រឿងពិតដ៏កម្សត់៤យ៉ាងរបស់ មាស ម៉ើ ដែលអ្នកគាំទ្រស្ទើរមិនដឹង
- 2017-09-28 23:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិតដ៏កម្សត់៤យ៉ាងរបស់ មាស ម៉ើ ដែលអ្នកគាំទ្រស្ទើរមិនដឹង
ចន្លោះមិនឃើញ
អ្នកប្រដាល់ក្នុងទ្រុងដ៏ល្បីល្បាញរបស់កម្ពុជា មាស ម៉ើ បានលាតត្រដាងពីជីវិតពិតមុនពេលរូបគេក្លាយជាអ្នកជាអ្នកប្រដាល់។ អាជីពប្រដាល់មិនមែនជាជម្រើសរបស់គេដែលខ្លួនចង់ធ្វើឡើយ ប៉ុន្តែ PM ឬប៉ូលិសទើបជាអាជីពដែលរូបគេចង់ធ្វើ។
មាស ម៉ើ បានរៀបរាប់ពីជីវិតតស៊ូគ្រប់គ្រងបែបយ៉ាងមុនក្លាយជាអ្នកប្រដាល់សព្វថ្ងៃ។ រឿងរ៉ាវជីវិតស្ទើរបរិយាយមិនអស់ដែលរូបគេបានលាតត្រដាងក្នុងកម្មវិធីផ្សាយផ្ទាល់«30 Daily Talk Show»។ យ៉ាងណាពេល sabay សូមសង្ខេបនៅចំណុច៤យ៉ាងដែលអ្នកគាំទ្រស្ទើរតែមិនបានដឹងទាល់តែសោះ។
អនុស្សាវរីយ៍ក្នុងជីវិតដែលធ្វើឲ្យកីឡាកររូបនេះមិនអាចភ្លេចបានគឺទី១ រូបគេស្ទើរពេញមួយកុមារភាពបានស្នាក់នៅក្នុងវត្តមួយឯស្រុកបារាយណ៍ខេត្តកំពង់ធំ។ រូបគេមិនបានចូលសាលារៀនទេ ប៉ុន្តែបានរៀនសូត្រធម៌រហូតបានសាងផ្នូសជាព្រះសង្ឃ។ រូបគេសាងផ្នួសបាន៦វស្សា (៦ឆ្នាំ)។
ទី២៖ កាលនៅជាកុមារភាពមុនពេលសាងផ្នួស មាស ម៉ើ ជារឿយៗរួមជាមួយឪពុកម្តាយទៅរើសគ្រាប់ស្វាយចន្ទី និងបេះស្វាយចន្ទីដើម្បីលក់ឲ្យម្ចាស់ចម្ការវិញដែលក្នុង១គីឡូក្រាមទទួលបានប្រហែលជា២រយរៀលខ្មែរប៉ុណ្ណោះ។ ការបេះស្វាយចន្ទី និងគ្រាប់ស្វាយចន្ទីនេះស្ទើរជារឿងសាមញ្ញហើយសម្រាប់រូបគេជាកូនអ្នកក្រខ្សត់។
ទី៣៖ ប្រហែលដើមឆ្នាំ២០១១ រូបគេបានចាកចេញពីគ្រួសារតាមរយៈមេខ្យល់ទៅធ្វើជាកម្មករនៅលើនាវាក្នុងប្រទេសថៃ។ ជាកម្មករនេសាទបានជាច្រើនខែ រូបគេមិនបានសុខស្រួលឡើយហើយវិលត្រឡប់មកស្រុកកំណើតវិញប្រហែលជាចុងឆ្នាំ២០១១។ ពេលមកវិញ រូបគេមិនសល់ប្រាក់ច្រើនឡើយ ហើយថែមទាំងត្រូវបានគេដកយកលិខិតឆ្លងដែនទៀតផង។
ទី៤៖ នៅពេលត្រឡប់មកពីថៃមកស្រុកកំណើតវិញ រូបគេមិនស្នាក់នៅស្រុកកំណើតទេ ប៉ុន្តែបានផ្សងព្រេងមករកការងារធ្វើនៅភ្នំពេញ។ នៅភ្នំពេញរូបគេធ្វើកម្មករសំណងផង និងស៊ីឈ្នួលការងារផ្សេងៗដើម្បីបានប្រាក់ចិញ្ចឹមជីវិត។ ថ្ងៃមួយរូបគេស្ថិតនៅម្តុំស្ពានជ្រោយចង្វារបានឃើញលោកគ្រូ អេ ភូថង រត់បង្ហាត់សិស្សក៏សម្រេចចិត្តសុំចូលហ្វឹកហាត់ទាំងពេលនោះមិនចូលចិត្តកីឡាប្រដាល់ផង។ ប្រាក់៣០ម៉ឺនរៀលសម្រាប់តម្លៃខ្លួននៃការឡើងប្រកួតក្នុងទ្រុងដំបូងប្រហែលជាឆ្នាំ២០១២នោះហើយជាឥទ្ធិពលដ៏សំខាន់បំផុតធ្វើឲ្យរូបគេស្រលាញ់ពេញចិត្តប្រដាល់ខ្លាំងបំផុតរហូតដល់សព្វថ្ងៃ៕
សូមទស្សនា បទសម្ភាសន៍ពិស្តារ