ត្រួស​ៗ​ពី​អាជីវកម្ម​បច្ចេកវិទ្យា​តាម​ប្រទេស​មួយ​ចំនួន​ក្បែរ​កម្ពុជា

  • 2017-09-11 09:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាស៊ាន​បាន​ក្លាយ​ជា​តំបន់​ដែល​មាន​ការ​វិវត្ត​យ៉ាង​រហ័ស​ផ្នែក​អាជីវកម្ម​គ្រប់​ប្រភេទ​ ​ហើយ​សូម្បី​តែ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ក៏​មាន​ការ​រីក​ចម្រើន​មិន​ចាញ់​ប្លុក​ប្រទេស​មហាអំណាច​នៅ​លោក​ខាង​លិច​ផង​ដែរ។

ឥណ្ឌូណេស៊ី​ ​នឹង​ក្លាយ​ជា​ប្រទេស​ទី​មួយ​ក្នុង​តំបន់​អាស៊ាន​ដែល​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ស្រុក​កើត​ចេញ​ពី​គម្រោង​អាជីវកម្ម​បង្កើត​ថ្មី​ ​(Startup)​ ​មាន​លទ្ធភាព​បោះ​ផ្សាយ​មូលបត្រ​ ​(ប័ណ្ណ​ភាគហ៊ុន)​ ​ដែល​តម្លៃ​ប្រមាណ​ ​៣,៤​ ​លាន​ដុល្លារ។ ក្រុមហ៊ុន​នោះ​គឺ​ ​Kioson​ ​ដែល​ជា​ផ្សារ​ទំនិញ​អេឡិចត្រូនិក​ទិញ​លក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ កាន់​តែ​ពិសេស​សម្រាប់​ឥណ្ឌូណេស៊ី​ ​គឺ​ ​Nokia​ ​នឹង​ដំណើរការ​រោងចក្រ​ដំឡើង​ស្មាតហ្វូន​របស់​ខ្លួន​នៅ​លើ​កោះ​ ​Batam​ ​របស់​ឥណ្ឌូណេស៊ី​នេះ​តែ​ម្ដង។

សិង្ហបុរី​ ​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​ ​ទើប​សហការ​ជា​មួយ​ ​Razer​ ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​មួយ​ក្នុង​វិស័យ​កីឡា​អេឡិចត្រូនិក​ ​(Esport)​ ​ជុំវិញ​ពិភពលោក​ដើម្បី​ផលិត​បច្ចេកវិទ្យា​ទូទាត់​សាច់​ប្រាក់​ទំនើប​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឲ្យ​កាន់​តែ​មាន​ជឿនលឿន​សម្រាប់​ប្រជាជន​សិង្ហបុរី។

ម៉ាឡេស៊ី​ ​មាន​ក្រុមហ៊ុន​ថ្មី​មួយ​ដែល​កើត​ចេញ​ពី​គម្រោង​អាជីវកម្ម​បង្កើត​ថ្មី​ ​(Startup)​ ​ជា​មួយ​កញ្ចប់​ទឹក​ប្រាក់​ ​២៣៥​ ​លាន​ដុល្លារ​ឈ្មោះ​ថា​ ​MDV​ ​ដែល​ផ្ដោត​លើ​ការ​ផលិត​បច្ចេកវិទ្យា​ ​AR, VR, AI​ ​និង​ការ​បោះពុម្ព​ ​4D​ ​ជា​ដើម។ លើស​ពី​នេះ​ ​សេវាកម្ម​ជួល​កង់​បែប​ទំនើប​របស់​ចិន​ ​Mobike​ ​និង​សេវា​រថយន្ត​តាក់ស៊ី​ ​Uber​ ​របស់​អាមេរិក​ក៏​កំពុង​ប្រជែង​យក​ទីផ្សារ​ក្នុង​ប្រទេស​សម្បូរ​ប្រេង​ប្រចាំ​អាស៊ាន​ ​និង​មាន​ប្រជាជន​ជាង​ ​៣០​ ​លាន​នាក់​នេះ​ផង​ដែរ។

ថៃ​ ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​ទើប​បង្កើត​ដោយ​គម្រោង​អាជីវកម្ម​បង្កើត​ថ្មី​ ​(Startup)​ ​ឈ្មោះ​ ​Event Pop​ ​ដែល​រក​បាន​ប្រមាណ​ ​២​ ​លាន​ដុល្លារ​ក្រោយ​បង្កើត​បាន​ ​២​ ​ឆ្នាំ​ ​ហើយ​ ​Event Pop​ ​ផ្ដល់​សេវា​ទិញ​ ​និង​កក់​សំបុត្រ​ចូល​កម្មវិធី​នានា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​ថៃ។

មីយ៉ាន់ម៉ា​ ​បាន​ក្លាយ​ជា​គោលដៅ​វិនិយោគ​យ៉ាង​មាន​សក្ដានុពល​សម្រាប់​សហគ្រិន​វិស័យ​បច្ចេកវិទ្យា​។ ​ថ្មី​ៗ​ក្រុមហ៊ុន​មួយ​ទើប​បង្កើត​ក្នុង​ប្រទេស​នេះ​ដោយ​គម្រោង​អាជីវកម្ម​បង្កើត​ថ្មី​ ​(Startup)​ ​ជា​មួយ​កញ្ចប់​ថវិកា​ប្រមាណ​ ​៥០​ ​ម៉ឺន​ដុល្លារ​ឈ្មោះ​ ​Bindez​ ​ដែល​ផ្ដល់​សេវា​វិភាគ​ ​គ្រប់គ្រង​មាតិកា​បណ្ដាញ​សង្គម​ ​និង​សេវា​ស្វែងរក​កម្មវិធី​ព័ត៌មាន​សម្រាប់​សារព័ត៌មាន​ក្នុង​ស្រុក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Techinasia   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី