បញ្ឈប់​ការ​ផឹក​ស្រា​ភ្លាម បើ​អ្នក​ចាប់​ផ្ដើម​មាន​សញ្ញា​នេះ​តាំង​ពី​ប៉ុន្មាន​កែវ​ដំបូង

  • 2017-09-25 03:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវជ្រាវ​​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​រក​ឃើញ​ថា អ្នក​ផឹក​ស្រា​ប៉ុន្មាន​កែវ​ដំបូង ស្រាប់​តែ​ប្រែ​មុខ​ទៅ​ជា​ក្រហម​ជាំ​ទាំង​ផ្ទាំង កំពុង​ប្រឈម​ជំងឺ​លើស​ឈាម ហើយ​គួរ​បញ្ឈប់​ការ​ផឹក​ភ្លាមៗ ដើម្បី​បញ្ចៀស​ហានិភ័យ។

អាការៈ​មុខ​ក្រហម​នៅ​ពេល​ផឹក​នេះ អាច​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឡើង​សំពាធ​ឈាម ហើយ​ក៏​អាច​ជា​មូលហេតុ​ចម្បង​នៃ​ជំងឺ​គាំង​បេះដូង ស្រ្តូក ឬ​ឈាន​ទៅ​ដល់​ការ​ស្ទះ​សរសៃឈាម​ទៀត​ផង។ បញ្ហា​នេះ បណ្ដាល​មក​ពី​អាស៊ីដ​ម្យ៉ាង​ដែល​បង្កើត​ឡើង​ដោយ​ជាតិ​អាល់កុល ពេល​​ថ្លើម​បាន​បម្លែង​ជាតិ​អាល់កុល​ទាំង​នោះ។

មនុស្ស​ធម្មតា​ដែល​ផឹក​មិន​ឡើង​ក្រហម គឺ​មក​ពី​រាងកាយ​ពួក​គេ​បាន​បំបែក​ជាតិ​អាស៊ីដ​នោះ​លឿន។ ចំណែក​អ្នក​ដែល​ផឹក​ភ្លាម ឡើង​ក្រហម គឺ​មក​ពី​រាងកាយ​ពួក​គេ​បម្លែង​ជាតិ​អាស៊ីដ​យឺត​ពេក ដែល​ធ្វើ​ឲ្យ​វា​រក្សា​នៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​ឡើង​ជា​ក្រហម និង​អាច​បង្ក​ហានិភ័យ​ផ្សេងៗ​ដូច​បាន​រៀប​រាប់​ខាង​លើ។

វេជ្ជបណ្ឌិត Jong Sung Kim នៃ​សាកលវិទ្យាល័យ Chungnam National University School of Medicine បាន​លើក​ឡើង​ថា មុខ​ក្រហម​បន្ទាប់​ពី​ផឹក ត្រូវ​សន្មត​ថា​ជា​សញ្ញា​នៃ​ជាតិ​អាល់កុល​ច្រើន​លើស​កម្រិត ឬ​មិន​អាច​ទទួល​យក​ជាតិ​អាល់កុល​បាន លុះ​ត្រា​តែ​អ្នក​ជំងឺ​នោះ​បាន​ទទួល​ទាន​ថ្នាំ​ពិសេស​ណា​មួយ។ វេជ្ជ​បណ្ឌិត​រូប​នេះ បាន​បន្ត​ទៀត​ថា មុខ​ក្រហម​ពេល​ផឹក កើត​ឡើង​លើ​មនុស្ស ដែល​មិន​អាច​បម្លែង​ជាតិ​អាស៊ីដ acetaldehyde ទាន់​ពេល។

ក្រុម​អ្នក​ស្រាវជ្រាវ ទទួល​បាន​លទ្ធផល​មក​ពី​កំណត់ត្រា​បុរស​កូរ៉េ ១៧៦៣​នាក់។ ក្នុង​ចំណោម​នោះ មាន ៥២៧​នាក់ បាន​ជួប​ប្រទះ​បញ្ហា​មុខ​ក្រហម​ពេល​ផឹក និង ៩៤៨​នាក់ គ្មាន​បញ្ហា​នេះ​ឡើយ ខណៈ ២៨៨​នាក់ មិន​មែន​ជា​អ្នក​ផឹក​ស្រា។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា អ្នក​ផឹក​ឡើង​មុខ​ក្រហម ជួប​ប្រទះ​បញ្ហា​ច្រើន ពេល​ពួក​គេ​ផឹក​លើស​ពី ៤​ដង ក្នុង​មួយ​សប្ដាហ៍។

អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​ច្បាស់​ថា ហេតុ​អ្វី​អ្នក​ផឹក​ឡើង​មុខ​ក្រហម អាច​ធ្វើ​ឲ្យ​ឡើង​សំពាធ​ឈាម​នោះ​ទេ។ យ៉ាង​នេះ​ក្ដី វេជ្ជបណ្ឌិត Jong Sung Kim បាន​ផ្ដល់​ជា​អនុសាសន៍​ថា អ្នក​ដែល​ផឹក​ឡើង​មុខ​ក្រហម​ខ្លាំង គួរ​សិក្សា​ថា​អាច​ផឹក​បាន​ប៉ុន្មាន និង​គ្រប់​គ្រង់​បរិមាណ​នៃ​ការ​ផឹក​តាម​ទម្លាប់​ឲ្យ​បាន​ល្អ៕

ចុចអាន​អត្ថបទ៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី