បរិវេណវត្ត​មួយ​នៅ​តាកែវ​ក្លាយជា​ជម្រក​សត្វ​ស្លាប​រាប់​រយ​ក្បាល

  • 2017-09-29 05:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ​ត្ត​មួយ​​ក្នុង​ស្រុក​កោះ​អណ្តែត ខេត្ត​តាកែវ បាន​ក្លាយ​ជា​ជម្រកដ៏​កក់​ក្តៅ​មួយ​របស់​សត្វ​ស្លាប​រាប់​រយ​ក្បាល។ វ​ត្តនេះ​មាន​ឈ្មោះ​ថា​វត្ត​ព្រឹក្សា ស្ថិត​ក្នុង​ឃុំ​ព្រឹក្សា ស្រុក​កោះអណ្តែត​​ ខេត្ត​តាកែវ។ ពោពេញ​​ដោយ​ដើម​ឈើ​ធំៗលើ​ផ្ទៃ​ដី​ប្រហែលជា​ពីរ​ហិកតា និង​មាន​បឹង​ធំ​នៅ​ក្បែរ​នោះ​ផង ទីតាំងវត្ត​នេះ​បាន​ក្លាយជម្រក​របស់​សត្វស្លាប​នានាជា​ច្រើន។

សត្វ​ស្លាប​ដែល​មាន​ដូច​ជា​ក្រ​សា កុកស លលក និង​ចាប បាន​រស់​នៅ​លើ​ដើម​ឈើ​ក្នុង​វត្ត​នេះ ហើយ​វត្ត​មាន​សត្វ​ស្លាប​ប្រ​ភេទ​នេះ​មាន​នៅ​តជាហូរ​ហែរ​តាំង​ពី​សម័យ​សង្គម​រាស្រ្ត​និយម​មក​ម្លេះ។ ដោយ​មើល​ឃើញ​ពីចំនួន​ដ៏​ច្រើន​នៃ​សត្វ​ស្លាប​បាន​មក​រស់​នៅ​បែបនេះ អាជ្ញាធរ​មូលដ្ឋាន និង​ព្រះ​សង្ឃ​គង់​នៅ​វត្ត​នេះ បាន​សហការ​គ្នា​អភិរក្ស​តំបន់នោះ​ដោយ​ការ​ពារ​មិន​ឲ្យ​មានការ​បរបាញ់​សត្វ​ទាំង​នោះ​ឡើយ ជា​ប្រ​យោជន៍​ក្នុង​នៃ​រួបចំណែក​អភិរក្ស​សត្វ​ស្លាប។

(សត្វស្លាប​កំពុង​ទំលើ​ដើម​ឈើក្នុង​វត្ត​ព្រឹក្សា)

លោក អ៊ុន ថាន់ ជាសមាជិក​សហគមន៍​អភិរក្ស​ម្នាក់​ថ្លែង​ប្រាប់​ Sabay ថា​បើ​តាម​ការ​ប៉ាន់​ស្មាន​មាន​សត្វ​ស្លាប​ដែល​រស់​នៅ​​លើ​ដើម​ឈើ​ក្នុង​វត្ត​ប្រ​ហែលជា​៦០០​ក្បាល។ លោក​បន្ត​ថា​កន្លង​មក​ សហគមន៍​បាន​ចុះ​ណែនាំ​ពន្យល់​ដល់​ប្រជាពល​រដ្ឋ​ជុំវិញ​វត្ត​ទាំង​មូល​ព្រម​ទាំង​ក្រុម​អ្នក​រក​ស៊ី​បរបាញ់​សត្វ​ឲ្យ​​ឈប់​ធ្វើ​សកម្មភាព​ដែល​បង្ករ​ឲ្យ​ប៉ះ​ពាល់​ដល់​សត្វ​ស្លាប​ទាំង​នេះ​។

(ប្រភេទ​ដើម​ឈើ​ដែល​ជា​ជម្រក​សត្វ​ស្លាប)

ទោះ​យ៉ាងណា​លោកថា​នៅមាន​បុគ្គល​ខ្លះ​មិន​យល់ពីអត្ថប្រ​យោជន៍នៃការអភិរក្សនេះ​ក៏បាន​លបលួច​បាញ់​សត្វស្លាបទាំងនេះ​ដដែល តែ​ថា​ក្រុម​អភិរក្ស​បាន​តាម​ដាន និង​ទប់​ស្កាត់ជានិច្ច។

លោក​បន្ត​ថា​​មានអ្នកខ្លះបានបំពានមកបរបាញ់សត្វនៅពេលយប់ក្រោយមកខាងសហគមន៍​បានចុះទប់ស្កាត់និងដាក់ពិន័យជាហូរហែរ។ លោកបន្តថាៈ «សមាជិក​សហគមន៍​រួម​ទាំង​ព្រះសង្ឃ​ព្រះចៅ​អធិការ​វត្ត​បាន​ដាក់​វេន​គ្នា​យាម​ជា​ប្រចាំ​ដើម្បី​ការពារ​ធនធាន​ដ៍​កម្រ​នេះ...សហគមន៍​យើង​គ្មាន​អ្វី​ក្រៅ​ពី​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​បក្សី​ដ៏កម្រ​ដែល​ស្ទើរ​តែ​ផុត​ពូជ​ទៅ​ហើយ​នេះទេ​»។

អត្ថបទដោយ៖ ជិន វេន