ប្លែក​ណាស់​កម្មវិធី​មួយ​នេះ​តម្រូវ​ឲ្យ​អ្នក​ដើរ​ម៉ូដ​តុប​តែង​ខ្លួន​ដូច​ប្រេត

  • 2017-09-14 02:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សន្និសីទ​សារព័ត៌មាន​​ស្ដី​អំពី​ "ភ្ជុំ​មហា​គ្រួសារ​ខ្មែរ​" ​ម្សិល​មិញ​នេះ​នៅ​ផ្សារ​ Jet's Container ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​អបអរសាទរ​​​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ តាំង​ពី​ដូន​តាមក​។ ប៉ុន្តែ​អ្វី​ដែល​​ប្លែក​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​ និង​អ្នក​ដើរ​បង្ហាញ​ម៉ូដ​ត្រូវ​តុប​តែង​ខ្លួន​ដូច​ប្រេត​។

លោក ប៉ានី វិរៈរិទ្ធ ជា​ប្រធាន​ផ្នែក​ផលិតកម្ម​វិធី​​ប្រចាំ​ក្រុម​ហ៊ុន​ Clip Media បាន​លើក​ឡើង​ថា​ ដោយ​សារ​តែ​អំឡុង​ពេល​នេះ​ជា​រដូវ​កាល​ភ្ជុំ​បិណ្ឌ​ ទើប​រូប​លោក​និង​ក្រុម​ហ៊ុន​២​ ផ្សេង​ទៀត​ចាប់​ដៃ​គ្នា​​បង្កើត​កម្មវិធី "ភ្ជុំ​មហា​គ្រួសារ​ខ្មែរ​" នេះ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​លេង​កម្សាន្ត​មុន​ពេល​ត្រឡប់​​ទៅ​ជួប​ជុំ​គ្រួសារ​នៅ​ស្រុក​កំណើត​។

លោក ប៉ានី វិរៈរិទ្ធ ជា​ប្រធាន​ផ្នែក​ផលិតកម្ម​វិធី​​ប្រចាំ​ក្រុម​ហ៊ុន​ Clip Media

ប្រធាន​ផ្នែក​ផលិត​​កម្មវិធី​ខាង​លើ​បន្ត​ថា​ ក្នុង​កម្មវិធី​ "ភ្ជុំ​មហា​គ្រួសារ​ខ្មែរ​" នេះ​ដែរ​មាន​លក្ខណៈ​ស្រដៀង​ទៅ​ នឹង​បុណ្យ​ Halloween ព្រោះ​ភ្ញៀវ​ តារា​ចម្រៀង Original Song និង​អ្នក​ដើរ​ម៉ូដ​តម្រូវ​ឲ្យ​តុប​តែង​មុខ​មាត់​ដូច​ប្រេត។

លោក​ថា៖​"តែ​ទោះ​បី​ជា​ភ្ញៀវ​ដែល​មិន​បាន​តុប​តែង​មុខ​មាត់​ដូច​ប្រេត​ បើ​សិន​ជា​ពួក​គាត់​ចង់​ចូល​រួម ពួក​​​គាត់​អាច​ចូល​រួម​បាន​ដូច​គ្នា​ ព្រោះ​កម្មវិធី​នេះ​យើង​អត់​លក់​សំបុត្រ​នោះ​ទេ​ ផ្ដល់​ជូន​ឲ្យ​បង​ប្អូន​ទស្សនា​បាន​ដោយ​សេរី​"។

ដោយ​ឡែក​លោក ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុម​ហ៊ុន​ Jet's Container បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ដែល​រៀប​ចំឡើង​នៅ​ថ្ងៃ​ទី​១៦ខាង​មុខ​នេះ​អត់​មាន​ខ្ទង់​ចំណាយ​ ឬ ចំណេញ​នោះ​ទេ​ ។ ហើយ​តារា​ចម្រៀង​ Original song ព្រម​ទាំង​តារា​សម្ដែង​ដែល​ចូល​រួម​ប្រមាណ​ចន្លោះ​ពី​ ៥០ ទៅ​ ១០០ នាក់​ស្ម័គ្រ​ចិត្ត​​ជួយ​ដោយ​មិន​យក​កម្រៃ​ឡើយ​។

លោក ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុម​ហ៊ុន​ Jet's Container

លោក​ឧក​ញ៉ា​ រូប​នេះ​ថ្លែង​ថា​៖​ "​ខ្ញុំ​សង្ឃឹម​ថា​កម្មវិធី​នេះ​ នឹង​មាន​ភ្ញៀវ​ចូល​ចូល​រួម​ចន្លោះ​ពី​ ៥០០០នាក់ ទៅ​ ១០០០០ នាក់​ ហើយ​កម្មវិធី​នេះ​ នឹង​ទាក់​ទាញ​ភ្ញៀវ​បរទេស​ឲ្យ​កាន់​តែ​ស្គាល់​ ជំនឿ​នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ ដែល​បន្សល់​ទុក​តាំង​ពី​ជំនាន់​ដូន​តា​មក​ម្ល៉េះ​" ។

គួរ​បញ្ជាក់​ថា កម្មវិធី​ "ភ្ជុំ​មហា​គ្រួសារ​ខ្មែរ​" នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ ២០១៧ ​ខាង​មុខ​នេះ​ត្រូវ​ នឹង​បិណ្ឌ​ទី​១១ នៅ​ផ្សារ​ Jet's Container ចាប់​ពី​វេលា​ម៉ោង​ ៧ យប់​ដល់​ម៉ោង ២ រំលង​អាធ្រាត្រ​​ឈាន​៕​​

រូប​តំណាង​តុប​តែង​ខ្លួន​ដូចប្រេត​

​​​​​​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី