រាង​ផ្លូវ​ការ​ Mate 10 Pro គ្រប់​គ្នា​លាន់​មាត់​ថា​ស្អាត​ប្លែក​

  • 2017-10-02 01:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ទាន់​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​មែន​ ប៉ុន្តែ​ដំណឹង​ពី​​លក្ខណៈ​សម្បត្តិ​ និង​រូបរាង​ Huawei Mate 10 និង Mate 10 Pro ត្រូវ​បាន​គេ​បញ្ចេញ​ជា​បន្ត​បន្ទាប់​ ដែល​សុទ្ធ​សឹង​ជា​ដំណឹង​អាច​ជឿ​ទុក​ចិត្ត​បាន។ ​ជាក់​ស្ដែង​កាល​ពី​សប្ដាហ៍​មុន​មាន​ការ​លេច​ចេញ​រូបរាង​ផ្លូវ​ការ​របស់​ត្រកូល​ Mate 10 ដែល​បាន​មក​ពី​វីដេអូ​ផ្សព្វផ្សាយ​ផ្លូវ​ការ។

ថ្ងៃ​នេះ​ Evan Blass ​គណនី​ Twitter ដែល​តែង​ចែក​ចាយ​ដំណឹង​ច្បាស់​ៗ​ពី​ស្មាតហ្វូន​ជំនាន់​ថ្មី​​បាន​បង្ហាញ​រូបភាព​មួយ​សន្លឹក​ ឲ្យ​ឃើញ​​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​​ពី​ Huawei Mate 10 Pro ទាំង​ខាង​​មុខ​ និង​ក្រោយ​។ ដូច​ដែល​ឃើញ​តាម​រយៈ​រូបភាព​ Mate 10 Pro មាន​ស៊ុម​អេក្រង់​រាង​ស្ដើង មាន​ផ្ទៃ​ខាង​មុខ​ពណ៌​ខ្មៅ​ និង​ផ្នែក​ខាង​ក្រោយ​មាន​ជម្រើស​ពណ៌​បី​រួម​មាន​ប្រផេះ​ ខៀវ​ និង​ត្នោត។

បង្គំ​កាមេរ៉ា​ភ្លោះ​នៅ​ពី​ក្រោយ​ហាក់​មាន​លក្ខណៈ​​ខុស​​ប្លែក​ពី​មុន​ ដោយ​ស្ថិត​នៅ​ដាច់​ពី​គ្នា អម​ជា​មួយ​នឹង​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​​ជួរ​ខាង​ក្រោម។ កាមេរ៉ា​ភ្លោះ​នេះ​ដែរ ជឿ​ថា​មាន​ Aperture ទំហំ​ដល់​ f/1.6 ដែល​ Huawei អះអាង​ថា​ជា​ Aperture ទំហំ​ធំ​ជាង​គេ​ក្នុង​លោក​ សម្រាប់​ឡេន​កាមេរ៉ា​លើ​ស្មាតហ្វូន។

ផ្អែក​តាម​វីដេអូ​ខ្លី​ដែល​ Huawei ទើប​តែ​ចេញ​ផ្សាយ​កាល​ពី​ម្សិលម្ង៉ៃ​​បាន​អះអាង​ថា​ត្រកូល​ Huawei Mate 10 ​មិន​មែន​ជា​ស្មាតហ្វូន​នោះ​ទេ ប៉ុន្តែ​ជា​ម៉ាស៊ីន​ដ៏​ឆ្លាត​វៃ។ ចង់​ដឹង​ថា​ឆ្លាត​វៃ​កម្រិត​ណា​មាន​តែ​រង់​ចាំ​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១៦ ខែ​តុលា​ ខាង​មុខ​ប៉ុណ្ណោះ៕​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង