Lexus ក្រោមដំបូល Toyota ជាយីហោរថយន្តប្រណីតលក់ដាច់បំផុតនៅជប៉ុន
- 2017-09-29 02:04:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus ក្រោមដំបូល Toyota ជាយីហោរថយន្តប្រណីតលក់ដាច់បំផុតនៅជប៉ុន
ចន្លោះមិនឃើញ
Lexus ត្រូវបានគេស្គាល់ជាប្រភេទរថយន្តប្រណីត ស្ថិតនៅក្រោមដំបូលគ្រប់គ្រងរបស់ក្រុមហ៊ុនToyota។ យីហោ រថយន្ត Lexus មានកេរ្តិ៍ឈ្មោះល្បីសុះសាយនៅតាមបណ្ដាប្រទេសជាង ៧០ និងបានក្លាយជាផលិតផលរថយន្តប្រណីតដែលលក់ដាច់បំផុតក្នុងប្រទេសជប៉ុន។
មានការិយាល័យកណ្ដាលស្ថិតក្នុងទីក្រុង Nagoya ប្រទេសជប៉ុន និងមានមជ្ឈមណ្ឌលប្រតិបត្តិការធំៗចំនួន ២ នៅទីក្រុង Brussels ប្រទេសបែលហ្សិកនិងទីក្រុង Plano រដ្ឋ Texas សហរដ្ឋអាមេរិក។
ស្លាកយីហោរថយន្តនេះ ត្រូវបានបង្កើតឡើងដើម្បីប្រជែង Nissan និង Honda ដែលបានអភិវឌ្ឍរថយន្តប្រណីត Infiniti និង Acura។ នៅឆ្នាំ ១៩៨៣ នាយកប្រតិបត្តិរបស់ Toyota លោក Eiji Toyoda មានបំណងផលិតនូវរថយន្តល្អផ្ដាច់គេក្នុងលោក ដើម្បីប្រជែងម៉ាករថយន្តជាគូប្រកួតប្រជែង ដោយបានចេញគម្រោង Project F1 ដែលផលិតបានរថយន្ត Lexus LS 400 ហើយវាក៏បានបង្ហាញមុខមាត់ជាសាធារណៈនៅឆ្នាំ ១៩៨៩។
ស៊េរី LS 400 បានសម្រិតសម្រាំងយ៉ាងពិសេស ដោយរចនាជាប្រភេទរថយន្តប្រើសាំង បំពាក់នូវម៉ាស៊ីន V8 ចំណុះ ៤.០ លីត្រ និងរត់ដោយកង់ក្រោយពីរ (ប៉ុងមួយ)។ ដល់ឆ្នាំ ១៩៩៣ Lexus បានបន្តបង្ហាញរថយន្តធន់កណ្ដាល GS300 និងរំលង ៣ ឆ្នាំទើបមានរថយន្ត LX 450។ សម្រាប់ត្រកូល RX 300 ជំនាន់ដំបូងបង្អស់ ទើបតែលេចមុខនៅឆ្នាំ ១៩៩៨ ហើយបណ្ដុំនៃស៊េរីរថយន្តទំនើបទាំងនោះ បានធ្វើឲ្យ Lexus បំបែកកំណត់ត្រាលក់បាន ១ លានគ្រឿងក្នុងទីផ្សារអាមេរិក ជាប់ចំណាត់ថ្នាក់កំពូលភ្លាមៗតែម្ដង។
រថយន្ត Hybird ជំនាន់ទី ១ របស់ Lexus បង្កើតឡើងនៅឆ្នាំ ២០០៦ ជាម៉ូដែល GS 450h និងជំនាន់បន្ទាប់គឺរថយន្ត RX 450h។ បច្ចុប្បន្នក្រុមហ៊ុនប្រទេសជប៉ុនមួយនេះ ទំនងជាក្ដោបក្ដាប់ទីផ្សារបានល្អគួរសម ជាពិសេសជុំវិញទីផ្សាររថយន្តប្រណីតដែលមានតម្លៃកប់ពពក។
កាលពីខែមិនា ឆ្នាំ ២០១៦ កន្លងទៅ Lexus ធ្លាប់បានប្រកាសជាសាធារណៈថា ខ្លួននឹងផលិតនូវរថយន្តស៊េរីក្រោយប្រភេទទ្វារពីរ LC 500 ដែលផ្ដើមចូលចង្វាក់ផលិតកម្មនៅចុងឆ្នាំ ២០១៨ មានបំពាក់នូវម៉ាស៊ីន V8 កម្លាំង ៤៦៧ សេះ និង LC 500h ប្រភេទម៉ាស៊ីន Hybrid V6 គ្រោងមានលក់នៅចុងឆ្នាំ ២០១៧ ឬឈានចូលដល់ដើមឆ្នាំ ២០១៨។