វៀតណាម ស៊យតាំងពីស៊ីហ្គេមរហូត U18 ខ្លាំងពីដំបូង ចុងក្រោយហាលអាវដដែល
- 2017-09-14 02:56:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម ស៊យតាំងពីស៊ីហ្គេមរហូត U18 ខ្លាំងពីដំបូង ចុងក្រោយហាលអាវដដែល
ចន្លោះមិនឃើញ
ពានរង្វាន់ AFF U18 CHAMPIONSHIP 2017 វគ្គជម្រុះក្នុងពូលបានបញ្ចប់ហើយកាលពីម្សិលមិញ ដោយក្រុម U18 វៀតណាមដែលឈ្នះតាំងពីដើមមកនោះ បែរជាធ្លាក់បាត់ទៅហើយ ក្រោយពីចាញ់ប្រកួតចុងក្រោយប៉ះ មីយ៉ាន់ម៉ា ២-១។
U18 វៀតណាមនៅក្នុងពូល B ជាមួយមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ព្រុយណេ និងហ្វីលីពីន។ ដោយឆ្លងកាត់៣ប្រកួតដំបូង វៀតណាមឈ្នះទាំងអស់ ប៉ុន្តែស៊យអីប្រកួតចុងក្រោយដែលពួកគេរំពឹងថាបានឡើងហើយនោះ ទោះជាស្មើក៏ដោយ បែរជាភ្លាត់ចាញ់ ២-១ ប៉ះមីយ៉ាន់ម៉ាទៅវិញ ធ្វើឱ្យមានពិន្ទុ៩ពិន្ទុស្មើគ្នា។ លទ្ធផលស្មើគ្រាប់នេះដែរ តាមរូបមន្ដត្រូវគិតគ្រាប់បាល់នរណាបានចំណេញច្រើនជាងបានឡើង ដូច្នេះហើយ មីយ៉ាន់ម៉ា និងវៀតណាមមានគ្រាប់ចំណេញស្មើគ្នាទៀត ១៤គ្រាប់ ទើបត្រូវគិតទៅលើ Head-to-Head បន្ដទៀត។ ដោយសារតែវៀតណាម ប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ានៅប្រកួតចុងក្រោយនោះហើយ ទើបបណ្ដាលឱ្យពួកគេហាលអាវត្រលប់ទៅស្រុកវិញ។
ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចទេថា កាលពីព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅនោះ ក្រុម U22 វៀតណាមក៏ធ្វើបានល្អនៅពេលប្រកួតសន្សំពិន្ទុដំបូងដែរ ប៉ុន្តែចុងក្រោយបែរជាភ្លាត់ទៅចាញ់ប្រកួតចុងក្រោយ ពេលប៉ះថៃ ទៅវិញ។ លទ្ធផលចាញ់តែ១ប្រកួតនោះហើយ បានធ្វើឱ្យពួកគេត្រូវធ្លាក់ចេញទាំងមិនអស់ចិត្ត ហើយគ្រូបង្វឹកក៏លាឈប់ក្រោយពេលនោះផងដែរ។
ងាកទៅមើលការប្រកួត AFF U18 CHAMPIONSHIP 2017 វិញ ក្នុងពូល A ដែលមានកម្ពុជាផងនោះ គឺរកឃើញ២ក្រុមឡើងទៅវគ្គបន្ដហើយ មានម៉ាឡេស៊ី និងថៃ ខណៈដែលពូល B វិញ មានឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា។ ចំពោះការប្រកួតវគ្គបន្ទាប់ ក្រុមថៃប៉ះជាមួយឥណ្ឌូនេស៊ី ខណៈដែលម្ចាស់ផ្ទះមីយ៉ាន់ម៉ា ប៉ះជាមួយក្រុមម៉ាឡេស៊ី៕