​iPhone X ធ្វើ​ឲ្យ​ Samsung បាន​ផល​ចំណេញ​មិន​ចេះ​តិច​

  • 2017-09-19 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដឹង​ហើយ​ថា​ iPhone X ដែល​ Apple ទើប​ប្រកាស​ចេញ​សប្ដាហ៍​មុន​មាន​បំពាក់​នូវ​អេក្រង់​ OLED ដោយ​ជា​ iPhone ដំបូង​បង្អស់​មាន​ប្រើ​អេក្រង់​ប្រភេទ​នេះ។ វត្តមាន​ iPhone X នេះ​ដែរ​រំពឹង​ថា​នឹង​ជួយ​កើប​លុយ​​ឲ្យ​ Apple បាន​មិន​តិច​ទេ រី​ឯ Samsung វិញ​ក៏​បាន​ផល​ចំណេញ​មិន​ចេះ​តិច​ដែរ។

និយាយ​ថា​ Samsung បាន​ផល​ចំណេញ​ក៏​ព្រោះ​តែ​បន្ទះ​អេក្រង់​ OLED លើ​ iPhone X ផ្គត់ផ្គង់​ដោយ​ Samsung Display ដែល​ជា​មែក​ធាង​មួយ​របស់​ Samsung។ Apple ពិត​ជា​មិន​មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​ Samsung នោះ​ទេ ព្រោះ​មាន​តែ​ Samsung ទើប​អាច​ផលិត​បាន​អេក្រង់​ OLED ​ដែល​មាន​គុណភាព​​តាម​ការ​ចង់​បាន​របស់​ Apple។

របាយការណ៍​ថ្មីៗ​នេះ​​ឲ្យ​ដឹង​ថា​ Samsung គិត​កម្រៃ​ចន្លោះ​ ១២០ ទៅ ១៣០ ដុល្លារ​សម្រាប់​អេក្រង់​ OLED មួយ។ ចំណែក​ Apple វិញ​គេ​រំពឹង​ថា​នឹង​អាច​លក់​ iPhone X ​បាន​ជា​ច្រើន​លាន​គ្រឿង​ មាន​ន័យ​ថា​​ជំនួញ​​ផលិត​ផ្ទាំង​អេក្រង់​របស់​ Samsung នឹង​​កើប​លុយ​បាន​យ៉ាង​ច្រើន។

Apple ប្រហែល​ជា​ត្រូវ​សហការ​ជា​មួយ​ Samsung ពីរ – បី​ឆ្នាំ​ទៀត ព្រោះ​ថា​គ្មាន​ដៃ​គូ​ផ្គត់ផ្គង់​ណា​ផ្សេង​អាច​​ធ្វើ​តាម​ការ​ចង់​បាន​របស់​ Apple បាន​ឡើយ។ ក្រុមហ៊ុន​ Japan Display ដែល​ផ្គត់ផ្គង់​​អេក្រង់​ LCD ជាង​ពាក់​កណ្ដាល​សម្រាប់​ iPhone ប្រហែល​​មិន​អាច​ផលិត​អេក្រង់​ OLED បាន​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​ឆ្នាំ​ ២០១៩៕​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម