាន​ការ​កើន​ឡើង​ បន្ទាប់​ពី​ចំនួន​ទឹក​ប្រាក់​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ បើ​ប្រៀប​ធៀប​​ពី​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ​កាល​ពី​សប្ដាហ៍​មុន។

Poster រឿង "It"

“It” ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រ​ចេះ​ត្រចង់​យ៉ាងនេះ​ គឺ​បណ្ដាល​មក​ពី​ការ​ផ្សព្វផ្សាយ​បាន​ល្អ និង​មាន​ការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​ឈប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សម្រុក​ទៅ​មើល​រឿង​នេះ​យ៉ាង​កុះ​ករ។ រឿង​នេះ​គេ​បានកំណត់​រួច​ហើយ​ថា​ នឹង​ក្លាយ​ជា​រឿង​ដ៏​ល្អ​មួយ​ដែល​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​ក្នុង​ឆ្នាំ ២០១៧។

តំណែង​លេខ​២​ក៏​បាន​ទៅ​លើ​រឿង​ចំណូល​ថ្មី​ដែរ​ គឺ​រឿង​ "Home Again” ជា​រឿង​សម្ដែង​ដោយ​តារា​សម្ដែង Reese Witherspoon រក​ចំណូល​បាន​ ៩​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​បន្ទាប់​ពី​ដាក់​បញ្ចាំង​។

Poster រឿង "Home Again"

ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣​ គឺ​បាន​ទៅ​លើ​រឿង​ "The Hitman's Bodyguard” រក​ប្រាក់បាន​ ៤,៨លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ទី​៤។ នេះ​បាន​ធ្វើ​ឲ្យ​ទឹក​ប្រាក់​ចំណូល​​សរុប​តែ​ក្នុង​សហរដ្ឋ​អាមេរិក​ឡើង​ដល់​ ៦៤,៨លាន​ដុល្លារ​ហើយ។

រឿង "Annabelle: Creation” រក​ប្រាក់​ចំណូល​បាន​ ៤លាន​ដុល្លារ​ ធ្វើ​ឲ្យ​រឿង​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ ជាមួយ​នឹង​ចំណូល​សរុប​ ៩៦,២​លាន​ដុល្លារ។

“Wind River” ជាប់​ចំណាត់​ថ្នាក់​លេខ​ ៥​ ជាមួយ​ទឹក​ប្រាក់​ ៣,២​លាន​ដុល្លារ​ ស្រប​ពេល​ដែល​រឿង​ "Leap!” ជាប់​ចំណាត់​ថ្នាក់​លេខ​ ៦​ រក​ចំណូល​បាន​ ២,៥​លាន​ដុល្លារ។

ក្នុង​សប្តាហ៍​ទី​៧​ "Spider-Man: Homecoming” នៅ​តែ​មាន​លទ្ធភាព​ស្ថិត​ក្នុង​តារាង​ Box Office ជាមួយ​ទឹក​ប្រាក់​ ២​ លាន​ដុល្លារ​ ធ្វើ​ឲ្យ​ទឹក​ប្រាក់​សរុប​គឺ ៣២៧,៧​លាន​ដុល្លារ។

ភាពយន្ត​បែប​សង្គ្រាម​របស់​លោក​ Christopher Nolan រឿង "Dunkirk” ជាប់​ចំណាត់​ថ្នាក់​លេខ​ ៨​ ជាមួយ​ទឹក​ប្រាក់​ ១,៩​លាន​ដុល្លារ​។ ចណែក​ឯ​រឿង "Logan Lucky” ទទួល​តំណែង​លេខ​ ៩​ រក​ប្រាក់បាន ១,៨​លាន​ដុល្លារ ខណៈ​រឿង "The Emoji Movie” បាន​ចំណាត់​ថ្នាក់​លេខ​១០​ ជាមួយ​ចំណូល​១​លាន​ដុល្លារ៕

នេះ​ជា​ Trailers រឿង​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម