ឈិន ក្វាន់ង៉ុយ រំពឹងសាងកេរ្តិ៍ឈ្មោះឡើងវិញក្រោយជាពីរបួស
- 2017-09-27 04:19:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិន ក្វាន់ង៉ុយ រំពឹងសាងកេរ្តិ៍ឈ្មោះឡើងវិញក្រោយជាពីរបួស
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ ឈិន ក្វាន់ង៉ុយ រំពឹងសាងកេរ្តិ៍ឈ្មោះសារជាថ្មីវិញ ដើម្បីបានឱកាសប្រកួតលក្ខណៈអន្តរជាតិឡើងវិញ បន្ទាប់ពីជារបួសដែលអាក់ខានឡើងសង្វៀនជិត១ឆ្នាំកន្លងទៅនេះ។
កីឡាករ ឈិន ក្វាន់ង៉ុយ បានឲ្យដឹងថា បន្ទាប់ពីសម្រាកព្យាបាលរបួសឈាមកកក្នុងថ្លើមប្រហែល៨ខែកន្លងទៅនេះ គេទើបតែវិលចូលសង្វៀនសារជាថ្មី និងប្រកួតបាន៣ដងនោះទេ។ ការវិលចូលសង្វៀនជាថ្មីនេះ ក្វាន់ង៉ុយ ថាសមត្ថភាពប្រកួតនៅមិនទាន់ល្អដូចមុនឡើយព្រោះ ខានប្រើយូរដៃជើងស្ពឹកមិនរហ័ស ប៉ុន្តែអ្នកប្រដាល់រូបនេះនឹងខំប្រឹងឲ្យខ្លាំងដើម្បីសមត្ថភាពប្រកួតល្អគ្រប់គ្រាន់ បានឱកាសឡើងវ៉ៃគូអន្តរជាតិវិញ។
អ្នកប្រដាល់ដៃវែងខាងលើបន្តថា បច្ចុប្បន្ននេះខ្លួនខំប្រឹងហាត់ខ្លាំងគឺ១ថ្ងៃហាត់២ពេល គឺព្រឹក២ម៉ោង និងល្ងាចពីម៉ោង ហើយមុនពេលប្រកួត២សប្ដាហ៍មិនហ៊ានធ្វើការងារអ្វីផ្សេងទាំងអស់សូម្បីរត់ម៉ូតូឌុបការងាររកចំណូលបន្ថែមទៀតក៏ផ្អាកសិនដែរ គឺប្រឹងហ្វឹកហាត់តែមួយមុខគត់។
ឈិន ក្វាន់ង៉ុយ ជាកីឡាករមកពីក្លឹបប្រដាល់ម្កុដរាជសីហ៍ បន្ទាប់ពីសម្រាកព្យាបាលរបួសអស់រយៈពេល៨ខែកន្លងទៅនេះ អ្នកប្រដាល់រូបនេះទើបឡើងប្រកួតវិញបាន៣លើកនោះទេ គឺទី១ឈ្នះពិន្ទុ រឿម វណ្ណៈ ទី២ ចាញ់ពិន្ទុ រឿង សារ័ត្ន និងទី៣ វ៉ៃ ង៉ែត រដ្ឋា ឲ្យសន្លប់ទឹកទី១ នៅសង្វៀន CNC កាលពីថ្ងៃសៅរ៍ ទី២៣ កញ្ញា នេះ៕