៥ យ៉ាងដែលគ្រប់គ្នាកំពុងលង់ស្នេហ៍លើ iPhone X
- 2017-09-14 04:39:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ យ៉ាងដែលគ្រប់គ្នាកំពុងលង់ស្នេហ៍លើ iPhone X
ចន្លោះមិនឃើញ
iPhone X ត្រូវបានប្រកាសបង្ហាញជាសាធារណៈកាលពីយប់រំលងអាធ្រាត្រថ្ងៃទី ១២ ហើយតម្លៃវិញក៏មិនថោកដែរ។ ថ្ងៃនេះ Sabay បង្ហាញ ៥ ចំណុច ដែលមនុស្សជាច្រើនកំពុងលង់ស្នេហ៍លើទូរសព្ទម៉ូដែលនោះ។
១.លែងមានប៊ូតុង Home
កាល iPhone 7 ក្រុមហ៊ុន Apple បានដកចោលរន្ធដោតកាស ៣,៥ម.ម លុះមកដល់ iPhone X ក៏បន្តដកប៊ូតុង Home ចេញ ដើម្បីបំពេញផ្ទៃអេក្រង់ពេញរបស់ខ្លួន។ មើលទៅស្អាត ហើយការប្រើប្រាស់ដើម្បីចូលមកផ្ទៃ Homescreen ដោយគ្រាន់តែអូសផ្នែកអេក្រង់កណ្ដាលពីក្រោមមកលើជាការស្រេច (Swipe Up)។ នេះជាស្មាតហ្វូននាពេលអនាគត ប៉ុន្តែនៅរក្សាប៊ូតុងបិទបើកសំឡេង និងប៊ូតុង Power ដដែល។
២.FaceID ប្រើបានរហ័សនិងងាយស្រួល
Apple ដកប្រព័ន្ធស្កេនខ្ចៅដៃចេញពី iPhone X ជំនួសដោយបច្ចេកវិទ្យាស្កេនផ្ទៃមុខ FaceID។ តាមការលេចលឺឲ្យដឹងថា ដោយទោះបីជាអ្នកពាក់មួកនៅលើក្បាលក្ដី ឲ្យតែឃើញផ្ទៃមុខបន្តិចគឺវាអាចស្កេនបានយ៉ាងរហ័ស។ មតិភាគច្រើនជឿជាក់ថាបច្ចេកវិទ្យាថ្មីរបស់ Apple អាចធ្វើបានល្អជាងស្មាតហ្វូនដទៃ។
៣.បច្ចេកវិទ្យា True Depth Camera
អ្នកចូលចិត្ត Selfie ទិញ iPhone X មិនចោលលុយឡើយ ខណៈវាបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា True Depth Camera ដែលអាចស្កេនផ្ទៃមុខបានរហ័ស, អាចថតរូបព្រាល Portrait សម្រាប់កាមេរ៉ាមុខ និងអាចបង្កើតជាទម្រង់ Animoji ឲ្យក្លាយជា Emoji រស់រវើកតាមរយៈមុខមាត់និងសំឡេងរបស់អ្នកប្រើ។
៤.ថាមពលថ្មកាន់
Apple បានប្រាប់ឲ្យដឹងថា ថាមពលថ្មលើ iPhone X នឹងកាន់បានយូរជាង iPhone 7 ដល់ទៅ ២ ម៉ោងឯណោះ។
៥.មុខងារសាកថ្មឥតខ្សែ
ជាការពិត មុខងារនេះមានលើស្មាតហ្វូន Android យូរហើយ ប៉ុន្តែវាភ្ជាប់នូវបច្ចេកវិទ្យាពិសេស AirPower ដែលអាចបង្ហាញពីថាមពលសាកនៃឧបករណ៍ច្រើនក្នុងពេលតែមួយរួមមាន Apple Watch និង AirPods ជាដើម។ នេះមានន័យថាអ្នកមិនពិបាកក្នុងការកាន់ខ្សែទៅវិញទៅមកដើម្បីសាកទៀតឡើយ។